ក្រសួង​កែសម្រួល​វិធានការ​ចំពោះ​មន្ត្រី​ការទូត និង​អង្គការ​អន្តរជាតិ​កាន់​ទិដ្ឋាការ​ការទូត​ប្រភេទ A និង​ B ​ចូល​កម្ពុជា


រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​រី​ដ​១៩ នៅ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មានសម្រេចការ​កែសម្រួល​វិធានការ​សុខាភិបាល សម្រាប់​អនុវត្ត​ចំពោះ​មន្ត្រី​ការទូត និងអង្គការ​អន្តរជាតិ​ដែល​កាន់​ទិដ្ឋាការ​ការទូត​ប្រភេទ A និង​ទិដ្ឋាការ​ផ្លូវការ​ប្រភេទ B ដែល​ចូល​មក​ប្រទេស​កម្ពុជា ដោយ​ត្រូវ​អនុវត្ត​តាម​គោលការណ៍​ដូច​ខាងក្រោម​៖

១- មន្ត្រី​ការទូត និង​អង្គការ​អន្តរជាតិ តម្រូវ​ឱ្យ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព (Health Certificate) ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល ដែល​ទទួលស្គាល់​ដោយ​ប្រទេស​សាមី​បញ្ជាក់ ថា​គ្មាន​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​រយៈពេល ៧២​ម៉ោង មុន​ពេល​ចេញដំណើរ​។

២- តម្រូវ​ឱ្យ​មន្ត្រី​ការទូត និង​អង្គការ​អន្តរជាតិ ដែល​ទទួល​បាន​ទិដ្ឋាការ​ការទូត​ប្រភេទ A និង​ទិដ្ឋាការ​ផ្លូវការ​ប្រភេទ B ត្រូវធ្វើ​តេស្ត​ទាំងអស់ ពេល​មក​ដល់​កម្ពុជា ហើយ​សំណាក​ត្រូវ​យក​នៅ​ទីតាំង​ពិសេស ក្នុង​ស្ថានីយ​មក​ដល់​របស់​អ្នកដំណើរ​តែ​ម្ដង​។

៣- ត្រូវ​រង់ចាំ​លទ្ធផល​តេស្ត​រយៈពេល​យ៉ាងតិច​២៤​ម៉ោង នៅ​ទីតាំង​សណ្ឋាគារ ឬ​កន្លែង​ស្នាក់​នៅ​ណាមួយ ដោយ​គោរព​តាម​គោលការណ៍​ប្រតិបត្តិ​ស្ដង់ដារ (SOPs) ដែល​បាន​ឯកភាព​ដោយ​គណៈកម្មការ​អន្តរក្រសួង និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ នៅ​ទីតាំង​ទាំងនោះ​បើ​មាន តម្រូវការ​ចាំបាច់​នៃ​វិធានការ​សុខាភិបាល​សាធារណៈ​។

៤- សំណាក​ដែល​បាន​ធ្វើ​ពេល​មក​ដល់ នឹង​ត្រូវ​បញ្ជូន​ទៅ​ធ្វើតេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​ការ​ធ្វើតេស្ត​លើក​ទី​២ នៅ​ថ្ងៃ​ទី​១៣ ក៏​ត្រូវធ្វើ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា តាម​ការ​កំណត់​របស់​ក្រសួងសុខាភិបាល​។

៥- ក្នុង​ករណី​មានការ​រក​ឃើញ​វីរុស​កូ​វី​ដ​-១៩ វិជ្ជមាន បញ្ជាក់​ដោយ​មន្ទីរពិសោធន៍​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា អ្នកជំងឺ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ ឬ​មន្ទីរពេទ្យ​ណា​ផ្សេង ដែល​ស្ថានទូត​សំណូមពរ ហើយ​ដែល​ក្រសួងសុខាភិបាល​ឯកភាព​ដើម្បី​ធ្វើការ​ព្យាបាល​។ ការ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ ឬ​មន្ទីរពេទ្យ​ណា​ផ្សេង រាល់​ការ​ចំណាយ និង តម្លៃ​សេវា​ព្យាបាល​ជា​បន្ទុក​របស់​មន្ត្រី​ទូត ឬ​ស្ថានទូត និង​អង្គការ​អន្តរជាតិ​ផ្ទាល់​។

៦- ស្ថាន​បេសកកម្ម​បរទេស​ទាំងអស់ នឹង​តម្រូវ​ឱ្យ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ជាមួយ​ក្រសួងសុខាភិបាល ពាក់ព័ន្ធ​នឹង​គោលការណ៍​ប្រតិបត្តិ​ស្ដង់ដារ (SOPs) ដើម្បី​បង្ការ ការ​ចម្លងជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​។

ដោយ​ឈរ​លើ​គោលការណ៍​មនុស្សធម៌ ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​ល្អ ជាមួយ​បណ្ដា​ប្រទេស​ជា​មិត្ត និង​ផ្អែក​លើ​កត្តា​សត្យា​នុ​ម័ត ដែល​ចំនួន​អ្នក​កាន់​ទិដ្ឋាការ​ការទូត​ប្រភេទ A និង ទិដ្ឋាការ​ផ្លូវការ​ប្រភេទ B ពុំ​មាន​ចំនួន​ច្រើន​លើសលប់​នោះ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​លើកលែង​ការ​បង់ថ្លៃ ធ្វើតេស្ត​រក​វីរុស​កូដ​-១៩ លើក​ទី​១ និង​លើក​ទី​២៕

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ