ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ចិញ្ចឹម​ទាយក​ពង​ទទួល​ជោគ​ជ័យ ប៉ុន្តែ​តម្លៃ​ទីផ្សារ​ធ្លាក់​ចុះ​ទៅ​វិញ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កសិករ​ចិញ្ចឹម​ទា​មួយ​គ្រួសារ​រស់នៅ​ភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ បាន​ចាប់​ផ្ដើម​មុខរបរ​របស់​ខ្លួន​ពី​តូចតាច​ត្រឹមតែ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​បាន​ចិញ្ចឹម​ទារ​ហូត​ទៅ​ដល់​ជាង​២​ពាន់​ក្បាល ហើយ​ទម្រាំ​ឈាន​ទៅ​ដល់​ថ្ងៃនេះ គឺ​ត្រូវ​ឆ្លងកាត់​អស់​រយៈពេល​ជាង​៥​ឆ្នាំ​ឯណោះ​។ យ៉ាងនេះ​ក្តី…

ខេត្តកំពង់ឆ្នាំង ៖ កសិករ​ចិញ្ចឹម​ទា​មួយ​គ្រួសារ​រស់នៅ​ភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ បាន​ចាប់​ផ្ដើម​មុខរបរ​របស់​ខ្លួន​ពី​តូចតាច​ត្រឹមតែ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​បាន​ចិញ្ចឹម​ទារ​ហូត​ទៅ​ដល់​ជាង​២​ពាន់​ក្បាល ហើយ​ទម្រាំ​ឈាន​ទៅ​ដល់​ថ្ងៃនេះ គឺ​ត្រូវ​ឆ្លងកាត់​អស់​រយៈពេល​ជាង​៥​ឆ្នាំ​ឯណោះ​។

យ៉ាងនេះ​ក្តី គ្រួសារ​កសិករ​ខាងលើ​នេះ បាន​សំណូមពរ​ដល់​ក្រសួង​ពាក់ព័ន្ធ រាជរដ្ឋាភិបាល សូម​មេត្តា​ទប់ស្កាត់​ការ​នាំ​ចូល​ពង​ទា​ពី​ប្រទេស​ជិតខាង និង​សំណូមពរ​ប្រជាពលរដ្ឋ សូម​ពិសា​ពង​ទា​ដែល​ផលិត​ក្នុងស្រុក ដើម្បី​សុខភាព​។

លោក ស៊ិ​ន ចិន្តា អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ង​ថា​៖ លោក​ចេះ​ចិញ្ចឹម​ទា​នេះ ដោយសារ​បាន​ទៅ​រៀន​ពី​គេ​រយៈពេល​ជិត​មួយ​ឆ្នាំ ។ បន្ទាប់​មក​គាត់​ចាប់ផ្ដើម​សាកល្បង​ជា​លើក​ដំបូង​ត្រឹមតែ​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​នេះ គាត់​បាន​ចិញ្ចឹម​ទាយក​ពង​ចំនូ​ន​ជាង​២​ពាន់​ទា ដែល​សុទ្ធ​សឹង​ជា​ទា​មេ​ទាំងអស់ ។

គាត់​បាន​បញ្ជាក់​ថា ទំហំ​នៃ​ការ​ចិញ្ចឹម​ប៉ុណ្ណេះ មិន​ច្រើន​ណាស់​ទេ មាន​ខ្លះ​ចិញ្ចឹម​រាប់​ម៉ឺន​ក្បាល​ក៏​មាន ។ សម្រាប់​ទា​គាត់​ចិញ្ចឹម​ចំនួន​ជាង​២​ពាន់​មេ គាត់​ទទួល​បាន​ពង​ទា​ចាប់ពី ១៥០០ ទៅ ១៨០០​គ្រាប់​ក្នុង​១​ថ្ងៃ ។ បើ​តាម​តម្លៃ​ជា​ទូទៅ​ពង​ទា​១​គ្រាប់​លក់​បាន​ពី​៤៥០​រៀល ទៅ​៥២០​រៀល ប៉ុន្តែ​បច្ចុប្បន្ន​ជួប​ការ​លំបាក​មានការ​ធ្លាក់​ថ្លៃ ដោយសារ​តែ​មានការ​នាំ​ចូល​ពង​ទា​ពី​ប្រទេស​ជិតខាង​ធ្វើ​អោយ​ពង​ទា​នៅ​ក្នុងស្រុក​មានការ​ធ្លាក់​ចុះ​។ ពេល​ខ្លះ​ចុះ​ខ្លាំង​ពេក​ដោយ​ពង​ទា​១​គ្រាប់​លក់​បាន​ត្រឹម​៣៣០​ទៅ​៣៥០​រៀល​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​សព្វ​ថ្ងៃនេះ​ប្រហែលជា​ដោយ​តែ​ជំងឺ​កូ​វី​ដ​១៩ ធ្វើ​ឱ្យ​មានការ​បិត​ច្រក​ព្រំដែន​បាន​ខ្លះ ទើប​ពង​ទា​បាន​ឡើង​ដល់​៤១០​រៀល ក្នុង​១​គ្រាប់​វិញ ។ តែបើ​គិត​ទាំង​ថ្លៃ​ឱ្យ​ចំណី និង​ការ​ថែទាំ គឺ​មិនសូវ​ជា​ចំណេញ​ប៉ុន្មាន​ទេ ។ ហេតុនេះ​ហើយ គាត់​សំណូមពរ​ដល់​ក្រសួង​ពាក់ព័ន្ធ ក៏​ដូច​ជា​រាជរដ្ឋាភិបាល សូម​មេត្តា​ទប់ស្កាត់​ការ​នាំ​ចូល​ពង​ទា ពី​ប្រទេស​ជិតខាង ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​កសិករ​ចិញ្ចឹម​ទា​ក្នុងស្រុក​លក់​បាន​តម្លៃ​ថ្លៃ​ផង និង​សូម​សំណូមពរ​ដល់​ប្រជា​ពលរដ្ឋ សូម​ជួយ​គាំ​ទ្រពង​ទា​ក្នុងស្រុក​ថ្វី​ត្បិត​តែ​វា​មិនធំ​មែន ប៉ុន្តែ​វា​ជា​លក្ខណៈ​ធម្មជាតិ មិន​ដូច​ពង​ទា​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ដែល​មាន​ទំហំ​ធំ​ៗ ហើយ​លក់​តម្លៃ​ថោក គឺ​សុទ្ធសឹងតែ​ប៉ះពាល់​សុខភាព​ខ្លាំង​ណាស់ ព្រោះថា ពង​ទា​ទាំងនោះ​ប្រើប្រាស់​ដោយសារ​ធាតុគីមី​សម្រាប់​ចាក់​ថ្នាំ​បំប៉ន​ទា និង​ចាក់​ពង្រីក​គូថ​ទា​ឱ្យ​បាន​ពង​ធំ​ជាដើម ។

សូម​បញ្ជាក់​ថា នៅ​ខេត្តកំពង់ឆ្នាំង មាន​កន្លែង​ចិញ្ចឹម​ទា​ជា​ច្រើន​កន្លែង ហើយ​អ្នក​ចិញ្ចឹម​ទា យក​ពង​ទាំងនោះ សុទ្ធតែ​បាន​ត្អូញត្អែរ​ដូច​ៗ​គ្នា​ថា​៖ ការ​នាំ​ចូល​ពង​ទា ពងមាន់​ពី​ប្រទេស​ជិតខាង​ធ្វើ​ឱ្យ​តម្លៃ​ពង​ទា​ធ្លាក់​ចុះ ប៉ះពាល់​ដល់​កសិករ​ចិញ្ចឹម​ក្នុងស្រុក ។

ជាក់ស្តែង​កាលពី​កន្លង​ទៅ គេ​ឃើញ​មាន​រថយន្ត​ធន់​ធំ​ដឹក​ពង​ទា​មក​សំចត​ក្នុង​ក្រុង​កំពង់ឆ្នាំង បន្ទាប់​មក​មាន​ម៉ូតូ​ជា​ច្រើន​គ្រឿង​បាន​ជញ្ជូន​ពង​ទា ទាំងនោះ​ដើរ​លក់​តាម​បណ្តាជន​បទ ដែល​មាន​តម្លៃ​ត្រឹម​៣០០​រៀល​ប៉ុណ្ណោះ​ក្នុង​ពង​ទា​១​គ្រាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ