ខេត្តរតនគិរី ៖ រថយន្តសាំយ៉ុងមួយគ្រឿងដឹកគ្រោងទ្វារ និងបង្អួចពេញ បានត្រូវកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយខាងរដ្ឋបាលព្រៃឈើ បង្ក្រាបនិងរឹបអូសយកទៅរក្សារទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការតាមច្បាប់ស្តីពីព្រៃឈើ ។
ការបង្ក្រាបរថយន្តដឹកគ្រោងទ្វារនិងបង្អួចនេះ គឺកាលពីវេលាម៉ោងប្រមាណ៦និង១០នាទីល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ នៅភូមិប៉ូយ ឃុំប៉ូយ ស្រុកអូរជុំ ។
ឧត្តមសេនីយ៍ត្រី នូវ តារា ស្នងការរងនគរបាលខេត្ត ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចថ្លែងថា ការបង្ក្រាបនេះគឺមានការចង្អុលបង្ហាញពីឯកឧត្តម ថង សាវុន អភិបាលខេត្ត និងលោក យិន ចំណាន ស្នងការនគរបាលខេត្ត ដោយមានការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងដែរ ។
រថយន្តសាំយ៉ុងមួយគ្រឿងនេះ ដឹកផល-អនុផលព្រៃឈើ ចេញពីស្រុកតាវែង ចូលមកក្រុងបានលុង ដើម្បីចែកចាយបន្តដោយគ្មានការអនុញ្ញាត ប៉ុន្តែនៅពេលសមត្ថកិច្ចឃាត់ចាប់នោះ អ្នកបើកបរបានចុះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗដែរ ។
រថយន្តសាំយ៉ុងដឹកឈើខាងលើ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២G-៤២៣២ បិទស្លាកពីខាងក្រោយរត់ឈ្នួល(អូនសុខ) ត្រូវបានរឹបអូសយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តមួយយប់ លុះព្រឹកឡើងរៀបចំបែបបទប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ។
លោកស្នងការរងបន្តថា រថយន្តនេះដឹកជញ្ជូនផល-អនុផលព្រៃឈើពាក់កណ្តាលសម្រេចមានបង្អួចចំនួន៧០វង់ ទ្វារចំនួន១០វង់ និងឈើនីវចំនួន៧០បន្ទះ បម្រុងយកទៅចែកចាយដោយគ្មានច្បាប់អនុញ្ញាត ក៏ត្រូវនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចាប់រឹបអូសនិងប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ