ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ធ្វើ​ឲ្យ​ការ​សិក្សា​ឆ្នាំ​២០២០-២០២១ មិន​ទាន់​ច្បាស់លាស់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បវេស្សនកាល ឆ្នាំ​សិក្សា ២០២០-២០២១ នឹង​ឈាន​មក​ដល់​ក្នុង​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ ក៏​ប៉ុន្តែ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជាក់​ថា ការ​សិក្សា​នៅ​ឆ្នាំ​ក្រោយ​នេះ​ក៏​មិន​ទាន់​អាច​មាន​លក្ខណៈ​ដូច​ពេល​មុន​ពេល​មិន​មាន​ជំងឺ​កូ​វី​ដ​១៩​ដែរ…

រាជធានី​ភ្នំពេញ ៖ បវេស្សនកាល ឆ្នាំ​សិក្សា ២០២០-២០២១ នឹង​ឈាន​មក​ដល់​ក្នុង​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ ក៏​ប៉ុន្តែ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជាក់​ថា ការ​សិក្សា​នៅ​ឆ្នាំ​ក្រោយ​នេះ​ក៏​មិន​ទាន់​អាច​មាន​លក្ខណៈ​ដូច​ពេល​មុន​ពេល​មិន​មាន​ជំងឺ​កូ​វី​ដ​១៩​ដែរ ។

មាន​ន័យ​ថា គ្រឹះស្ថានសិក្សា​ជា​ច្រើន​នៅ​ឆ្នាំ​ក្រោយ​នេះ អាច​បន្ត​ការ​សិក្សា​ពី​ចម្ងាយ​ប្រ​សិន​ស្តង់ដារ​សុខភាព​នៅ​មាន​កម្រិត មានការ​ប្រឈម​ក្នុង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដល់​សិស្ស និង​បុគ្គលិក​សិក្សា​នោះ ។ មាតាបិតា​សិស្ស​ជា​ច្រើន​សង្ឃឹមថា សាលារៀន​អាច​ដំណើរការ​ឡើង​វិញ ជា​ធម្មតា​ក្នុង​ប​វេស្ស​កាល​ឆ្នាំ​ថ្មី​នេះ ។ សាលា​ឯកជន​មួយ​ចំនួន​បាន​ទទួល​ចុះ​ឈ្មោះ​សិស្ស​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ដោយ​យក​ថ្លៃ​សិក្សា​ពេញ ក្នុង​ពេល​ភាព​មិន​ច្បាស់លាស់​ថា​ត្រូវ​សិក្សា​តាម​អន​ឡាញ​ឬ​សិក្សា​ដោយ​ផ្ទាល់​នោះ​។

ក្នុង​កិច្ចប្រជុំ​មួយ​ស្តី​ពី​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ស្តី​ពី​ការ​បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើង​វិញ ដែល​ធ្វើ​ឡើង​កាល ពី​ថ្ងៃ​ទី​៥ ខែសីហា​នេះ មានការ​ចូលរួម​ដោយ លោក អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​លោក ហង់​ជូន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជាក់​ថា យុទ្ធសាស្ត្រ​ស្តី​ពី​ការ​បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើង​វិញ គឺ​ត្រូវ​ឈរ​លើ​អភិក្រម​២ គឺ​១- ការ​បើក​ដំណើរការ​ឡើង​វិញ តាម​ដំណាក់កាល នូវ​គ្រឹះស្ថានសិក្សា​ដែល​អាច​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​ស្តង់ដា​សុវត្ថិភាព​សុខភាព និង​២- ការ​បន្ត​អនុវត្ត​វិធីសាស្ត្រ​នៃ​ការ​សិក្សា​តាម​បែប​ចម្រុះ គឺ​ការ​សិក្សា​ក្នុង​ថ្នាក់រៀន ការ​សិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច និង​តាម​បែប​ប្រពៃណី (​សន្លឹក​កិច្ចការ​ជំនួយ​) រួម​ទាំង​ការ​ធ្វើ​ស្វ័​យ​សិក្សា សម្រាប់​សិស្ស​នៅ​ជនបទ ។

ស្មារតី​កិច្ចប្រជុំ​នោះ​បាន​បញ្ជាក់​ថា ឈរ​លើ​អភិក្រម​របស់​ក្រសួង​អប់រំ​ខាងលើ ការ​បើក​សាលារៀន​ឡើង​វិញ ត្រូវធ្វើ​ជា​៣​ដំណាក់កាល ។ ការ​អនុញ្ញាត​ឲ្យ​បើក​ដំណើ​ការ​គ្រឹះស្ថានសិក្សា​ឡើង​វិញ តាម​ដំណាក់កាល​នីមួយ​ៗ បន្ទាប់​ពី​គ្រឹះស្ថានសិក្សា​ទាំងនោះ បាន​ត្រៀមខ្លួន​រួចរាល់ និង​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​តម្រូវ​សុវត្ថិភាព ដែល​កំណត់​ដោយ​ក្រសួងសុខាភិបាល និង​លក្ខខណ្ឌ​តម្រូវ​បច្ចេកទេស​នៃ​ការ​សិក្សា និង​ការ​បង្រៀន ដែល​កំណត់​ដោយ​ក្រសួង​អប់រំ យុវជន​និង​កីឡា ។

ក្រសួង​អប់រំ យុវជន​និង​កិ​ឡា បាន​ប្រកាស​បិទ​គ្រឹះស្ថានសិក្សា​នៅ​ទូ​ទាំង​ប្រទេស​កាលពី​ខែមីនា ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​ដាល​ជំងឺ​កូ​វី​ដ​១៩ និង​បាន​ជំរុញ​ឲ្យ​មានការ​សិក្សា​ពី​ចម្ងាយ តាម​ប្រព័ន្ធ​អន​ឡាញ និង​តាម​ទូរទស្សន៍​ជាដើម ។ ប៉ុន្តែ​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា​ការ​សិក្សា​ពី​ចម្ងាយ​បាន​ធ្វើ​ឲ្យ​សិស្ស​ជា​ច្រើន​មិន​ទទួល​បានការ​សិក្សា​ដោយ​គុណភាព ដោយសារ​ខ្វះ​មធ្យោបាយ​រៀនសូត្រ ពិសេស​សិស្ស​នៅ​ជនបទ ។

ចំណែក​សិស្ស​នៅ​ភ្នំពេញ​ដែល​មាន​ទូរស័ព្ទ​ដៃ​ទំនើប មាន​សេវា​អ៊ិ​ន​ធឺ​ណែ​ត ជា​មធ្យោបាយ​សម្រាប់​ការ​សិក្សា​អន​ឡាញ បើជា​មាន​ពេលទំនេរ​ច្រើន​ក្នុង​ការ​លេង​ហ្គេ​ម​ទៅ​វិញ​។ ពលរដ្ឋ​ជា​ច្រើន​បារម្ភ​ថា​កូ​វី​ដ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ