ខេត្តរតនគិរី ៖ ទីតាំងស្តុកឈើប្រណីតមួយកន្លែង បានត្រូវនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចមូលដ្ឋាន ចុះបង្ក្រាបនិងរឹបអូសឈើយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើលំផាត់ ដើម្បីចាត់ការបន្តនិងនាំខ្លួនម្ចាស់ទីតាំង២នាក់ទៅសាកសួរនិងកសាងសំណុំរឿង ។

ការបង្ក្រាបទីតាំងស្តុកឈើខុសច្បាប់នេះមានការចង្អុលបង្ហាញពីឯកឧត្តម ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត សម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងខេត្ត លោក លាង អ៊ូ ព្រះរាជអាជ្ញារង លោក នូវ ដារា នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត រួមទាំងកម្លាំងរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចមូលដ្ឋានផងដែរ ។
ទីតាំងស្តុកឈើដ៏ធំនេះ ត្រូវបានកម្លាំងចម្រុះចុះបង្ក្រាបកាលពីវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅភូមិ«គ៦០» ឃុំត្រពាំងច្រេស ស្រុកកូនមុំ ។ តាមប្រភពព័ត៌មានឱ្យដឹងថា ប្រតិបត្តិការនេះសមត្ថកិច្ចនៅកំពុងបន្តធ្វើមិនទាន់បញ្ចប់នៅឡើយទេ ។

ប្រភពព័ត៌មានឲ្យដឹងថា ទីតាំងនោះមានស្តុកឈើយ៉ាងច្រើន ហើយត្រូវបានរឹបអូសដឹកជញ្ជូនយកទៅផ្នែករដ្ឋបាលព្រៃឈើលំផាត់ ស្ថិតនៅក្នុងសង្កាត់កាចាញ ក្រុងបានលុង ដើម្បីធ្វើការវាស់វែង ។
ប្រភពដដែលឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះ ក៏មានការនាំខ្លួនម្ចាស់ទីតាំង២នាក់ផងដែរ ប៉ុន្តែមិនទាន់ត្រូវបានប្រាប់ឈ្មោះឲ្យដឹងនៅឡើយទេ ឯបរិមាណឈើក៏ពុំទាន់ដឹងចំនួនពិតប្រាកដដែរ ៕




ចែករំលែកព័តមាននេះ