ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពត​-​កែប​ ជាប់​លេខ១​ និង​លេខ​២ មាន​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​ច្រើន​ជាងគេ​នៅ​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខេត្តកំពត និង​ខេត្ត​កែប ​ដែល​ជា​ខេត្ត​ជាប់មាត់​សមុទ្រ​នៅ​កម្ពុជា បាន​ក្លាយជា​ខេត្ត​ដែល​មានការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ ដែល​ជា​តំបន់​ដែល​ទទួល​បាន​ភ្ញៀវ​ច្រើន​ជាងគេ ក្នុង​ចំណោម​ខេត្ត​រាជធានី​ទាំងអស់​នៅ​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ ខេត្តកំពត និង​ខេត្ត​កែប ​ដែល​ជា​ខេត្ត​ជាប់មាត់​សមុទ្រ​នៅ​កម្ពុជា បាន​ក្លាយជា​ខេត្ត​ដែល​មានការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ ដែល​ជា​តំបន់​ដែល​ទទួល​បាន​ភ្ញៀវ​ច្រើន​ជាងគេ ក្នុង​ចំណោម​ខេត្ត​រាជធានី​ទាំងអស់​នៅ​កម្ពុជា ។ ជាក់ស្ដែង បើ​តាម​តួលេខ​ស្ថិតិ​របស់​ក្រសួងទេសចរណ៍បង្ហាញ​ថា ​ខេត្តកំពត ​គឺជា​ខេត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១ ​ដែល​ទទួល​បាន​ភ្ញៀវ​ច្រើន​ជាងគេ ​ក្នុង​ខែកក្កដា ២០២០​នេះ ​បន្ទាប់​មក​ គឺ​ខេត្ត​កែប ។

យោង​តាម​ស្ថិតិ​នោះបាន​បង្ហាញ​ថា​ ខេត្តកំពត​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​ចំនួន​ជាង​១៤​ម៉ឺន​៦​ពាន់​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ​១៤​ម៉ឺន​៣​ពាន់​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ក៏​មាន​ប្រមាណ​ជិត​៣​ពាន់​នាក់​ទៀត​ផង​ដែរ ។ ដោយឡែក​ខេត្ត​កែប ក្នុង​ខែកក្កដា ២០២០​នេះ​ ក៏​ទទួល​បាន​ភ្ញៀវ​ប្រមាណ​១១​ម៉ឺន​៧​ពាន់​នាក់​ផង​ដែរ ដោយ​មាន​ភ្ញៀវ​ជាតិប្រមាណ​១១​ម៉ឺន​៦​ពាន់​នាក់ ។

តួលេខ​នេះ ក៏​បាន​បង្ហាញ​ពី​ស្ថិតិ​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ទៅ​ទស្សនា​នៅ​ខេត្តសៀមរាប​ដែល​ធ្លាប់តែ​ទទួល​បាន​ច្រើន​ជាងគេ ​កាលពី​ពេល​កន្លង​មក​ដែរ ដោយ​ក្នុង​ខែកក្កដា ២០២០​នេះ​ ភ្ញៀវ​ទៅ​ទស្សនា​នៅ​ខេត្តសៀមរាប​ មាន​តែ​ជាង​៥​ពាន់​នាក់​ប៉ុណ្ណោះ ដោយ​មាន​ភ្ញៀវ​អន្តរជាតិ​ជិត​២​ពាន់​នាក់ និង​ភ្ញៀវ​ជាតិ​ជាង​៣​ពាន់​នាក់ ។

បើ​តាម​លោក​សោម ចិន្តា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប បាន​មាន​ប្រសាសន៍​ថា កំណើន​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​នៅ​ខេត្ត​កែប ទើបតែ​កើនឡើង​នៅ​រយៈពេល​ពី​បី​ខែ​ចុង​ក្រោយ​ប៉ុណ្ណោះ ពោល ​គឺ​ចាប់តាំងពី​ខែឧសភា និង​បន្ទាប់​ពី​ក្រសួង​បាន​ចេញ​សេចក្ដី​អំពាវនាវ​អោយ​ទេសចរណ៍​ក្នុងស្រុក​ចេញ​ធ្វើ​ដំណើរ​តាម​តំបន់​រមណីយដ្ឋាន​នានា​ឡើង​វិញ ។ លោក​ថា​៖« បើ​បូក​សរុប​ក្នុង​រយៈពេល​១​ឆមាស ​ឆ្នាំ ២០២០ ភ្ញៀវ​មក​លេង​ខេត្ត​កែប​បាន​ធ្លាក់​ចុះ​ទៅ​វិញ​ទេ គឺ​ធ្លាក់​ចុះ​ប្រមា​ន​២០​ភាគរយ ដោយសារ​តែ​ដើមឆ្នាំ​២០២០ រយៈពេល​ពីរ​បី​ខែ មិន​មាន​ភ្ញៀវ​មក​លេង​នោះ​ទេ តែ​ក្រោយមក​ក៏​មាន​មក​បណ្ដើរ​ឡើង​វិញ » ។

លោក​បន្ត​ថា សម្រាប់​ថ្ងៃ​ឈប់​សម្រាក​នៅ​ខាង​មុខ​ រយៈពេល​ជិត​១០​ថ្ងៃ ខេត្ត​កែប​នឹង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ត្រៀម​ឆ្នេរ​មាត់សមុទ្រ​ដើម្បី​ត្រៀម​ទទួលភ្ញៀវ ក្រៅពី​នោះ​ក៏​មាន​ទេសចរណ៍​តំបន់​ចំការ​នៅ​ភ្នំ​វ​ល្លិ៍​ដែល​ទើប​បង្កើត​ថ្មី សម្រាប់​ទទួលភ្ញៀវ​មក​កម្សាន្ត​ផង​ដែរ ។ លោក​រំពឹង​ថា ​ភ្ញៀវ​មក​លេង​ខេត្ត​កែប ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ឈប់​សម្រាក​មាន​ចំនួន​៥០​ម៉ឺន​នាក់ ព្រោះ​បច្ចុប្បន្ន​នេះ ថ្ងៃ​ធម្មតា​ជា​ពិសេស​ថ្ងៃ​សៅរ៍​អាទិត្យ​អាច​ទទួល​បាន​ជាង​១​ម៉ឺន​នាក់​ផង​ដែរ ។

លោក​បន្ថែម​ថា សម្រាប់​សេវាកម្ម​ទេសចរណ៍​ក្នុង​ខេត្ត​កែប​វិញ គឺ​មាន​ទំនាក់ទំនង​និង​ពឹងពាក់​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយនឹង​ខេត្តកំពត ឧទាហរណ៍​ថា ភ្ញៀវ​មក​លេង​នៅ​ខេត្ត​កែប​ហើយ​មិន​មាន​កន្លែង​ស្នាក់​នៅ ពួក​គាត់​អាច​ទៅ​សម្រាក​នៅ​ខេត្តកំពត ហើយ​សម្រាប់​ភ្ញៀវ​ទៅ​លេង​ខេត្តកំពត​ក៏​អាច​មក​សម្រាក​នៅ​ខេត្ត​កែប​បាន​ដែរ​ក្នុង​ករណី​កែប​នៅ​សល់​កន្លែង​ស្នាក់ ។

សម្រាប់​ស្ថានភាព​ទេសចរណ៍​នៅ​ខេត្តកំពត​វិញ នៅ​រយៈពេល​ប៉ុន្មាន​ខែ​នេះ​ឃើញ​ថា​ក្រុមហ៊ុន​ទេសចរណ៍​ក្នុងស្រុក បាន​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក្នុង​ការ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​នានា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​ខេត្ត​ដទៃ មក​សម្រាកលំហែ ហើយ​ក៏​មាន​ភ្ញៀវ​មក​សម្រាក​កម្សាន្ត​ជា​ហូរហែរ​ផង​ដែរ ជា​ពិសេស​នៅ​រៀងរាល់ថ្ងៃ​ឈប់​សម្រាក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ