រាជធានីភ្នំពេញ ៖ ស្របពេលដែលរាជរដ្ឋាភិបាលប្រកាសឧបត្ថម្ភថវិកា៤០ដុល្លារអាមេរិកសម្រាប់កម្មករ និយោជិតម្នាក់ៗ រយៈពេល២ខែបន្ថែមទៀត រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ តំណាងសហជីពក្នុងស្រុកមួយបានអំពាវនាវដល់រាជរដ្ឋាភិបាលធ្វើការពិនិត្យឡើងវិញ ចំពោះក្រុមហ៊ុន ឬសហគ្រាសទាំងអស់ដែលចង់បិទក្រុមហ៊ុន ឬព្យួរការងារ ។

លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានឱ្យដឹងថា មកដល់ពេលនេះ គឺមានក្រុមហ៊ុនមួយចំនួននៅដំណើរការធម្មតា និងក្រុមហ៊ុនមួយចំនួនមានបញ្ហាដោយសារឥវ៉ាន់មានតិចតួចមិនអាចដេរគ្រប់ ធ្វើឱ្យក្រុមហ៊ុនព្យួរការងារ ហើយខ្លះព្យួរដោយខែ និងក្រុមហ៊ុនខ្លះទៀតបានបិទទ្វារ ។ ចំណែកកម្មករកំពុងធ្វើការ គេទទួលបានអាទិភាពប្រសើរ តែចំណែកកម្មរត្រូវបានព្យួរការងារគឺគាត់មានការលំបាក ពិសេសអ្នកបាត់បង់ការងារធ្វើ ពួកគាត់មានការលំបាកមែនទែន។

ដោយមើលឃើញពីការលំបាករបស់កម្មករនិយោជិតតាមរយៈការព្យួរការងារ លោក អាត់ធន់ ក៏បានអំពាវនាវដល់រាជរដ្ឋាភិបាលពិនិត្យដល់ក្រុមហ៊ុន សហគ្រាសក៏ដូចជា មន្ត្រីក្រោមឱវាទខ្លាចដូចជា ត្រីងៀតឆ្លៀតពងជាដើម ។

លោក អាត់ ធន់ មានប្រសាសន៍ថា «ក្នុងនាមតំណាងឱ្យកម្មករនិយោជិត យើងសូមអំពាវនាវដល់ខាងរាជរដ្ឋាភិបាលធ្វើការពិនិត្យឡើងវិញ ចំពោះក្រុមហ៊ុន សហគ្រាសទាំងអស់ បើព្យួរបានចាំឱ្យព្យួរការងារកុំឱ្យគាត់បិទធ្វើឱ្យបាត់បង់ការងាររបស់កម្មករ ថែមទាំងមិនទទួលបានលុយ៧០ដុល្លារអាមេរិកថែមទៀត ហើយជួយត្រួតមើលមន្ត្រីក្រោមឱវាទមួយចំនួន ដែលគាត់កំពុងធ្វើការងារនេះកុំឱ្យដូចត្រីងៀតឆ្លៀតពង កម្មករកំពុងតែលំបាកហើយ គាត់(មន្ត្រី)សហការបិទក្រុមហ៊ុនដើម្បីទទួលបានលាភ
សក្ការៈ»។

លោកលើកឡើងថា ក្រុមហ៊ុនខ្លះគាត់បិទដោយសារគាត់ក្ស័យធុននោះយើងអត់ខ្វល់ទេ តែក្រុមហ៊ុនខ្លះគាត់មិនត្រូវបិទទេ តែគាត់បិទដោយសារតែមានការផ្តល់ភ្លើងខៀវពីមន្ត្រីណាមួយអីទៅ។ លោកលើកឡើងថា «គោលការណ៍របស់រាជរដ្ឋាភិបាល គឺផ្តល់ឱ្យ៤០ដុល្លារអាមេរិក សម្រាប់កម្មករកាត់ដេរត្រូវបានព្យួរការងារ ។ ក្នុងវិស័យកាត់ដេរនេះ តម្រូវនិយោជក (ម្ចាស់រោងចក្រ) ផ្តល់ប្រាក់៣០ដុល្លារអាមេរិកបន្ថែមទៀត។ នៅពេលរាជរដ្ឋាភិបាលផ្តល់ ឬឧបត្ថម្ភប្រាក់៤០ដុល្លារអាមេរិកជូនកម្មករចំនួនពីរខែបន្ថែមទៀតនេះ ខ្ញុំគិតថាចំពេលនេះបញ្ហាកូវីដវានៅមិនទាន់ចប់ ហើយរោងចក្រនៅបន្តព្យួរ អីចឹងវាជាការផ្តល់នូវផ្នែកមួយជួយដល់កម្មករក្នុងកំឡុងជំងឺកូវីដនេះ ហើយបស្ថានភាពនេះវាប្រសើរឡើងវិញ ខ្ញុំគិតថាកម្មករអាចវិលត្រលប់ទៅកន្លែងការងាររបស់គាត់បាន»។
បើតាមប្រធានសម្ព័ន្ធសហជីពខាងលើរូបនេះ ការផលិតនៅក្នុងវិស័យកាត់ដេរមកដល់ពេលនេះ ការផលិតមានការធ្លាក់ចុះច្រើន អាចរហូតដល់៣០ឬ៤០% ហើយកន្លងទៅថ្មីៗនេះ លោកទទួលបានកិច្ចប្រជុំមួយជាមួយអ្នកបញ្ជាទិញកាលសប្តាហ៍ទីពីរនៃខែមុននេះ គឺមានរោងចក្រចំនួន៤១៤ ដែលមានកម្មករជាង២៤ម៉ឺននាក់បានព្យួរមកដល់បច្ចុប្បន្ននេះ៕
ចែករំលែកព័តមាននេះ