ខេត្តសៀមរាប ៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានដឹកនាំក្រុមការងាររដ្ឋបាលក្រុងសៀមរាប ដោយមានការចូលរួមពីមន្ត្រីរាជការមកពីតាមបណ្តាសង្កាត់ និងសមាជិកក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្ត ចាប់ផ្តើមសម្អាតបរិស្ថានដងស្ទឹងសៀមរាប និងតុបតែងលម្អ ចាប់ពីគល់ស្ពានមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់ ក្នុងក្រុងសៀមរាប ដើម្បីត្រៀមធ្វើជាកន្លែងជិះទូកកម្សាន្តជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិដែលមកពីតាមបណ្តាខេត្ត នាឱកាសប្រារព្ធពិធីបែបសាសនានិងកីឡា ក្នុងក្រុងសៀមរាប នាថ្ងៃឈប់សម្រាករយៈពេល៥ថ្ងៃខាងមុខ ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យមានការឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ដល់ទី២១ ខែសីហាខាងមុខ ជាការសងចំពោះថ្ងៃឈប់សម្រាកកាលពីអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ ដែលបានអាក់ខាន ដោយសារកូវីដ-១៩ វាយលុកនៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។
នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ នៅរដ្ឋបាលសាលាខេត្ត មានរៀបចំកិច្ចប្រជុំ
មួយដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានបង្ហាញអំពីគម្រោងរៀបចំព្រឹត្តិការណ៍កម្សាន្តក្នុងថ្ងៃឈប់សម្រាកសងដើម្បីធ្វើការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍សុវត្ថិភាព និងជាឱកាសបង្ហើបឲ្យមានការវិនិយោគរួមគ្នារវាងវិស័យសុខាភិបាលនិងវិស័យសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ ។
នៅថ្ងៃទី១៧ និងទី១៨ ខែសីហា ឆ្នាំ២០២០ខាងមុខ គឺក្នុងអំឡុងនៃថ្ងៃសងឈប់សម្រាកនោះ
អាជ្ញាធរនិងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប គ្រោងនឹងរៀបចំឲ្យមានព្រឹត្តិការណ៍កម្សាន្ត ដើម្បីបង្ហាញនិងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍សុវត្ថិភាព ។ គម្រោងទាំងនោះ គឺជាដំណើរកម្សាន្តតាមព្រៃធម្មជាតិក្រៅពីប្រាសាទ និងកម្មវិធីកម្សាន្តសប្បាយផ្សេងៗច្រើនទៀត រួមទាំងការងារសន្តិសុខ អនាម័យប្រឆាំងកូវីដ-១៩ ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំ ដោយមានការចូលរួមពីមន្ត្រីមកពីស្ថាប័នជំនាញពាក់ព័ន្ធជាច្រើន ក្នុងនោះក៏មានវិស័យឯកជន ធុរជន និងប្រតិបត្តិករទេសចរណ៍ផងដែរ ។
ឯកឧត្តមអភិបាលខេត្ត ទៀ សីហា បានសង្កត់ធ្ងន់ថា រយៈពេលជាងកន្លះឆ្នាំកន្លងមកនេះដែលស្ថិតនៅក្នុងវិបត្តិកូវីដ-១៩ ខេត្តសៀមរាប បានប្រើប្រាស់អំឡុងពេលនោះ ជាឱកាសនៃរៀបចំត្រៀមលក្ខណសម្បត្តិ ធ្វើឲ្យវិស័យទេសចរណ៍រស់ឡើងវិញ និងប្រសើរជាងមុន ក្រោយពេល
ដែលវិបត្តិកូវីដ-១៩ស្ងប់ស្ងាត់ទៅវិញ ។ យ៉ាងណាក៏ដោយ ក្រោមការអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ការចម្លងវីរុសកូវីដ-១៩ចូលក្នុងសហគមន៍ ពុំមានកើតឡើងនោះទេ ហើយក៏ពុំមាននរណាម្នាក់ស្លាប់ដោយសារជំងឺនេះដែរ ។
មកដល់ពេលនេះ វាគឺជាកាលៈទេសៈដែលត្រូវបានគិតគូរអំពីការបង្ហើបឲ្យមានដង្ហើមសេដ្ឋកិច្ចជាបណ្តើរៗឡើងវិញ តាមរយៈនៃវិស័យទេសចរណ៍ តែមិនត្រូវឲ្យឃ្លាតឆ្ងាយអំពីការពង្រឹងវិ
ធានការប្រឆាំងកូវីដ-១៩ ដើម្បីសុខភាពប្រជាជន និងដើម្បីសុវត្ថិភាពសហគមន៍នោះឡើយ។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា គោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍កម្សាន្ត ក្នុងថ្ងៃឈប់សម្រាកខាងមុខនេះ គឺស្មើនឹងការផលិតស្ប៉តផ្សព្វផ្សាយមួយ ជាមួយនឹងការអះអាងថា សៀមរាប-អង្គរគឺជាគោលដៅទេសចរណ៍សុវត្ថិភាពរបស់កម្ពុជា ហើយក៏ជាការអំពាវនាវជំរុញឲ្យមានដំណើរការចរន្តទេសចរណ៍ក្នុងស្រុកផងដែរ និងជាឱកាសបង្ហើបឲ្យមានការវិនិយោគរួមគ្នារវាងវិស័យសុខាភិបាលនិងវិស័យសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ ។
ឯកឧត្តមអភិបាលខេត្ត មានក្តីសង្ឃឹមជឿជាក់ថា ព្រឹត្តិការណ៍ថ្ងៃឈប់សម្រាកនេះនឹងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប ទទួលបានចំណូលមួយផ្នែកក្រៅពីអាជីពប្រចាំថ្ងៃ និងធ្វើឲ្យជីវភាពបងប្អូនបានធូរស្រាល ក្នុងពេលដែលនៅលើពិភពលោកកំពុងជួបវិបត្តិជំងឺកូវីដ-១៩នេះផងដែរ ៕