ខេត្តបន្ទាយមានជ័យ ៖ ជ្រូករស់ចំនួន២២ក្បាលដឹកតាមរថយន្ត១គ្រឿង ចេញពីស្រុកថៃចូលតាមច្រកទំនប់ដាច់ ក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រូវបានឯកឧត្តម តាន់ផាន់ណារ៉ាប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ រួមជាមួយក្រុមការងារ ឃាត់ចាប់កាលពីវេលាម៉ោងប្រមាណ១រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥ ក្នុងភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ ។

ឯកឧត្តម តាន់ ផាន់ណារ៉ា បានឲ្យដឹងថា រថយន្តលួចដឹកជ្រូកនាំមកពីថៃនោះម៉ាកសាំយ៉ុង ពណ៌សម្បកឪឡឹក ជាប្រភេទរថយន្តដឹកអ្នកដំណើ១២កៅអី ពាក់ផ្លាកលេខ ភ្នំពេញ ២J-៣៤១០ ។ រថយន្តនេះផ្ទុកជ្រូករស់ចំនួន២២ក្បាលលួចនាំចូលពីប្រទេសថៃតាមច្រកទំនប់ដាច់ បំណងយកទៅលក់ចែកចាយនៅខេត្តសៀមរាប ដោយគ្មានច្បាប់អនុញ្ញាតអ្វីទាំងអស់ ។

ការឃាត់ចាប់រថយន្តលួចដឹកជ្រូកចូលនេះបាន ដោយសហការជាមួយក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់ការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តនិងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

ឯកឧត្តមអគ្គនាយកបញ្ជាក់ឲ្យដឹងទៀតថា វត្ថុតាងខាងលើ ត្រូវបានយកមកបង្ខាំងទុកនៅកន្លែងចត្តាឡីស័ក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីយកសំណាកវិភាគផ្ញើទៅអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីរង់ចាំអនុវត្តនីតិវិធីនិងផាកពិន័យ ។ ការទប់ស្កាត់បង្ក្រាបនេះ ជាការទទួលខុសត្រូវក្នុងតួនាទីភារកិច្ចរបស់មន្ត្រីពេទ្យសត្វនិងជាការអនុវត្តតាមការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។

វិធានការនេះ ត្រូវបានបង្កើនឡើងក្នុងឱកាសដែលឈ្មួញលួចនាំចូលមាន់រស់ ក៏ដូចផលិតផលពី
បក្សី ជ្រូក គោក្របីឬបទល្មើសផ្សេងទៀតនៅតាមច្រករបៀងផ្សេងៗ ដែលផ្ទុយពីគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចការណែនាំ ដាក់បញ្ជាបន្ថែមពីគណៈបញ្ជាការឯកភពរដ្ឋបាលខេត្តនិងមន្ត្រីពេទ្យសត្វផងដែរ ៕

ចែករំលែកព័តមាននេះ