រាជធានីភ្នំពេញ ៖ មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា «ដើម្បីសម្រួលដល់ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរដោយខ្សែរថយន្តក្រុង សាលារាជធានីភ្នំពេញបាននិងកំពុងសាងសង់រោងជម្រកសម្រាប់អ្នកដំណើររ់ងចាំជិះរថយន្តក្រុង Bus Stop Shelter បានចំនួន៣៤កន្លែងលើគម្រោងសរុប៨៩កន្លែងនៅតាមចំណតរថយន្តក្រុងទាំង៣ខ្សែ គឺខ្សែរត់ទី១ ទី២ និងខ្សែទី៣ ។
ជម្រករថយន្តក្រុងនេះផ្តល់ប្រយោជន៍សម្រាប់ការពារកម្តៅថ្ងៃ និងជ្រកភ្លៀងរបស់អ្នកដំណើរ ព្រមទាំងមានកៅអីអង្គុយរង់ចាំផងដែរ តែសូមបងប្អូនជួយថែរក្សាឲ្យបានគង់វង្សផង ដើម្បីផលប្រយោជន៍របស់យើងទាំងអស់គ្នា»។
គួររំលឹកថា ចំពោះខ្សែរថយន្តក្រុងដែលបានបើកឲ្យដំណើរការនាពេលកន្លងមកនេះមានចំនួន៣ខ្សែ គឺខ្សែទី១-រត់ពីគីឡូម៉ែត្រលេខ៩ ខណ្ឌឬស្សីកែវ កាត់រង្វង់មូលស្ពានជ្រោយចង្វារត្រើយខាងលិចតាមមហាវិថីព្រះមុនីវង្សឆ្ពោះទៅក្បាលថ្នល់ ឆ្លងស្ពានព្រះមុនីវង្សទៅច្បារអំពៅ និងទៅចូលនៅចំណតបឹងឈូក រួចបត់មកវិញ ក្នុងចម្ងាយប្រមាណ១៧គីឡូម៉ែត្រ ខ្សែទី២-ចេញពីផ្សាររាត្រី តាមវិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅរង្វង់មូលជ្រោយចង្វារបត់ឆ្វេងតាមផ្លូវលេខ៧០ ឬផ្លូវទំនប់ទួលគោកទៅអង់តែនទួលគោកបត់ឆ្វេងតាមមហាវិថីគឹមអ៊ីលស៊ុងឆ្លងទៅមហាវិថីម៉ៅសេងទុងដល់ស្តុបបូកគោបត់ស្តាំតាមមហាវិថីព្រះមុនីវង្ស រួចសសៀរតាមស្ពានអាកាសក្បាលថ្នល់បត់ស្តាំតាមផ្លូវជាតិលេខ២រហូតដល់តាខ្មៅតែម្តង ក្នុងចម្ងាយប្រមាណ១៤គីឡូម៉ែត្រ និងខ្សែរត់ទី៣-ចេញពីផ្សាររាត្រី តាមផ្លូវលេខ១០៦ កាត់ទៅផ្លូវនរោត្តម បត់ឡើងតាមផ្សារធំថ្មី ទៅវិថីកម្ពុជាក្រោម ឆ្ពោះទៅស្ពានអាកាស៧មករាឆ្លងទៅមហាវិថីសហពន្ធ័រុស្ស៊ី រហូតដល់រង្វង់មូលចោមចៅក្នុងចម្ងាយជាង១៥គីឡូម៉ែត្រ » ។
មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា« សាលារាជធានីភ្នំពេញបាន និងកំពុងត្រៀមរៀបចំខ្សែរថយន្តក្រុងសំរាប់ដឹកអ្នកដំណើរ បន្ថែមឲ្យបាន១៨ខ្សែ ឬស្ទើរទូទាំងរាជធានីភ្នំពេញតែម្តងនៅពេលខាងមុខ » ៕
ចែករំលែកព័តមាននេះ