ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​១៦​នាក់​ជួប​ឧប្បត្តិហេតុ​លិច​ទូក​ក្នុង​សមុទ្រ​នៅ​កោះ​រ៉ុ​ង​សន្លឹម

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ពលរដ្ឋ​ចំនួន​១៦​នាក់​មាន​ទាំង​ស្ត្រី ទាំង​បុរស និង​ក្មេង​តូច​ៗ ដែល​រង​គ្រោះ​ដោយសារ​ការ​លិច​ទូក​នៅ​កោះ​រ៉ុ​ង​កាលពី​ល្ងាច​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២០ កន្លង​មកនេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ពលរដ្ឋ​ចំនួន​១៦​នាក់​មាន​ទាំង​ស្ត្រី ទាំង​បុរស និង​ក្មេង​តូច​ៗ ដែល​រង​គ្រោះ​ដោយសារ​ការ​លិច​ទូក​នៅ​កោះ​រ៉ុ​ង​កាលពី​ល្ងាច​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២០ កន្លង​មកនេះ ត្រូវ​បាន​ជួយ​សង្គ្រោះ​រួច​ផុត​ពី​គ្រោះថ្នាក់​ហើយ បន្ទាប់​ពី​បាន​ដឹក​ជន​រង​គ្រោះ​តាម​ទូក​នេសាទ​មួយ​គ្រឿង​មក​ដល់​ដីគោក នៅ​ចំណុច​កំពង់​ផែ​ចំណតទូក​ទំនប់​រលក​វិញ​នៅ​យប់​ថ្ងៃ​ដដែល​នេះ ក្រោយមក​បាន​បញ្ជូន​បន្ត​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​ជួយ​ពិនិត្យ​តាមដាន​សុខភាព​បន្ត ក្រោម​ការ​ចាត់ចែង​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះ​សីហ​នុ​។

សេចក្តីរាយការណ៍​បន្ត​ថា ទូក​ដែល​លិច​នេះ​ជា​ប្រភេទ​ទូក​ឈើ (​បេ​អឺ ) បាន​លិច​នៅ​ចំណុច ចន្លោះ​កោះ​រ៉ុ​ង​សន្លឹម និង​កោះ​តូច មាន​ចម្ងាយ​ប្រមាណ​៣​ម៉ា​យ (​ជិត​៥​គីឡូម៉ែត្រ​) ពី​កោះ​តូច ស្ថិត​នៅ​ក្នុង​សង្កាត់​កោះ​រ៉ុ​ង ក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​លិច​ទូក​ខាងលើ​នេះ បើ​តាម​ការ​ឲ្យ​ដឹង​ពី​បុរស​ម្នាក់​ឈ្មោះ សេង រិ​ទ្ធី អាយុ​៥៤​ឆ្នាំ ជា​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​លិច​ទូក​នេះ​ដែរ បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​លិច​ទូក គឺ​បណ្តាល​មក​ពី​ខូច​ប្រព័ន្ធ​បូមទឹក ហើយ​គាប់​ជួន​នឹង​មេឃ​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​ក​ន្ទ្រា​ក់ ព្រមទាំង​ទឹក​រលក​ខ្លាំង​ៗ​បោក​មក​លើ​ទូក​ទៀត បណ្តាល​ឲ្យ​បែក​ក្តារ​ទូក​ផ្នែក​ខាង​មុខ បន្ទាប់​មក​ទូក​ក៏ លិច​តែ​ម្តង ប៉ុន្តែ​សំណាងល្អ​បាន​ក្រុមការងារ​សមាគម​ដឹក​ជញ្ជូន​លោក​ឧកញ៉ា ទៀ វិចិត្រ​បាន​បញ្ជូន​អូរ​ប័​រ​ល្បឿន​លឿន​មក​ជួយ​សង្គ្រោះ​បាន​ទាន់​ពេល ។

បើ​តាម​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង​២​រសៀល ថ្ងៃ​ទី​០១ ខែសីហា​កន្លង​មកនេះ នៅ​ខេត្ត​ព្រះ​សីហ​នុ ធាតុអាកាស​លើ​ផ្ទៃ​សមុទ្រ​មេឃ​នៅ​តែ​មាន​ភាព​អ៊ួ​រ​អាប់ មាន​ភ្លៀង​ធ្លាក់​ស្ទើរ​គ្រប់កន្លែង ខ្យល់​បក់​បង្គួរ និង​មាន​រលក​នៅ​ចន្លោះ​ឃ្ល​ង​បង្គួរ​។ ស្ថានភាព​បែប​នេះ លោក​ស្នង​ង​ការ បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​នគរ​បាល​ទេ​ចរណ៍ និង​នគរបាល​ចរាចរ​ផ្លូវទឹក​ឲ្យ​ពង្រឹង​តាម​គោលដៅ និង​ធ្វើការ​ណែនាំ​ភ្ញៀវ​ទេស​ចរណ៍​ជាតិ និង​អន្តរជាតិ ដែល​ចុះ​លេង​ទឹកសមុទ្រ​នៅ​តាម​ឆ្នេរ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ កុំ​ចុះ​លេង​ឃ្លាតឆ្ងាយ​ពី​មាត់​ឆ្នេរ​ពេក និង​ហាម​មិន​ឲ្យ​ក្មេង​តូច​ៗ​អាយុប្រមាណ​៧​ឆ្នាំ​ចុះ​លេង​ទឹក ដោយហេតុ​ថា​នេះ​ជា​រដូវភ្លៀង​អាច​មាន​រលក​ធំ​ៗ ខ្យល់​បក់​ខ្លាំង អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​។

ចំណែក​នៅ​តាម​បណ្តា​កោះ លោកស្នងការ​នគរបាល​ខេត្ត ក៏​បាន​បញ្ជា​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​កោះ​រ៉ុ​ង​សន្លឹម ក្រុង​កោះ​រ៉ុ​ង ចុះ​ធ្វើការ​ណែរ​នាំ និង​ផ្សព្វផ្សាយ​ដល់​ទូក​នេសាទ ទូក​ដឹក​ទំនិញ និង​ទូក​ដឹក​អ្នក​ទេសចរណ៍​តាម​សមុទ្រ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ពេល​មាន​ភ្លៀង ខ្យល់ ឬ​រលក​ខ្លាំង​ជាដើម ។

ជា​ចុង​ក្រោយ​លោក​នគរបាល​ខេត្ត ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​ទាំងអស់ សូម​យកចិត្តទុកដាក់​ស្តាប់​ការ​ណែនាំ​ពី​មន្ត្រី​ជំនាញ​ទាំងអស់ ដើម្បី​បង្ការ និង​បញ្ចៀស​​បាន​ពី​ឧបទ្ទវហេតុ​ផ្សេង​ៗ​ដោយ​គ្រោះ​ធម្មជាតិ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ