ខេត្តកណ្តាល ៖ លោក នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តកណ្ដាលកាលពីម្សិលមិញ បានចុះពិនិត្យការងារបង្កបង្កើនផល របស់បងប្អូនប្រជាកសិករក្នុងឃុំដីឥដ្ឋ និងឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល ដោយមានការចូលរួមពីមន្ត្រីមន្ទីរកសិកម្មខេត្ត មន្ត្រីរដ្ឋបាលស្រុកកៀនស្វាយ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ អាចចាត់ទុកថា នេះជាលើកទី១ហើយដែលមន្ត្រីថ្នាក់ដឹកនាំខេត្តបានចុះពិនិត្យដោយផ្ទាល់នូវការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋតាមមូលដ្ឋានព្រោះថា កន្លងមកគេកម្រឃើញថ្នាក់ដឹកនាំខេត្ត ឬប្រធានមន្ទីរខេត្តចុះពិនិត្យ និងលើកទឹកចិត្តកសិករដោយផ្ទាល់ដូច្នេះណាស់ សូម្បីតែមេឃុំ មេស្រុកក៏គ្មានដែរសម្រាប់ខេត្តកណ្តាល។
លោក នូវ ប៉េងច័ន្ទតារា នាឱកាសនោះលោកបានជំរុញ និងលើកទឹកចិត្តដល់កសិដ្ឋានចិញ្ចឹមត្រីកសិករដាំបន្លែ និងកសិករដាំដំណាំស្រូវត្រូវបន្តខិតខំប្រឹងប្រែង ពង្រីក និងអភិវឌ្ឍន៍ការងារខ្លួនបន្ថែមទៀតដើម្បីបង្កើនសេដ្ឋកិច្ច ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកកាត់បន្ថយ ការនាំចូលពីប្រទេសជិតខាង ដែលកិច្ចការនេះមន្ត្រីកសិកម្មគ្រប់ថ្នាក់មានតួនាទីសំខាន់ណាស់ ត្រូវតែចុះជាប់ជាមួយប្រជាកសិករ ត្រូវផ្ដល់បច្ចេកទេស និងដំណោះស្រាយនានានៅពេល ដែលពួកគាត់ជួបបញ្ហា។ លោកអភិបាលរងខេត្ត បានជម្រាបជូនបងប្អូនប្រជាកសិករក្នុងឃុំដីឥដ្ឋ និងឃុំបន្ទាយដែកថា ការចុះមកនេះគឺដើម្បីពិនិត្យ និងឈ្វេងយល់ពីការធ្វើស្រែចម្ការរបស់បងប្អូន យកទៅធ្វើជាមូលដ្ឋានគិតគូរថា តើអាជ្ញាធរខេត្ត ក៏ដូចជារាជរដ្ឋាភិបាលត្រូវជួយអ្វីខ្លះ បន្ថែមទៀត ដល់បងប្អូន ដើម្បីទទួលបានជោគជ័យក្នុងការប្រកបមុខរបរស្រែចម្ការនេះ។
លោក ប៉េង ច័ន្ទតារា កន្លងមករាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនប្រជាកសិករ និងបានខិតខំ ទាក់ទងជាមួយដៃគូអភិវឌ្ឍន៍នានា ជួយផ្តល់នូវធនធានបច្ចេកទេស និងថវិកាដល់ប្រជាកសិករយើង។ លោកក៏បានផ្តាំផ្ញើដល់ប្រជាកសិករត្រូវខិតខំតាមដានព័ត៌មាននានាដែលទាក់ទងនឹងវិស័យកសិកម្ម ព្រោះជាជំនួយបន្ថែមទៀតដែលធ្វើឱ្យការប្រកបរបរស្រែចម្ការរបស់បងប្អូនទទួលបានជោគជ័យ។ ដោយឡែកអាជ្ញាធរខេត្តនឹងខិតខំផ្សព្វផ្សាយ និងជួយរកទីផ្សារបន្ថែមទៀត សម្រាប់ផលិតផល កសិកម្ម របស់បងប្អូន។ សូមជម្រាបថា បន្ទាប់ពីបានអញ្ជើញចុះពិនិត្យចម្ការបន្លែ និងទីតាំងចិញ្ចឹមត្រី រួចមកលោកអភិបាលរងខេត្តក៏បានបង្ហាញនូវការសាទរចំពោះជោគជ័យដែលបងប្អូនប្រជាកសិករ ទទួលបាននាពេលនេះ។
លោកអភិបាលរងខេត្តបានបញ្ជាក់បន្ថែមថា កត្តាទាំងអស់នេះហើយ គឺធ្វើឱ្យផលិតកម្មបន្លែមាននិរន្តរភាព ធានាសុវត្ថិភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រាក់ចំណូលគ្រួសារ។ ដោយឡែក អាជីវកម្មធាតុចូលកសិកម្ម (ជី ថ្នាំ សម្ភារប្រើប្រាស់) ក៏បានរួមចំណែកក្នុងការ លើកកម្ពស់ផលិតភាពផលិតកម្មបន្លែ ងាយស្រួល ចំណេញពេល និងពលកម្ម។ល។ អភិបាលរងខេត្តក៏បានជំរុញឱ្យប្រជាពលរដ្ឋខិតខំដាំដំណាំរួមផ្សំដែលគ្មានជាតិគីមីនេះពីព្រោះវា និងជួយបង្កើនចំណូលរបស់បងប្អូន ហើយក៏ចូលរួមក្នុងការកាត់បន្ថយការនាំចូលពីប្រទេសជិតខាង ផងដែរ៕ ដោយ ៖ សុខ សារ៉ាយ
ចែករំលែកព័តមាននេះ