ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឃួ​ង ស្រេង ណែនាំ​មន្ទីរ​ជំនាញ​ត្រូវ​បិទ​កន្លែង​លក់​ហ្គា​ស​អនាធិបតេយ្យ​ឲ្យ​អស់ពី​រាជធានី​ភ្នំពេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី ណែនាំ​ដល់​មន្ទីរ​ជំនាញ ត្រូវ​លុប​បំបាត់​កន្លែង​លក់​ហ្គា​ស​អាណា​ធិ​ប​តេ​យ្យ អោយ​អស់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី ណែនាំ​ដល់​មន្ទីរ​ជំនាញ ត្រូវ​លុប​បំបាត់​កន្លែង​លក់​ហ្គា​ស​អាណា​ធិ​ប​តេ​យ្យ អោយ​អស់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​របស់​ប្រជាពលរដ្ឋ ។

ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែសីហា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ត្រូវ​សហការ​គ្នា ជាមួយនឹង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ដើម្បី​ចុះ​ត្រួតពិនិត្យ​កន្លែង​លក់​ហ្គា​ស​នានា ស្វែង​យល់​ពី​ទិដ្ឋភាព​ច្បាប់ សម្ភារៈ​បច្ចេកទេស​ស្តង់ដារ និង​ឧបករណ៍​ការពារ ដើម្បី​ធានា​ថា អាជីវកម្ម​នេះ​គ្មាន​ផល​រំខាន ឬ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​និង បរិស្ថាន ។

លោក​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ នៅ​រាជធានី​ភ្នំពេញ មាន​កន្លែង​លក់​ហ្គា​ស និង​ប​ញ្ជូ​ល​ហ្គា​ស​ជា​ច្រើន ហើយ​កន្លែង​ខ្លះ​គ្មាន​ស្តង់ដារ​បច្ចេកទេស បើ​ប្រាស់​ធុង​ហ្គា​ស​ចាស់​ៗ គ្មាន​គុណភាព ឬ​ធុង​ស្តើង ដែល​ងាយ​បង្ក​ហានិភ័យ គ្រោះថ្នាក់​ទាំង​អ្នក​ប​ញ្ជូ​ល និង​អ្នក​ប្រើប្រាស់ ។

លោក ឃួ​ង ស្រេង ក៏​បាន​អំពាវនាវ​ដល់​ក្រុម​អាជីវករ​លក់​ហ្គា​ស​ទាំងអស់ ត្រូវ​បញ្ឈប់​ការ​ទិញ​ធុង​ហ្គា​ស​ចាស់​ៗ ពី​ប្រទេស​ដ៏​ទៃ ហើយ​យក​មក​បាញ់ថ្នាំ ដើម្បី​ប្រើប្រាស់​បន្ត ដែល​នេះ គឺជា​ហានិភ័យ​គ្រោះថ្នាក់​ខ្ពស់ អាច​បង្ក​អោយ​ផ្ទុះ​ធុង​ហ្គា​ស និង​អគ្គិភ័យ​ឆាប់ឆេះ​ផ្ទះសម្បែង​ជាដើម ។

លោក​បញ្ជាក់​ថា យើង​ឃើញ​ថា នៅ​រាជធានី​ភ្នំពេញ​សព្វ​ថ្ងៃនេះ កន្លែង​លក់​ហ្គា​ស ពុំ​មែន​តែ​កន្លែង​លក់​ហ្គា​ស​ទេ គឺ​មាន​ទាំង​ផលិត​ហ្គា​ស​ថែម​ទៀត ព្រោះ​ពេល​ចុះ​ទៅ​កន្លែង​ផ្ទុះ​ហ្គា​ស គឺ​ឃើញ​ថ្ម​ស្អុយ ដែល​ជា​សារធាតុ​ផលិត​ហ្គា​ស ។ កិច្ច​ការងារ​នេះ គឺជា​សន្តិសុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ហើយ​បើកាលណា​បង្ក អោយ​មាន​កន្លែង​លក់​ហ្គា​សអា​នា​ធិ​ប​តេ​យ្យ កាន់តែ​ច្រើន ហានិភ័យ​កាន់តែ​ខ្ពស់​ចំពោះ​យើង ហើយ​យើង ពិបាក​រថយន្ត​ដែល​ទៅ​សង្គ្រោះ ក៏​មានការ​ចង្អៀត ដោយសារ​បញ្ហា​ចរាចរណ៍ ដែល​ចំណុច​នេះ ត្រូវ​តែ​យកចិត្តទុកដាក់​អោយ​បាន​ខ្ពស់ ។

ចំណែក លោក ប៉ា សុ​ជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក៏​បាន​មាន​ប្រសាសន៍​ថា បញ្ហា​ហ្គា​ស ឬ​ការ​លក់​សាំង​ដប​នៅ​តាម​ចិញ្ចើម​ផ្លូវ ឬ​ផ្ទះ​លក់ដូរ​គ្រឿងទេស ជា​បញ្ហា​ប្រឈម​ផ្នែក​សុវត្ថិភាព ដោយ​ត្រូវ បង្កើន​ការ​យកចិត្តទុកដាក់ លុប​បំបាត់​ឲ្យ​ខាង​តែ​បាន ខណៈ​ដែល​អគ្គិភ័យ​នានា ដែល​កើតឡើង​នៅ​រាជ ធានី​ភ្នំពេញ កន្លង​មកនេះ ភាគច្រើន​បណ្តាល​មក​ពី​ការ​ផ្ទុះ​ធុង​ហ្គា​ស ដែល​គ្មាន​បច្ចេកទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ