ខេត្តព្រៃវែង ៖ ដីបឹងបាយសី និងបឹងថ្លុកត្រីក្រាញ់ ជាដីសាធារណៈរបស់រដ្ឋមានទំហំ
ប្រមាណ៤០០ហិកតា ស្ថិតនៅក្នុងឃុំកំពង់ប្រាំង ស្រុកពារាំង ដែលប្រជាពលរដ្ឋចំនួន៣ឃុំនៅជុំវិញបឹងនោះ តែងតែអាស្រ័យផលជារៀងរាល់ឆ្នាំ គឺឃុំកំពង់ពពិល ឃុំកំពង់ប្រាំង ស្រុកពារាំង និងឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ។ បច្ចុប្បន្ន ដីបឹងទាំង២នេះ បានត្រូវក្រុមហ៊ុនមួយដាក់គ្រឿងចក្រចូលឈូសឆាយជីកប្រឡាលើកទំនប់ខ្វែងខាត់យកធ្វើជាកម្មសិទ្ធិរបស់ខ្លួនក្រោមលេសទិញពីប្រជាពលរដ្ឋ និងមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន ។
លើសពីនេះទៀត គេបានជីករំលោភយកទាំងដីស្រែចម្ការរបស់ប្រជាពលរដ្ឋដែលនៅជុំវិញបឹងថែមទៀត ទើបធ្វើឱ្យពលរដ្ឋម្ចាស់ដីកើតក្តីក្តៅក្រហាយ នាំគ្នាប្តឹងទៅអាជ្ញាធរស្រុកឲ្យជួយដោះស្រាយ ប៉ុន្តែជាច្រើនខែមកហើយមិនឃើញអាជ្ញាធរស្រុកដោះស្រាយសោះ ទើបពួកគាត់មានគម្រោងលើកគ្នាប្តឹងទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យជួយដោះស្រាយវិញ ដោយគ្រោងលើកគ្នាទៅភ្នំពេញនៅថ្ងៃទី១០ ខែសីហា ។
លោក មិន ឆាង តំណាងឲ្យប្រេជាពលរដ្ឋចំនួន៣០០គ្រួសារ បានឲ្យដឹងថា ក្រុមហ៊ុននេះមិនដឹងជារបស់លោកធំណាទេ ប៉ុន្តែមានមេការដ៏មានឥទ្ធិពលម្នាក់ឈ្មោះ ស៊ុម សុខមាន ហៅ ថេត ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកជ្រូក ឃុំកំពង់ប្រាំង ស្រុកពារាំង និងជាមន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃ បានដាក់គ្រឿងចក្រជីកព័ទ្ធយកដីបឹងបាយសីជិត៤០០ហិកតា នឹងដីបឹងថ្លុកត្រីក្រាញ់ជាង១០ហិកតា ស្ថិតនៅក្រោយភូមិកំពង់ប្រាំង ភូមិព្រែកតារ័ត្ន និងភូមិព្រែកជ្រូក ព្រមទាំងលើកទំនប់ព័ទ្ធបិទប្រឡាយមេទឹករបស់ប្រជាពលរដ្ឋ និងជីកផ្តាច់ផ្លូវដែលពលរដ្ឋធ្លាប់ឆ្លងកាត់ចូលទៅក្នុងបឹងទាំង២ជារៀងរាល់ថ្ងៃផងដែរ ។
ពលរដ្ឋទាំងនោះបញ្ជាក់ថា ដោយទ្រាំនឹងការរំលោភបំពាននេះលែងបាន ទើបពួកគាត់នាំគ្នាធ្វើលិខិតប្តឹងទៅសម្តេចក្រឡាហោម ដោយស្នើសុំឱ្យសម្តេចជួយអន្តរាគមន៍ចំនួន៣ចំណុច ៖
ទី១-ស្នើសូមបង្កើតគណៈកម្មការបើកការស្រាវជ្រាវចំពោះដីបឹងបាយសី នឹងដីបឹងថ្លុកត្រីក្រាញ់ជាបន្ទាន់
ទី២-ស្នើសូមឱ្យមន្ត្រីជំនាញដោះស្រាយរឿងដីពលរដ្ឋទាំងអស់ ដែលក្រុមហ៊ុនរំលោភយក និងប្រគល់ឱ្យពលរដ្ឋវិញ និងទី៣-ស្នើសូមឱ្យលើកផ្លូវដែលក្រុមហ៊ុនបានកាយផ្តាច់ឡើងវិញ ដើម្បីឱ្យពលរដ្ឋមានផ្លូវអាចធ្វើដំណើរចូលទៅធ្វើស្រែ និងនេសាទនៅក្នុងបឹងទាំង២ដូចដើមវិញ ។
ឆ្លើយតបនឹងការលើកឡើងខាងលើ លោក ហ៊ី ធួក អភិបាលស្រុកពារាំង ថ្លែងថា ដីទាំង
នោះមិនមែនជាដីបឹងទេ គឺជាដីពលរដ្ឋដែលពួកគាត់អាស្រ័យផល ហើយបើចង់ច្បាស់សួរទៅលោកមេឃុំកំពង់ពពិល និងមេឃុំកំពង់ប្រាំងទៅ ។រីឯលោក សាត ហ៊ាង មេឃុំកំពង់ប្រាំង និយាយថា ដីបឹងទាំងនោះគេលក់-ទិញមានលិខិតស្នាមត្រឹមត្រូវ ដោយមានមន្ត្រីខាងធនធានទឹក និងសុរិយោដី ចុះពិនិត្យត្រឹមត្រូវ ហើយពេលនេះគេបានបង់ពន្ធផ្ទេរកម្មសិទ្ធិស្របច្បាប់អស់ហើយ ។
ចំណែកលោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែង បានឱ្យដឹងថា ករណីនេះលោកនឹងស្នើសុំទៅប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីទៅពិនិត្យមើលបើមានការទិញ-លក់ដីបឹងបាសយី និងបឹងថ្លុកត្រីក្រាញ់មែននោះ ។ ដោយឡែក លោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ខេត្ត បានឱ្យដឹងតាមទូរស័ព្ទថា លោកមិនបានដឹងទេរឿងទិញលក់ដីបឹងបាយសី និងបឹងថ្លុកត្រីក្រាញ់នោះ ៕
ចែករំលែកព័តមាននេះ