ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋដែលបើកបរម៉ូតូ និងរថយន្តនៅតាមដងផ្លូវជាតិមានការងឿងឆ្ងល់ និងធ្វើការរិះគន់ទៅលើម្ចាស់រថយន្តខ្នាតយក្ស១គ្រឿង ដែលដឹកសំរាម សម្បកការ៉ុងកន្ទក់ រហែករយ៉េរយ៉ៃ និងសម្បកដប យកទៅបោះចោលនៅក្បែរចិញ្ចើមផ្លូវ ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។ ហេតុការណ៍ម្ចាស់រថយន្តខ្នាតធំ បើកបរដឹកសម្រាមយកទៅបោះចោលនៅក្បែរចិញ្ចឹមផ្លូវនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៤៥នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅ ក្បែរជ្រោះមរណៈ តាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលធ្វើដំណើរនៅតាមដងផ្លូវជាតិខាងលើ បានរៀបរាប់ឱ្យដឹងថា គេសង្កេតឃើញមានរថយន្ត១គ្រឿង ម៉ាកហ្វុយសូ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-0594 ដែលម្ចាស់មិនស្គាល់អត្តសញ្ញាណ រួមជាមួយនឹងព្រូម្នាក់ បើកបរក្នុងទិសដៅពីលិច ទៅកើត លុះដល់កន្លែងស្រឡះល្អ និងគ្មានមនុស្ស ក៏ស្រាប់តែពួកគេឈប់រថយន្តនៅខាងស្តាំដៃ មើល មុខមើលក្រោយទំនងក៏ចុះបើកទ្វារទ្រុងផ្នែកចំហៀង ដោយគេស្មានតែម្ចាស់រថយន្ត និងព្រូ នាំគ្នាឈប់បត់ជើងតូច លុះក្រឡេកមើលទៅស្រាប់តែឃើញពួកគេទាញសំរាមចេញពីក្នុងទ្រុងរថយន្ត ដូចជា សម្បកការ៉ុងកន្ទក់ និងសម្បកដប ទម្លាក់ពីលើរថយន្តបោះចោលទៅលើស្មៅក្បែរចិញ្ចើមផ្លូវ តែម្តង។

ប្រភពបន្តទៀតថា ការបោះចោលសំរាមបែបនេះ គឺពេលដែលពួកគេឃើញផ្លូវខាងលើ ជាកន្លែងស្ងាត់ម៉ូតូ និងរថយន្តបើកបរចេញចូលទៅមក ហើយជាឱកាសល្អក៏បោះចោលតែម្តង។ ប្រជាពលរដ្ឋធ្វើការរិះគន់ថា ការបោះចោលសំរាមអនាធិបតេយ្យបែបនេះ ពិតជាធ្វើឱ្យប៉ះ ពាល់ដល់បរិស្ថានខ្លាំងយ៉ាងខ្លាំង បើសិនជាមានថង់ប្លាស្ទិក និងសម្បកដបផ្សេងៗ អាចបង្កភាពរាយប៉ាយពាសពេញចិញ្ចើមផ្លូវជាក់ជាមិនខាន។

ម្យ៉ាងវិញទៀត បើសិនជា ប្រជាពលរដ្ឋនាំគ្នាធ្វើបែបនេះគ្រប់ៗគ្នានៅក្បែរៗចិញ្ចើមផ្លូវអាចនឹងប៉ះពាល់បរិស្ថាន បាត់បង់នូវសោភ័ណភាពជាដើម គ្មានសណ្តាប់ធ្នាប់។ ម្យ៉ាងវិញទៀត ពេលភ្ញៀវទេសចរធ្វើដំណើរតាមដងផ្លូវខាងលើនេះ អាចនឹងរិះគន់ដល់អ្នកដែលចោលសំរាម ថាគ្មានមាយាទជាដើម។ លើសពីនេះ បើសិនជាយកល្អគួរតែដឹកយកទៅដាក់គរលើគ្នារួចដុតចោល ឬដឹកយកទៅកន្លែងចាក់សំរាមក៏បានដែរ ដើម្បីឱ្យបរិស្ថានតាមដងផ្លូវជាតិមើលទៅស្រស់បំព្រង៕ ដោយ ៖ នីយ៉ា
ចែករំលែកព័តមាននេះ