ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បញ្ជា​ឲ្យ​ក្រុម​តាមដាន​ស្រាវជ្រាវ​រក​មេខ្យល់​ជួញដូរ​មនុស្ស និង​ល្បិច​កល​ថ្មី​ៗ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធាន​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) បាន​ដាក់​បញ្ជា​ឲ្យ​ក្រុមការងារ​អនុវត្ត​ច្បាប់​ត្រូវ​បន្ត​តាមដាន​ស្រាវជ្រាវ…

រាជធាន​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) បាន​ដាក់​បញ្ជា​ឲ្យ​ក្រុមការងារ​អនុវត្ត​ច្បាប់​ត្រូវ​បន្ត​តាមដាន​ស្រាវជ្រាវ ស្វែងរក​មេខ្យល់​ជួញដូរ​មនុស្ស និង​ល្បិច​កល​ថ្មី​ៗ ដើម្បី​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា​ចៀសវាង​ឲ្យ​ករណី​ជួញដូរ​មនុស្ស​កើតឡើង​បន្ត​ទៀត ។

លើក​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២០ នា​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​សម្ដេច​ក្រឡាហោម ស ខេ​ង បាន​ផ្ដល់​អនុសាសន៍​ក៏​ដូច​ជា ដាក់​បញ្ជា​មួយ​ចំនួន​ដូច​ជា ៖ បាន​ឲ្យ​ដឹង​ថា​ទី​១-​ជំរុញ​ការ​ចងក្រង និង​ចែករំលែក​ទិន្នន័យ​ជា​ប្រព័ន្ធ​ឲ្យ​មាន​លក្ខណៈ​រលូន និង ជា​ទិន្នន័យ​រួម​ថ្នាក់​ជាតិ ដែល​ឆ្លើយ​តប​ទៅ​នឹង​ការ​ដោះស្រាយ​បញ្ហា ជា​ពិសេស​សម្រាប់​ចែករំលែក​ជាមួយ​អន្តរជាតិ ។

ទី​២-​កិច្ចការ​យុត្តិធម៌​ត្រូវ​បាន​កែ​លម្អ តែ​សូម​សំណូមពរ ក្រុមការងារ​មេត្តា​ពង្រឹង​ក្រុមការងារ​ឲ្យ​មាន​ទំនាក់ទំនង​សហការ​ល្អជា​មួយ​អង្គភាព​ពាក់ព័ន្ធ និង​ធ្វើ​យ៉ាងណា​ឲ្យ​ការ​ប្រមូល​ទិន្នន័យ​អំពី​ការ​ផ្តន្ទាទោស​អំពើ​ជួញដូរ​មនុស្ស និង​បញ្ជូន​មក​អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប​.​ជ បាន​បាន​ទាន់​ពេលវេលា បញ្ចប់​ការ​វាយតម្លៃ ដោយ​ដាក់បន្ទុក​លើ​ចំណុច​ខ្វះខាត​នៃ​ប្រព័ន្ធ​យុត្តិធម៌ ។

ទី​៣-​សូម​ក្រុមការងារ​អនុវត្ត​ច្បាប់ បន្ត​តាមដាន​ស្រាវជ្រាវ ស្វែងរក​មេខ្យល់​ជួញដូរ​មនុស្ស និង​ល្បិច​កល​ថ្មី​ៗ ដើម្បី​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា ។ លើស​ពី​នេះ​ទៅ​ទៀត គ្រប់​អង្គភាព​សមត្ថកិច្ច គប្បី​ពង្រឹង​វិន័យ និង​សេចក្តី​ថ្លៃថ្នូរ​របស់​កងកម្លាំង​បញ្ជៀ​ស​ឲ្យ​បានការ​ប្រព្រឹត្ត​ខុសឆ្គង​នឹង​វិន័យ ក្រមសីលធម៌​វិជ្ជាជីវៈ បទបញ្ជា ដែល​នាំ​ឲ្យ​ប្រឈម​នឹង​ការ​ដាក់​ទោសទណ្ឌ​ជាយថាហេតុ ។

ទី​៤-​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ ក្រុមការងារ​អន្តរក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ គប្បី​បន្ត​ការ​ប្រឹងប្រែង​អនុវត្ត​សកម្មភាព ដែល​បាន​រៀបចំ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ចំពោះ​មុខ​រយៈពេល​ខ្លី មធ្យម វែង ឲ្យ​អស់​លទ្ធភាព ដោយ​រិះរក​មធ្យោបាយ ជម្នះ​ឧបសគ្គ ពង្រឹង​កិច្ចសហការ ដើម្បី​ចំណាយធនធាន​តិច​បាន​ផល​ច្រើន និង​សម្រេច​គោលដៅ​ជា​អាទិភាព ។

និង​ទី​៥-​គ្រប់​ក្រសួង ស្ថាប័ន អង្គភាព ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ គប្បី​បន្ត​ចូលរួម​សហការ និង​គាំទ្រ អនុវត្ត​គោលនយោបាយ និង​វិធានការ​ទាំងឡាយ របស់​រាជរដ្ឋាភិបាល ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ជម្នះ​រាល់​ឧបសគ្គ និង​ភាព​ប្រឈម​ទាំងឡាយ រក្សា សន្តិភាព ស្ថេ​រ​ភាព​នយោបាយ សេដ្ឋកិច្ច និង​សង្គម ទប់ទល់​នឹង​សភាពការណ៍​ដែល​វិវត្តន៍​ឥត​ឈប់​ឈរ និង​ប្រធាន​សក្តិ​ទាំងឡាយ​ដែល​ប៉ះពាល់​ដល់​ប្រជាជន និង​ប្រទេស​ជាតិ ។

លោក​ជំទាវ ជូ ប៊ុ​ន​អេ​ង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​អចិន្ត្រៃយ៍ គ​.​ជ​.​ប​.​ជ បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០២០ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​តាម​ក្រសួង​ស្ថាប័ន​រាជធានី​-​ខេត្ត បាន​បន្តសកម្មភាព​ការងារ​តាម​ទិស​ដៅ​ដែល​បាន​គ្រោងទុក បើ​ទោះបីជា​បាន និង​កំពុង​តែ​ប្រឈម​នឹង​សភាពការណ៍​វិ​វត្ត​ថ្មី ដែល​មិន​អាច​ប៉ាន់ស្មាន​បាន ពិសេស​ស្ថានភាព​ប្រែប្រួល​នៃ​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩ ។

លោក​ជំទាវ​បារាយ​ការ​ជូន​អង្គប្រជុំ​ថា ចាប់ពី​ខែមីនា ឆ្នាំ​២០២០ ក្រសួង​ស្ថាប័ន និង​រាជធានី​-​ខេត្ត បាន​ប្ដូរ​ទិស​ដៅ​ការងារ​ដោយ​ផ្ដោត​ការ​យកចិត្តទុកដាក់​លើ​បញ្ហា​កើត​ចេញពី​វិបត្តិ​កូ​វី​ដ​-១៩ ដែល​បាន​ជះ​ឥទ្ធិពល​ដល់​ការ​អនុវត្ត​សកម្មភាព​គ្រប់​វិស័យ​ធ្វើ​ឲ្យ​រាំងស្ទះ​ដោយ​អន្លើ និង​ទាមទារ​ឱ្យ​មានការ​ដោះស្រាយ ទប់ស្កាត់​ផល​ប៉ះពាល់​លើ​ជីវភាព​ប្រជាពលរដ្ឋ ពិសេស​អ្នក​ត្រឡប់​ពី​ប្រទេស​ក្រៅ​ដ៏​ច្រើន ហើយ​ភាគច្រើន​ជា​អ្នក​ខ្វះ​លទ្ធភាព​ក្នុង​ការ​ទ្រទ្រង់​ជីវភាព និង​ងាយ​រង​គ្រោះ ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​ជំទាវ​បាន​បន្ត​ថា គ្រប់​ភាគី​បាន​ធ្វើ​សកម្មភាព​យ៉ាង​មមាញឹក ប្រចាំការ​នៅ​តាម​ព្រំដែន​ទទួល​សង្គ្រោះ​ពលករ​ដែល​វិល​ត្រឡប់​តាម​ច្រក​មិន​ផ្លូវការ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​បាន​ពិនិត្យ​កម្ដៅ និង​សុខភាព អនុវត្ត​គោលការណ៍​ច​ត្តា​ឡី​ស័ក​តាម​វិធាន​សុខាភិបាល ផ្ដល់​អាហារ និង​ត្រៀម​មធ្យោបាយ​ដឹក​ជញ្ជូន​ពួក​គាត់​ឱ្យ​បាន​ដល់​លំនៅ​ដ្ឋា​ន ហើយ​បន្ត​តាមដាន​ស្ថានភាព​សុខភាព ជីវភាព ព្រមទាំង​ផ្ដល់​សេវា​តាម​តម្រូវការ​ផ្សេង​ៗ​ជូន​ពួក​គាត់ ។

លោក​ជំទាវ​ក៏​បាន​បន្ត​រាយការណ៍​ជូន​សម្ដេច ព្រមទាំង​អង្គប្រជុំ​អំពី​លទ្ធផល​ការងារ​ផ្នែក​គោលនយោបាយ ច្បាប់ និង​បទដ្ឋាន​គតិ​យុទ្ធ និង​កិច្ច​សហប្រតិបត្តិការ​, ការងារ​បង្ការ​ទប់ស្កាត់​, ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ឆ្លើយ​តប​នឹង​អំពើ​ជួយ​ដូរ​មនុស្ស កិច្ច​ការពារ​ជន​រង​គ្រោះ និង​ការ​ផ្ដល់​សេវា​គាំទ្រ​, ការ​លើកកម្ពស់​សមត្ថភាព និង​ការ​សម្របសម្រួល និង​អំពី​ការ​វាយតម្លៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​របស់​សហរដ្ឋអាមេរិក​។

សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ខិតខំ​បំពេញការងារ​តាម​ជំនាញ និង​តាម​គោលដៅ​រៀង​ៗ​ខ្លួន​របស់​ក្រុមការងារ​ទាំង​៦ និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេង​ទៀត ទោះបីជា​កម្ពុជា មាន​ឧបសគ្គ​ប​ន្ទុ​ច​បង្អាក់​ពី​មជ្ឈដ្ឋាន​អន្តរជាតិ ឬ​ការ​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច និង​ជំងឺឆ្លង​កូ​វី​ដ​១៩​យ៉ាងណា ក៏​មិន​បាន​បោះបង់​ការ​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី​អត់ធ្មត់ តស៊ូ ព្យាយាម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ