រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារបានរៀបចំបើកសិក្ខាសាលាស្តីពី «ពន្ធលើប្រាក់ចំណេញ និងរបៀបបំពេញលិខិតប្រកាសពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ» នៅសាលប្រជុំសាលាជាតិពន្ធដារកាលពីព្រឹកថ្ងៃទី៣០ មករា ២០១៥ ក្រោមអធិបតីភាពលោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពីអភិបាលបណ្ណាធិការក្រុមហ៊ុន និងសហគ្រាសប្រមាណជា៤០០។
លោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានមានប្រសាសន៍ក្នុងឱកាសបើកសិក្ខាសាលាស្តីពី«ពន្ធលើប្រាក់ចំណេញ និងរបៀបបំពេញលិខិតប្រកាសពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំនោះថា សិក្ខាសាលានាពេលនេះមានសារសំខាន់ដោយបានរួមចំណែកខ្ពស់ក្នុងការពង្រឹងការអនុវត្តកាតព្វកិច្ចសារពើពន្ធ ហើយតាមរយៈសិក្ខាសាលានេះដែរសិក្ខាកាមទាំងអស់នឹងបានទទួលនូវចំណេះដឹងថ្មីៗបន្ថែមទៀតស្តីពីពន្ធលើប្រាក់ចំណេញ និងនីតិវិធីនៃការបំពេញលិខិតប្រកាសពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ។
នេះជាលើកទីមួយសម្រាប់ឆ្នាំ២០១៥ដែលត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានពន្ធដារស្របពេលដែលរដូវកាលនៃការដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណេញសម្រាប់ឆ្នាំ២០១៤បានឈានចូលមកដល់។ រដូវកាលនៃការប្រកាសបង់ពន្ធនេះ គឺចាប់ផ្តើមពីថ្ងៃទី០១ មករា និងត្រូវបិទបញ្ចប់ទៅវិញនៅថ្ងៃទី៣០ មិនាខាងមុខនេះ។
បទប្បញ្ញាត្តិស្តីពីពន្ធលើប្រាក់ចំណេញនេះមានចែងក្នុងជំពូក១នៃច្បាប់ស្តីពីសារពើពន្ធដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ កុម្ភៈ ១៩៩៧ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីសារពើពន្ធដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០៣០៣/០១០ ចុះថ្ងៃទី៣១ មិនា ២០០៣ តម្រូវឲ្យអ្នកជាប់ពន្ធជានិវាសនជនដែលមានប្រភពចំណូលកម្ពុជា និងប្រភពចំណូលបរទេស និងអនិវាសនជនដែលមានប្រភពចំណូលកម្ពុជាត្រូវជាប់កាតព្វកិច្ចបង់ពន្ធប្រភេទនេះ៕
ចែករំលែកព័តមាននេះ