ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ចេញពី​ពន្ធនាគារ​មិនរាងចាល! មុខសញ្ញា​​យ៉ាងសកម្ម​ ២នាក់ ត្រូវចាប់ខ្លួនជាថ្មី ជាមួយវត្ថុតាងលុយ​ក្លែ.ងក្លាយ និងទូរស័ព្ទដៃ

1 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ជនសង្ស័យ​ចំនួន​២​នាក់ជា​មុខសញ្ញា និង​ទើប​ចេញពី​ពន្ធនាគារ​មិន​រាងចាល​ តែងតែ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ និង​សម្ភារ​របស់​ប្រជាពលរដ្ឋ​យ៉ាង​សកម្ម ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ក្រោយ​ពី​នគរបាល​ទទួល​បាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​។

ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ជា​មុខសញ្ញា​លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​យ៉ាង​សកម្ម បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ក្នុងភូមិ​កណ្តក់ ឃុំ​ព្រៃ​ក្រសាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បាន​និយាយ​ឱ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ដែល​នគរបាល​ឃាត់ខ្លួន​បាន​រួមមាន ​ទី​១- ឈ្មោះ ឡេ​ង កែវ ហៅ​(​ប៉ោង​) ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​កណ្តក់ ឃុំ​ព្រៃ​ក្រសាំង ស្រុក​សាមគ្គី​មុនី​ជ័យ និង​ទី​២- ឈ្មោះ វ៉ា​ន់ វុ​ទ្ធី ហៅ​(​ហៅ​វ៉ិ​ច​) ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ថ្មី​ទម្លាប់ ឃុំ​ចាន់​សែន ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ គឺ​​ដោយ​អនុវត្ត​តាម​ការ​ដឹកនាំ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់ ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ និង​បញ្ជា​ដោយ​ផ្ទាល់​ពី​លោក​វរសេនីយ៍ទោ សាវ សុភ​ក្តី អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី ១៤ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ចំនុច​ភូមិសាស្ត្រ ឃុំ​ក្រាំងចេក និង​ឃុំ​ចាន់​សែន ស្រុក​សាមគ្គី​មុនី​ជ័យ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​ បាន​ធ្វើការ​ស្រាវជ្រាវ និ​ង​ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ចោរកម្ម​ចំនួន​២​នាក់ ដែល​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ ក្រាំងចេក ឃុំ​ព្រៃ​ក្រសាំង និង​ឃុំ​ចាន់​សែន ក្នុងស្រុក​សាមគ្គី​មុនី​ជ័យ បាន​រាយការណ៍​ថា ក្រុម​ជនសង្ស័យ​តែងតែ​ធ្វើ​សកម្មភាព លួច​ទ្រព្យសម្បត្តិ និង​សម្ភារមិន​រើ​​ស (​លួច​លក្ខណៈ​ជា​អាជីព​ទៅ​ហើយ​) និង​ជា​មុខសញ្ញា​ទើប​​ចេញពី​ពន្ធនាគារពាក់​ព័ន្ធ​នឹង​ករណី​ចោរកម្ម​ទាំង​២​នាក់​ផង​ដែរ​។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ជា​មុខសញ្ញា​ខាងលើ ដកហូត​បាន​វត្ថុ​តាង​រួម​មាន​លុយ​ក្លែងក្លាយ​ក្រដាសប្រាក់​៥​ម៉ឺន​រៀល ចំនួន​១១​សន្លឹក និង​ទូរស័ព្ទ​ដៃ ដែល​លួច​បាន​ចំនួន​១​គ្រឿង​។

តាម​ការ​បញ្ជាក់​របស់​ជនសង្ស័យ​ឈ្មោះ ឡេ​ង កែវ ហៅ​(​ប៉ោង​) ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​កណ្តក់ ឃុំ​ព្រៃ​ក្រសាំង ស្រុក​សាមគ្គី​មុនី​ជ័យ (​ឆ្លើ​យ​សារភាព​ថា រូបគេ​ធ្លាប់​ធ្វើ​សកម្មភាព​លួច​មាន់​របស់​ប្រជាពលរដ្ឋ​បានសម្រេច​​ចំនួន​៦​លើ​​ក​) ហើយ​ឈ្មោះ វ៉ា​ន់ វុ​ទ្ធី ហៅ​(​ហៅ​វ៉ិ​ច​) ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ថ្មី​ទម្លាប់ ឃុំ​ចាន់​សែន ស្រុក​សាមគ្គី​មុនី​ជ័យ បាន​​ឆ្លើ​​យ​សារភាព​ថា រូបគេ​ធ្លាប់​បាន​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​ដៃ ​លួច​សត្វ​មាន់ លួច​អង្ករ និង​លួច​សម្ភារ​:​ផ្សេង​ៗ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើ​​ន​ថែម​ទៀត​ផង ។​ ទើបតែ​ចេញពី​ពន្ធនាគារ​។ ជនសង្ស័យ​ជា​មុខសញ្ញា​ទាំង​២​នាក់​ខាងលើ ជា​មុខសញ្ញា​ដែល​ប្រើ​​ប្រាស់​គ្រឿងញៀន​ថែម​ទៀត​ផង​។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ ត្រូវបាន​​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕​