ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​«អាង​កំពីងពួយ» ដែលជា​តំបន់​ទេស​​ចរ​ណ៍​​​ដ៏​​ល្បី ប្រែជាស្ងាត់​ជ្រងំ​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ « អ្នកលក់​ម្ហូបអាហារ​នៅ​រមណីយដ្ឋាន​ទេសចរ​ណ៍​អាង​កំពីងពួយ ដាច់​បាយ​ខ្លះ​ៗ​ហើយ ហើយ​ម្នាក់​ៗ​ក៏​ជំពាក់​ប្រាក់​អង្គការ​ស្ទើរ​វណ្ឌក​ដែរ ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​​១៩​មក ធ្វើ​ឲ្យ​បាត់បង់​ភ្ញៀវ​ទេសចរ​ រីឯ​ទឹក​អាង​កំពីងពួយ​​ ក៏​គេ​មិន​បើក​ទៀត​»​។ នេះ​ជា​ការ​ត្អូញត្អែរ​ដ៏​គួរ​ឲ្យ​ស​ង្វេគ​របស់​អ្នក​លក់ដូរ​នៅ​លើ​ទំនប់​អាង​កំពីងពួយ…

ខេត្តបាត់ដំបង​៖ « អ្នកលក់​ម្ហូបអាហារ​នៅ​រមណីយដ្ឋាន​ទេសចរ​ណ៍​អាង​កំពីងពួយ ដាច់​បាយ​ខ្លះ​ៗ​ហើយ ហើយ​ម្នាក់​ៗ​ក៏​ជំពាក់​ប្រាក់​អង្គការ​ស្ទើរ​វណ្ឌក​ដែរ ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​​១៩​មក ធ្វើ​ឲ្យ​បាត់បង់​ភ្ញៀវ​ទេសចរ​ រីឯ​ទឹក​អាង​កំពីងពួយ​​ ក៏​គេ​មិន​បើក​ទៀត​»​។ នេះ​ជា​ការ​ត្អូញត្អែរ​ដ៏​គួរ​ឲ្យ​ស​ង្វេគ​របស់​អ្នក​លក់ដូរ​នៅ​លើ​ទំនប់​អាង​កំពីងពួយ ដែល​ជា​តំបន់​ទេសចរ​ណ៍​ដ៏​ល្បីល្បាញ​មួយ ក្នុង​ចំណោម​តំបន់​ទេសចរ​ណ៍ល្បី​ៗ​ជា​ច្រើន នៅ​ក្នុង​ខេត្ត​បាត់ដំបង​។

ជា​ទូទៅ​ ក្រៅពី​មាន​ពិធីបុណ្យ​ប្រពៃណី​ ឬ​ពិធីបុណ្យ​ជាតិ​ធំ​ៗ ដែល​មាន​ភ្ញៀវ​ទេសចរ​​ធ្វើ​ដំណើរ​ទៅ​កំសាន្ត​យ៉ាង​កកកុញ​នៅ​រមណីយដ្ឋាន «​អាង​កំពីងពួយ​» នៅ​ថ្ងៃ​ចុង​ស​ប្ដា​ហ៍​តំបន់​ទេសចរ​ណ៍មួយ​នេះ ក៏​តែង​ទ​ទូល​ស្វា​គម​ន៍​​ភ្ញៀវ​មិន​តិច​ដែរ​។ ប៉ុន្តែ​បច្ចុប្បន្ន​មិន​ថា ថ្ងៃ​បុណ្យ​ជាតិ ឬបុណ្យប្រពៃណី ឬ ថ្ងៃ​សម្រាក​ចុង​ស​ប្ដា​ហ៍​ទេ គឺ​រមណីយដ្ឋាន​មួយ​នេះ ស្ថិត​ក្នុង​ស្ថានភាព​ស្ងាត់ជ្រងំ ខណៈ​អ្នក​លក់ដូរ​គ្រប់​គ្នា នាំ​គ្នា​អង្គុយ ឬ ឈរ​រហង់​រង់ចាំ​អតិថិជន​យ៉ាង​សោះកក្រោះ​បំផុត​។ បើ​ងាក​ទៅ​មើល​ប៉ែក​ខាងក្រោមនៃ​សំណង់​ជាទី​កន្លែង​ដែល​ភ្ញៀវ​ទេសចរ​ តែង​ចុះ​ទៅ​ហែលលេង​កំសាន្ត​វិញ បែរជា​ស្ងួត​ហួត​ហែង​និង​ពោ​រពេញ​ទៅ​ដោយ​កាក​សំណល់​ចក​ ឬ​ស្មៅ​ស្អុយរលួយ​។

យូរ​ៗ​ម្ដង ទើប​គេ​ឃើញ​មាន​រថយន្ត​ទៅ​ដល់ទី​នោះ​មួយ​គ្រឿង តែ​ពេល​ខ្លះ​ជា​រថយន្ត​ដែល​គ្រាន់តែ​ធ្វើ​ដំណើរ​ឆ្លងកាត់​ប៉ុណ្ណោះ មិនមែន​ជា​រថយន្ត​ភ្ញៀវ​ទៅ​កំសាន្ត​ឡើយ​។ អ្នក​លក់ដូរ​នានា ដែល​ឈរ​រង​ចាំ​ស្វា​គម​ន៍ភ្ញៀវ បាន​នាំ​គ្នា​ដេញ​តាម​ចោមរោម​សួរនាំ​អ្នក​ជិះ​រថយន្ត​ទាំងនោះ​យ៉ាង​ត្រហេបត្រហប ដើម្បី​សួរនាំ​ភ្ញៀវ​ទិញ​ម្ហូបអាហារ​ ។ ប៉ុន្តែ​ពេល​ខ្លះ​ពួក​គេ​ត្រូវ​ខកចិត្ត ព្រោះតែ​មិនមែន​ជា​រថយន្ត​ភ្ញៀវ​។ បុរស​ម្នាក់ ដែល​តាម​ប្រ​មាញ់​ភ្ញៀវ​ក្នុង​រថយន្ត ដើម្បី​កុម្ម៉ង់​ម្ហូបអាហារ បាន​និយាយ​ថា « រមណីយដ្ឋាន​អាង​កំពីងពួយ សព្វ​ថ្ងៃនេះ​ ភ្ញៀវ​ធ្លាក់​ចុះ​ស្ទើរ​ទាំងស្រុង ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ »​។

គាត់​បាន​ប្រាប់​កោះសន្តិភាព កាលពី​ថ្ងៃ​សៅ​រ៍ចុង​ស​ប្ដា​ហ៍មុន​នេះ​ថា បើ​តាម​ការ​កត់ សម្គាល់ គឺ​រម​ណីយ​ដ្ឋា​ន​ទេសចរ​ណ៍«​អាង​កំពីងពួយ​» សព្វ​ថ្ងៃនេះ បាន​បាត់បង់​ភ្ញៀវ​ប្រហែល​៨០% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​ៗ ដែល​មិន​ទាន់​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​។ អ្នក​ប្រ​មាញ់​​ភ្ញៀវ​រូប​នេះ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា « ការ​ថយ​ចុះ​យ៉ាង​គំហុក នៃ​ភ្ញៀវ​ទេសចរ​​​នេះ គឺ ដោយសារ​ទី​១ ខ្លាច​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ និង ទី​២ អាង​កំពីងពួយ​គ្មាន​ទឹក​សម្រាប់​ហែល​លេង​»​។ នេះ​ជា​មូលហេតុ ចម្បង​ដែល​នាំ​ឲ្យ​ភ្ញៀវ​ធ្លាក់​ចុះ​មិន​ធ្លាប់​មាន​ពី​មុន​មក​។ គាត់​និយាយ​ថា ព្រោះតែ​គ្មាន​ភ្ញៀវ​នេះ​ហើយ ធ្វើ​ឲ្យ​អ្នក​លក់ដូរ​ម្ហូបអាហារ ឬ លក់ទំនិញ​ផ្សេង​ៗ​ទៀត​នៅ​តំបន់​ទេសចរ​ណ៏​នេះ លក់​មិន​ដាច់ គ្មាន​ចំណូល ប្រឈម​នឹង​បំណុល​គ្រប់​បែប​យ៉ាង​។

មិនមែន​មាន​តែ​អ្នកលក់​ម្ហូបអាហារ​តាម​រោង តាម​ខ្យូ​ស​ទេ ដែល​រអ៊ូរទាំ​ពី​រឿង​លក់​មិន​ដាច់ សូ​ម្បី​អ្នកលក់​ផ្លែ​ឈូក​ខ្ចី និង អ្នកលក់​ចំណីអាហារ​កំប៉ិកកំប៉ុក​ដទៃ​ទៀត ក៏​ត្អូញត្អែរ​អំពី​ការ​បាត់​អតិថិជន​នេះ​ដូច​គ្នា​ដែរ​។ ក្រៅពី​មនុស្ស​មាន​វ័យ​ចំណាស់​ៗ ដេញ​តាម​រថយន្ត​ភ្ញៀវ នៅ​ទីនោះ​ក៏​មាន​ក្រុម​ក្មេង​ៗ​ជា​ច្រើន​នាក់​ដែរ ដែល​នាំ​គ្នា​ដេញ​ចោមរោម​រថយន្ត​ភ្ញៀវ ជាមួយនឹង​ដៃ​កាន់​បាច់​ផ្លែ​ឈូក​ខ្ចី និង ថង់​ផ្លែ​ឈើរ​ផ្សេង​ៗ​យ៉ាង​រយីង រយោង​។ ពួក​គេ​បាន​នាំ​គ្នា​រត់​ប្រដេញ​រថយន្ត​យ៉ាង​ពពាក់ពពូន មិន​ថា រថយន្ត​នោះ​ធ្វើ​ដំណើរ​ឆ្លងកាត់ ឬ រថយន្ត​ភ្ញៀវ​ទៅ​កំសាន្ត​នៅ​រមណីយដ្ឋាន​កំពីងពួយ​នេះ​ទេ ដើម្បី​បញ្ចុះបញ្ចូល ភ្ញៀវ​ឲ្យ​ទិញ​ទំនិញ​នៅ​ក្នុង​ដៃ​របស់​ពួក​គេ​។

ពួក​គេ​បាន​ប្រជ្រៀត​គ្នាយ៉ាងរញ៉ីវ​ហុច​ទំនិញ​លក់​ឲ្យ​ភ្ញៀវ ស្ទើរតែ​រថយន្ត​មិន​ទាន់​ឈប់​ស្រូល​បូល​ផង​។ « ពូ​ៗៗ.. អ៊ុំ​ៗៗ.. ជួយ​ទិញ​ឈូក​ខ្ញុំ​មួយ​បាច់​ទៅ​.. មួយ​ព្រឹក​ហើយ​ខ្ញុំ​លក់​មិន​ទាន់​ដាច់​មួយ​បាច់​ទេ​..»​។ នេះ​ជា​សម្លេង​ប្រណាំងប្រជែង​គ្នា​យ៉ាង​រញីវ ក្នុង​ការ​ដណ្ដើម​អតិថិជន​របស់​ពួក​គេ​។ ជាមួយនឹង​ការ​ប្រជ្រៀត​គ្នា​លក់​ផ្លែ​ឈូក ពួក​គេ​បាន​ឆ្លៀត​ឆ្លើយឆ្លង​ជាមួយ​កោះសន្តិភាព​ថា « ឥឡូវ​ពួក​ខ្ញុំ លក់​ឈូក​មិនសូវ​ដាច់​ទេ ព្រោះ​អត់​សូវ​មាន​ភ្ញៀវ​ទិញ​។ មួយ​ថ្ងៃ​ពួក​ខ្ញុំ​លក់​បាន​ប្រាក់​ប្រហែល​ពី​៣​ទៅ​៤​ម៉ឺន​រៀល​ប៉ុណ្ណោះ ឬ តិច​ជាង​នេះ​យក​ទៅ​ឲ្យ​ម៉ែ​»​។

បន្ថែម​លើ​នេះ អ្នកលក់​អង្គុយ​លក់​ផ្លែ​ឈូក​ម្នាក់​ទៀត គឺ​អ្នកស្រី សាយ មុំ អាយុ​៤០​ឆ្នាំ បាន​ថ្លែងប្រាប់​កោះសន្តិភាព​ថា «​កាលពី​មិន​ទាន់​មាន​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ខ្ញុំ​លក់​ផ្លែ​ឈូក​មួយ​ថ្ងៃ​បាន​ប្រាក់​ពី​៧​ទៅ​៨​ម៉ឺន​រៀល តែ​ពេល​នេះ​មួយ​ថ្ងៃ​ខ្ញុំ​លក់​បាន​ប្រាក់​ចន្លោះ​ពី​៣​ទៅ​៤​ម៉ឺន​រៀល​ប៉ុណ្ណោះ គឺ​ថយ​ចុះ​ស្ទើរ​ពាក់កណ្ដាល តែ​ថ្ងៃ​ខ្លះ​លក់​មិន​ដាច់​សោះ​ក៏​មាន​ដែរ​»​។ គាត់​និយាយ​ថា សព្វថ្ងៃ​នៅ​តំបន់​ទេសចរ​ណ៍អាង​កំពីងពួយ​នេះ ស្ងាត់​ភ្ញៀវ​ខ្លាំង​ណាស់ ក្រៅពី​ថ្ងៃ​សៅ​រ៍ និង ថ្ងៃអាទិត្យ​គឺ​គ្មាន​ភ្ញៀវ​ទេ​។

«​អាង​កំពីងពួយ​» គឺជា​រមណីយដ្ឋាន​ទេសចរ​ណ៍បរិស្ថាន​ធម្មជាតិ ស្ថិត​ក្នុង​ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ដែល​បាន​កសាង​ឡើង​ដោយ​កម្លាំង​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់ នៅ​ក្នុង​ឆាក​សោកនាដកម្ម​ដ៏​ធំធេង​មួយ នៅ​ក្នុង​របប​ប្រល័យ​ពូជ​សាស​ន៏​«​ខ្មែរក្រហម ឬ ប៉ុ​ល ពត​»​។ អ្នកទេសចរ​ណ៍​អាច​ទៅ​កំសាន្ត​រមណីយដ្ឋាន​នេះ ដោយ​ធ្វើ​ដំណើរ​ចេញពី​ក្រុង​បាត់ដំបង តាម​ផ្លូវជាតិ​លេខ​៥៧ ក្នុង​រយៈ​ពេល​ត្រឹម​ជាង​កន្លះ​ម៉ោង​ប៉ុណ្ណោះ​។ ភ្ញៀវ​ទេសចរ​ណ៍​ភាគច្រើន ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​អាង​កំពីងពួយ​នេះ មាន​គោលបំណង​២​សំខាន់ គឺ ទី​១ ពួក​គេ​ចង់​ស្គាល់​អាង​កំពីងពួយ​នេះ ដែល​កសាង​ឡើង​ដោយ​កម្លាំង​មនុស្ស​សុទ្ធសាធ ដែល​បន្សល់​ទុក​ពី​សម័យ​ខ្មែរក្រហម និង ទី​២ ពួក​គេ​ចង់ទៅ​ហែល​ទឹក​កំសាន្ត​។

ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រមណីយដ្ឋាន​ដ៏​ល្បី​មួយ​នេះ ហាក់​ខ្សត់​ទឹក​យ៉ាង​ខ្លាំង ដែល​ជា​ហេតុ​នាំ​ឲ្យ​ភ្ញៀវ​ទេសចរ​​លេង​ចង់ទៅ​កំសាន្ត​។ កាលពី​ថ្ងៃ​សៅ​រ៍ចុង​ស​ប្ដា​ហ៍​មុន​នេះ អ្នក​លក់ដូរ​នៅ​តំបន់​ទេសចរ​ណ៍​មួយ​នេះ បាន​និយាយ​ប្រហាក់ប្រហែល​គ្នា​ថា ការ​ថយ​ចុះ​យ៉ាង​គំហុក នៃ​ភ្ញៀវ​ទេសចរ​​នេះ គឺ ដោយសារ​ការ​ផ្ទុះ​នៃ​ជំងឺ​កូ​វី​ដ​១៩​។ ប៉ុន្តែ​រឿង​គ្មាន​ទឹក​សម្រាប់​ហែល​លេង​នេះ ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ដែល​នាំ​ឲ្យ​តំបន់​ទេសចរ​ណ៍​ប្រវត្តិ​សស្ត្រ​មួយ​នេះ ស្ថិត​ក្នុង​សភាព​ស្ងាត់ជ្រងំ​យ៉ាង​សោះ​ក្រោះ រហូត​មក​ដល់​ពេល​នេះ
​ដែរ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ទឹក​នេះ បើ​តាម​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា បើ​ពិនិត្យ​លើ​ស្ថានភាព​ទឹក​នៅ​ក្នុង​អាង​កំពីងពួយ​សព្វថ្ងៃ​នេះ គេ​អាច​បើក​បង្ហូរ​បាន​ខ្លះ​ៗ តែ​អ្នក​គ្រប់​គ្រង​ទ្វារ​ទឹក បាន​បិត​ទាំងស្រុង​តែ​ម្ដង​។ គេ​សង្ស័យ​ថា ការ​បិទ​ទឹក​នេះ​ទំនង​អាច​ពាក់ព័ន្ធ​នឹង​ផល​ប្រ​យោ​ជ​ន៍ ដែល​មិន​ចុះសម្រុង​គ្នា​រវាង​មន្ទីរ​ទេសចរ​ណ៍ និង​មន្ទីរ​ធនធានទឹក​និង​ឧតុ​និយម​។ ពីព្រោះ​តំបន់​ទេសចរ​ណ៍​នេះ ជា​ប្រភព​ចំណូល​ដ៏​ធំដុំ​មួយ​ដែរ​។ ដូច្នេះ​ហើយ ទើប​ទ្វារ​ទឹក​ត្រូវ​បិត​ជិត​ឈឹង​​គ្មាន​ជ្រាប​មួយ​តំណក់​សោះ​នា​សព្វ​ថ្ងៃនេះ​ ៕

អត្ថបទសរសេរ ដោយ