ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ហេតុផល​អ្វីខ្លះ​នាំ​ឱ្យ​យើង​ក្រ ខណៈ​មនុស្ស​ជោគជ័យ​មិន​បន្ទោស​អ្នក​ដទៃ​តែ​បន្ទោស​ខ្លួនឯង?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វាសនា និង​ជីវិត​មនុស្ស​ម្នាក់​ៗ​គឺ​មិន​ដូច​គ្នា​ទេ ។ អ្នកខ្លះ​កើតមក​ក្នុង​គ្រួសារ​ដែល​មានទ្រព្យ​ស​ម្បិ​ត្ត​ហូរហៀរ អ្នកខ្លះ​ទៀត​មិន​មានសំណាង ក៏​បាន​កើតមក​ក្នុង​គ្រួសារ​ដែល​ក្រីក្រ​ជាដើម​។ ប៉ុន្តែ​យោង​តាម​ការ​លើក​ឡើង​របស់​អ្នកជំនួញ​ជោគជ័យ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា កើតមក​ក្រ​មិនមែន​ជា​កំហុស​យើង​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ វាសនា និង​ជីវិត​មនុស្ស​ម្នាក់​ៗ​គឺ​មិន​ដូច​គ្នា​ទេ ។ អ្នកខ្លះ​កើតមក​ក្នុង​គ្រួសារ​ដែល​មានទ្រព្យ​ស​ម្បិ​ត្ត​ហូរហៀរ អ្នកខ្លះ​ទៀត​មិន​មានសំណាង ក៏​បាន​កើតមក​ក្នុង​គ្រួសារ​ដែល​ក្រីក្រ​ជាដើម​។ ប៉ុន្តែ​យោង​តាម​ការ​លើក​ឡើង​របស់​អ្នកជំនួញ​ជោគជ័យ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា កើតមក​ក្រ​មិនមែន​ជា​កំហុស​យើង​នោះ​ទេ តែបើ​ស្លាប់​ទៅ​វិញ​ក្រ​នោះ​ទើប​ជា​កំហុស​។

យ៉ាងណាមិញ ក៏​មានការ​លើក​ឡើង​ថា ភាព​ក្រ គឺ​តែងតែ​កើត​មាន​ទៅ​លើ​មនុស្ស​ប៉ុន្មាន​ប្រភេទ​នេះ​ដែល​ភាគច្រើន ចេញពី​ប្រភេទ​មនុស្ស​ខ្ជិល​គិត ខ្ជិល​ធ្វើ ឬ​ក៏​គិត​អ្វី​ដែល​ងាយ​ៗ មិន​ហ៊ាន​គិត​ច្រើន ការ​ខ្លាច​ឧបសគ្គ ខ្លាច​ការ​នឿយហត់ ជាដើម​។

លោក សោម សម្បត្តិ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ខាំ ផែន (​ថ្នាំ​ពណ៌​ជាតិ​) បាន​មាន​ប្រសាសន៍ថា «​កាលពី ១៥ ឆ្នាំ​មុន បុគ្គលិក​ខ្ញុំ​តែងតែ​គិត​អ្វី​ៗ ងាយ​ស្រូល​ណាស់ ឃើញ​គេ​ធ្វើ​បាន លក់​បាន ចង់​តែ​ទៅ​ធ្វើ​តាម​គេ ដូច​គេ​។ គាត់​ថា​មេ គេ​ធ្វើ​បែប​នេះ​បាន​ផល លក់​បាន អ៊ីចឹង​យើង​ធ្វើ​តាម​គេ​ទៅ ។ ហើយ​ខ្ញុំ​បាន​សួរ​ទៅ​គាត់​វិញ ឥឡូវ​យើង​ទៅ​បង្កើត​តាម​គេ ព្រោះ​យើង​ឃើញ​គេ​លក់​បាន ។ ចុះបើ ៦ ខែ​ទៀត​គេ​លក់​លែង​បាន ឬ​ងាប់​បាត់ អ៊ីចឹង​មា​ន័យ​ថា​ម៉េច យើង​មិន​ងាប់​ដូច​តែ​គេ​។ ដូចនេះ​ខ្ញុំ​ចង់​មាន​ន័យ​ថា របៀប​គិត​វា​ងាយ ឬ​ស្រួល​ពេក ក៏​ងាយ​ងាប់​ទៅ​វិញ​ដែរ​»​។

លោក សោម សម្បត្តិ បាន​បន្ត​ថា «​តែ​ការ​ពិត​លទ្ធផល​អស្ចារ្យ មិនមែន​បាន​មក​ពី​ការ​គិត​បែប​ងាយ​ៗ ចឹ​ង​ទេ ហើយ​យើង​ក្រឡេក​មើលទៅ​អ្នកក្រ គឺ​ពួក​គាត់​ខ្លាច​រឿង​គិត ខ្លាច​ការ​លំបាក ខ្លាច​ឧ​ប​ស័គ្គ ខ្លាច​បញ្ហា​នានា ដូចនេះ​គឺ​ពួក​គាត់​មិន​ចង់​គិតតែ​ម្តង​។ អ្វី​ៗ​ប្រើ​ឱ្យធ្វើ​ការ​គឺ​ធ្វើ​បាន ប៉ុន្តែ​ប្រើ​ឱ្យ​គិត គឺ​មិន​ចង់​គិត អ៊ីចឹង​នេះ​ហើយ​ជា​ចំណុច​រារាំង​ទី​មួយ ដែល​ធ្វើ​ឱ្យ​យើង​មិន​អាច​ទៅ​ឆ្ងាយ ឬ​អាច​ក្លាយជា​អ្នក​មានបាន​។ ដោយសារ​ពួក​គាត់​ខ្លាច​ការ​គិត​ពិបាក​អ៊ីចឹង​ហើយ ទើប​គាត់​គិតតែ​រឿង​ស្រួល​វិញ​»​។

អ្នកជំនួញ​ដែល​ពោរពេញ​ដោយ​បទ​ពិសោធន៍​រូប​នេះ​បាន បញ្ជាក់​ទៀត​ថា « ខ្ញុំ​លើកយក​សង្គម​ជាក់ស្តែង​មក​ឆ្លុះ​បញ្ចាំង​បន្តិច ។ ឧទាហរណ៍​ថា គេ​ធ្វើស្រែ អ៊ីចឹង​យើង​គិត​ថា គេ​ធ្វើ​តែ​អ៊ីចឹង​គេ​បាន​ស៊ី អ៊ីចឹង​យើង​ធ្វើ​តែ​អ៊ីចឹង​ទៅ​បាន​ស៊ី​ដែរ​ហើយ​។ ខ្ញុំ​ចង់​មាន​ន័យ​ថា គ្មាន​ឧបសគ្គ​ណា មក​រារាំង​យើង​នោះ​ទេ គឺ​យើង​ខ្លួនឯង​រារាំង​ខ្លួនឯង​មិន​ឱ្យ​ក្លាយជា​អ្នក​មានបាន​»​។

ទម្លាប់​មួយទៀត​ដែល​លោក​បាន​លើកយក​មក​អះអាង​នោះ ភាព​ក្រ​គឺ​មក​ពី​ភាព​ខ្ជិលច្រអូស នៅ​ពេល​ដែល​យើង​កើតមក​មាន​រោគ​ខ្ជិល គឺ​ខ្ជិល​គិត​និង​ខ្ជិល​ធ្វើ ទាំងនោះ​ហើយ​ក៏​ជា​ភាព​រារាំង​នៃ​ការ​មានបាន​ដែរ​។ មនុស្ស​ខ្លះ​គាត់​តែង​គិត​ថា អើ​ទៅ​ច្រណែន​អី​នឹង​គេ ព្រោះ​គេ​ចេះ​យើង​មិន​ចេះ អ៊ីចឹង​ទៅ​គេ​ធ្វើ​បាន​ច្រើន​ជាង​យើង​អ៊ីចឹង​ហើយ ។ ប៉ុន្តែ​គាត់​មិន​ដែល​បាន​គិត​ថា ហេតុ​អ្វី​គេ​ចេះ ហើយ​គាត់​មិន​ចេះ​នោះ​ទេ​។ វា​ជា​ចំលើយ​ងាយ​ៗ គឺ​ដោយសារ​គេ​ឧស្សាហ៍ យើង​ខ្ជិល​នេះឯង ដូច​វា​ជា​ហេតុផល​ដែល​រារាំង​មនុស្ស​នេះ មិន​អាច​មានបាន​។

លោក សោម សម្បត្តិ បាន​បន្ថែម​ថា «​អ្នកខ្លះ​គាត់​គិត​ថា មាន​ប៉ុណ្ណឹង​ស៊ី​បាន​ហើយ គ្រប់គ្រាន់​ហើយ ព្រោះ​ពី​មុន​មិន​ដែល​បាន​ស៊ី​ប៉ុណ្ណឹង​ផង ។ មានផ្ទះ​តូច​មួយ​នឹង​បាន​ហើយ ពី​មុន​មិន​មានផ្ទះ​តូច​នឹង​នៅ​ផង​។ ប៉ុន្តែ​យើង​ទៅ​មើល​អ្នកមាន​វិញ សួរ​ថា​ប៉ុណ្ណឹង​បាន​ទេ? ប្រាកដ​ណាស់​ថា ប៉ុណ្ណឹង​មិន​ទាន់​គ្រប់គ្រាន់​ទេ​។ នោះ​ជា​របៀប​គិត​ងាយ​ពេក ពេល​ខ្លះ​អាច​នាំ​ឱ្យ​ខ្លួន យើង​ពិបាកទៅ​វិញ​» ។

ងាក​មក​មើល ប្រទេស​ដទៃ​វិញ ដែល​ជា​ប្រទេស​អ្នកមាន សួរ​ថា​ហេតុ​អ្វី​គេ​មាន ហើយ​មាន​ហើយ​ខំប្រឹង​អ្វី​ខ្លាំង​ម្ល៉េះ ខំប្រឹង​ធ្វើ​អ្វី​ទៀត​។ ប៉ុន្តែ​បើ​យើង​គិត​ឱ្យ​បាន​ស៊ីជំរៅ ទើប​យើង​ដឹង​ការ​ពិត ថា​មិនមែន​គេ​ខំ​ទេ យើង​ខ្លួនឯង​ខ្ជិល​តើ​។ សម្រាប់​គេ គេ​ទម្លាប់​ឱ្យ​មនុ​ស្សមានភាព​ឧស្សាហ៍​ព្យាយាម ឧទាហរណ៍​ថា ប្រសិនបើ​ផ្នែក​សិក្សា​អ៊ីចឹង គេ​មាន​ប្រព័ន្ធ​ធ្វើ​ឱ្យ​មនុស្ស​ខំរៀន ហើយ​បើ​ការងារ គេ​មាន​ប្រព័ន្ធ​ធ្វើ​ឱ្យ​មនុស្ស​ខំ​ធ្វើ​តែ​ការ មើល​ត្រឹម​ប្រទេស​សិង្ហ​បុរី​បាន​ហើយ គឺ​គេ​ធ្វើ​ឱ្យ​ពលរដ្ឋ​សកម្ម​តែ​ម្តង​។

លោក​បាន បន្ថែម​ថា «​តាម​ពិត​យើង​មិន​បាន​រីក​ចំរើន ឬ​មិន​មានបាន​ដូច​គេ ក៏​ព្រោះតែ​ចូល​ចិត្ត​យក​លេស​បន្ទោស​នេះឯង ពេល​ធ្វើ​ខុស​អ្វីមួយ ចូល​ចិត្ត​បន្ទោស​អ្នក​នេះ​អ្នក​នោះ បន្ទោស​ក្តៅ ត្រជាក់ ឬ​ភ្លៀង​ជាដើម​។ មាន​ន័យ​ថា​មក​ពី​ក្តៅ​បាន​ធ្វើ​អ្វី​មិនកើត មក​ពី​ភ្លៀង​បាន​ពិបាកធ្វើ ប៉ុន្តែ​បើ​យើង​ងាក​ទៅ​មើល​សិង្ហ​បុរី​វិញ ក្តៅ​ជាង​យើង​ទៅ​ទៀត ហើយ​បើ​ភ្លៀង​វិញ​មិន​ដែល​ទៀងទេ​។ តែ​ហេតុ​អ្វី​ប្រទេស​គេ​មាន អ្នកចេះ​ដឹង​ច្រើន មាន​អ្នកមាន​ច្រើន ហើយ​សុទ្ធតែ​ធនធានមនុស្ស​»​។

ក្នុង​ន័យ​នេះ​លោក​ថា ប្រសិនបើ​យើង បន្ទោស​ខ្លួនឯង អាច​មានការ​រីក​ចំរើន​ជាង យក​កំហុស​ខ្លួនឯង​ទៅ​ទំលាក់​លើ​គេ ដូចនេះ​អ្នកមាន​គេ​រៀន​បន្ទោស​ខ្លួនឯង មិន​បន្ទោស​វាសនា ទេវតា ធម្មជាតិ ឬ​នរណា​ម្នាក់​ឡើយ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ