ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យមាឃបូជា​រំលឹក​ដល់​ព្រះ​អង្គ​ទ្រង់ ដាក់​អាយុសង្ខារ និង​ចតុរង្គសន្និបាត

9 ឆ្នាំ មុន

សម្តេចព្រះ​ភគវន្ត​អនន្តញ្ញាណ​តាំងពី​ទ្រង់​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ស្រេច​ហើយ​ពេល​ណា​ព្រះ​អង្គ​ត្រាច់​ប្រកាស​ព្រះពុទ្ធ​សាសនា​តាម​ទីប្រជុំ​និគមជនបទ​មិន​ខ្លាច​នឿយ​ព្រះ​កាយ

សម្តេចព្រះ​ភគវន្ត​អនន្តញ្ញាណ​តាំងពី​ទ្រង់​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ស្រេច​ហើយ​ពេល​ណា​ព្រះ​អង្គ​ត្រាច់​ប្រកាស​ព្រះពុទ្ធ​សាសនា​តាម​ទីប្រជុំ​និគមជនបទ​មិន​ខ្លាច​នឿយ​ព្រះ​កាយ ព្រមទាំង​ដឹកនាំ​មនុស្ស​ក្នុង​ពិភពលោក​ដែល​មិន​ទាន់​មាន​សទ្ធា​ឱ្យ​មាន​សទ្ធា​ឡើង រីឯ​អ្នក​ដែល​មាន​សទ្ធា​ហើយ​ឱ្យ​កាន់តែ​មាន​សទ្ធា​ថែម មានមុខ​ឆ្ពោះ​កាន់​ព្រះពុទ្ធ​សាសនា​តាម​លំ​អាន ហើយ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ប្រព្រឹត្ត​នូវ​ពុទ្ធកិច្ច​ទាំង​៥​ប្រការ​អស់រយៈពេល​៤៥​វស្សា​មិន​ឱ្យ​ចន្លោះ​ឡើយ​ដើម្បី​ជា​ប្រយោជន៍​ដល់​សព្វ​សត្វ​ទាំងពួង​ទាំងឡាយ ។

មាឃបូជា ជា​បុណ្យ​ថ្នាក់​ជាតិ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​បុណ្យ​ជាតិ​ដទៃ​ទៀត ដែល​ពុទ្ធសាសនិក​តែង​គោរព​បូជា​មិន​ដែល​ខាន នៅ​ពេល​ដល់​ថ្ងៃពេញបូណ៌មី​ខែមាឃ​ចូល​មក​ដល់ ។ ក្នុងថ្ងៃនេះ​ដែរ មន្ត្រីរាជការ​គ្រប់​ឋានានុក្រម ព្រមទាំង​អង្គភាព​ការងារ​គ្រប់​ស្ថាប័ន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​មួយ​ថ្ងៃ​ដើម្បី​មានឱកាស​ចូលរួម​គោរព​បូជា​បុណ្យមាឃបូជា​នេះ ។ នៅ​ថ្ងៃនេះ ពុទ្ធមាមកជន​បាន​មក​ប្រជុំ​គ្នា​រៀបចំ​គ្រឿង​សក្ការបូជា​ទាំងឡាយ​មាន​ទៀន ធូប និង​ផ្កា​ជាដើម​បូជា​ក្នុង​វត្ត​អារាម​ផ្សេង​ៗ ដោយ​មាន​ព្រះ​ពុទ្ធរូប​ស្នង​អង្គ​គង់​ចំពោះ​មុខជា​ប្រធាន​ហាក់ដូចជា​ព្រះ​បរម​សាស្តា​អង្គ​នោះ​ធរមាន​ចំពោះ​មុខ​នៃ​យើង​ទាំងអស់​គ្នា ។ សូម​ថ្វាយ​គ្រឿង​សក្ការ​ទាំងនេះ ចំពោះ​ព្រះសម្មាសម្ពុទ្ធ ព្រមទាំង​ព្រះធម៌ និង​ព្រះ​អរិយសង្ឃ ដោយ​សេចក្តី​គោរព ។

ពុទ្ធបរិស័ទ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​តែងតែ​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​នេះ​នៅ​ថ្ងៃពេញបូណ៌មី (១៥​កើត​) ខែមាឃ ដើម្បី​រំលឹក​ដល់​ព្រះ​សម្ពុទ្ធ​ទ្រង់​ដាក់​អាយុសង្ខារ​នៅ​ចំពោះ​មុខ​មារ​ថា ម្នាល​មារ​មានចិត្ត​បាប​គិត​ពី​ថ្ងៃនេះ​ទៅ​នៅ​ខ្វះ​តែ​៣​ខែ​ទៀត​ទេ តថាគត​នឹង​រំលត់​ខន្ធ​ចូល​កាន់​ព្រះ​និព្វាន​ហើយ ។ លុះ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ដាក់​អាយុសង្ខារ​ដូច្នេះ ហើយ​ក៏​មានការ​កក្រើករំពើក​ញាប់​ញ័រ​ផែនដី​គួរ​ឱ្យ​ភ្លូកភ្លឹក​ព្រឺព្រួច​ទាំង​មាន​ផ្គរ​លាន់ឮ​ឡើង​ផ្អើល​អស់​មនុស្ស​ទេវតា ។ ពួក​សាវ័ក​ទាំងឡាយ​មាន​ព្រះ​អានន្ទ​ជាដើម​ក៏​កើតក្តី​សង្វេគ​សោយទុក្ខ​ក្តុកក្តួល​ស្តាយស្រណោះ​គ្រប់​ៗ​អាត្មា ។

ក្នុងថ្ងៃនេះ​ដែរ​ក៏​ពុទ្ធបរិស័ទ​រំលឹក​នឹក​ដល់​កាលដែល​ព្រះ​អង្គ​ទ្រង់​ធ្វើ​ចតុរង្គសន្និបាត ដែល​មាន​ភិក្ខុសង្ឃ​ចំនួន​១.២៥០​អង្គ​សុទ្ធតែ​ជា​ព្រះអរហន្ត​ខីណាស្រព​មក​ប្រជុំ​គ្នា​ក្នុង​សំណាក់​ព្រះ​បរម​សាស្តា​ឯ​វត្ត​វេឡុវ័ន ដែល​ការ​មក​ប្រជុំ​របស់​ព្រះអរហន្ត​ទាំង​អម្បាល​នោះ​អត់​បាន​កំណត់ពេល​គ្នា​ជា​មុន​សោះ ក៏​ស្រាប់តែ​មក​ប្រជុំ​គ្នា​ក្នុង​សំណាក់​ព្រះ​បរម​សាស្តា​ដោយ​ឯង​ៗ ។ ការ​ប្រជុំ​បែប​នេះ​ក្នុង​ពុទ្ធសម័យ​មាន​តែ​ម្តង​គត់​ដែល​ហៅ​ថា ចតុរង្គសន្និបាត​គឺ​ការ​ប្រជុំ​ប្រកបដោយ​អង្គ​បួន ហើយ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ឱវាទបាតិមោក្ខ​ក្នុង​ទីប្រជុំ​នៃ​ភិក្ខុសង្ឃ​នោះ ។ ពួក​ពុទ្ធមាមកជន​គ្រប់​ប្រទេស​កាល​រៀង​មក​បាន​កំណត់​យក​ថ្ងៃពេញបូណ៌មី​ខែមាឃ​រាល់​ឆ្នាំ​ជា​ថ្ងៃ​សំខាន់​មួយ​ក្នុង​ការ​ប្រារព្ធ​ពិធី​នេះ ។

ហេតុ​ដូច្នេះ​ហើយ​បានជា​ពិធី​នេះ​ជាទី​និយម​រាប់អាន​របស់​អ្នក​ប្រាជ្ញា​ថា​ជា​មហា​មង្គល​អស្ចារ្យ និង​ជាម​ហា​សិរី​សួស្តី​ដ៏​ប្រសើរ​ក្រៃ​លែង​កាលបើ​ដល់​ថ្ងៃពេញបូណ៌មី​ខែវិសាខ​ដែល​ជា​ថ្ងៃ​ប្រកបដោយ​អភិលក្ខិតកាល សប្បុរស​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ក៏​មក​ប្រជុំ​គ្នា​ចាត់ចែង​គ្រឿង​សក្ការៈ​ដ៏​ផ្ចិតផ្ចង់​មាន​ទៀន ធូប កម្រងផ្កា​ជាដើម​យក​ទៅ​បូជា​ចំពោះ​ព្រះ​ពុទ្ធរូប​ក្នុង​អារាម​ផ្សេង​ៗ ព្រមទាំង​បូជា​ចំពោះ​ព្រះធម៌ និង​ព្រះអរហន្ត​ទាំងឡាយ​ដែល​បរិនិព្វាន​ទៅ​ជា​យូរអង្វែង​ហើយ ។ ក្នុង​ថ្ងៃ​នោះ​ពុទ្ធបរិស័ទ​បាន​ប្រជុំ​គ្នា​ស្តាប់​ព្រះ​សទ្ធម្មទេសនា និង​បាន​ស្តាប់​ព្រះសង្ឃ​សូត្រ​ស្វាធ្យាយ​រៀបរាប់​អំពី​គុណ​របស់​ព្រះពុទ្ធ​ជា​អនេក​សម្រាប់​មនុស្សលោក​ទូទៅ ។ ព្រោះហេតុនោះ​ទើប​ពិធី​នេះ​ជាប់​ជា​បវេណី​តម​ករ​ហូត​ដល់​សព្វ​ថ្ងៃនេះ ៕