ខេត្តកែប ៖ យោងតាមផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបឆ្នាំ២០២០-២០៣០ ដែលបានរៀបចំឡើងស្របតាមផែនការយុទ្ធសាស្ត្រ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជានោះខេត្តឆ្នេរសមុទ្រមួយនេះនឹងក្លាយជាគោលដៅទេសចរណ៍សម្រាកកម្សាន្តស្ងប់ស្ងាត់បែប ប្រណិតកម្រិតខ្ពស់នាពេលខាងមុខ ។

ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាខាងលើនេះគណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តកែប នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់កម្រិតបច្ចេកទេស ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃស្ថានភាពបច្ចុប្បន្ន នៃវិស័យនីមួយៗ ក្រោមចំណុះរដ្ឋ បាលខេត្តកែប សម្រាប់ជាមូលដ្ឋានបន្ថែមក្នុងការរៀបចំ ផែនការមេអភិវឌ្ឍ ទេសចរណ៍ ខេត្តកែបឆ្នាំ២០២០-២០៣០ ។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះស្ថិតក្រោមវត្តមានលោក នី ផល្លី អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការអន្តរ ក្រសួង តំណាងដ៏ខ្ពង់ ខ្ពស់លោកមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមាន ការចូលរួមពី លោក ជំទាវ អ៊ុល ភីរុណ អភិបាលរងនៃគណៈអភិបាលខេត្តកែប មន្ទីរអង្គ ភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក អាជ្ញាធរមូលដ្ឋានជុំវិញខេត្តកែប។
លោក នី ផល្លា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថា ផែនការមេសម្រាប់ ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបនេះ គឺរៀបចំឡើងស្របតាមផែនការយុទ្ធសាស្ត្រ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានកំណត់យកខេត្តកែបជាគោលដៅទេសចរណ៍សម្រាកកម្សាន្តស្ងប់ស្ងាត់បែបប្រណិតកម្រិតខ្ពស់។

លោកអនុរដ្ឋលេខាធិការបានបន្តថាដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាខាងលើនេះគឺលោកអនុរដ្ឋលេខាធិការបានបញ្ជាក់ជូនថា ទាមទារជាចាំបាច់អោយមាន ការយកចិត្តទុក ដាក់ខ្ពស់ លើការរៀបចំផែនការពង្រឹងគុណភាពសេវាកម្មនិងផលិត ផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិតក្នុងនោះក៏មានការគាំពារដល់ធនធានធម្មជាតិ ការថែរក្សាបរិស្ថាន ការគ្រប់គ្រង សំណល់រឹង-រាវអោយបានហ្មត់ចត់ ការផលិតនិងផ្គត់ផ្គង់ អគ្គិសនីនិងទឹកស្អាតត្រូវ មានផែនការច្បាស់លាស់ ក៏ដូចជាការធ្វើពិពិធកម្មគោលដៅទេស ចរណ៍ដែលមានស្រាប់ ការអភិវឌ្ឍផលិតផលនិងគោលដៅទេសចរណ៍ថ្មីៗបន្ថែមទៀត ។
លោកបញ្ជាក់បន្ថែមកិច្ចការដ៏មានសារៈសំខាន់ទៀតនោះគឺការអភិវឌ្ឍ ធនធានមនុស្សលើ ជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍ដើម្បីធានាបាននូវការផ្តល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាពនិងភាពកក់ក្តៅ ដែលទាំងនោះគឺជាកត្តាគន្លឹះចាំបាច់ ក្នុងការទាក់ទាញ ភ្ញៀវទេសចរបែបគុណភាពមកលេងនិងសម្រាកនៅខេត្តកែបបានរយៈពេលកាន់តែយូរ ក៏និងមកកម្សាន្តខេត្តកែបម្តងហើយម្តងទៀត។
លោក នី ផល្លា ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ រដ្ឋបាលខេត្តកែប មន្ទីរអង្គភាព ជំនាញពាក់ព័ន្ធ និងរដ្ឋបាលក្រុងស្រុកក្នុងខេត្ត ដែលតែង តែផ្តល់កិច្ចសហការយ៉ាងជិតស្និត និងផ្តល់ជូនក្រុមការងារលេខាធិការដ្ឋាន នូវឯកសារ និងផែនការអភិវឌ្ឍតាមវិស័យនីមួយៗ រៀងៗខ្លួន ដើម្បីបានជាមូលដ្ឋានបន្ថែមក្នុងការវិភាគ និងការធ្វើបច្ចុប្បន្នភាពស្ថានភាពទេស ចរណ៍ក្នុងខេត្តកែប ឆ្ពោះទៅការសរសេរផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅ ខេត្តកែបដែលគ្រោងនឹងបញ្ចប់នាពេលដ៏ខ្លីខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា ផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តកែបឆ្នាំ២០២០-២០៣៥ នឹងដើរតួរជា ត្រីវិស័យសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តកែប ប្រកបដោយចីរភាព និងឧត្តម ភាពប្រកួតប្រជែងខ្ពស់កម្រិតតំបន់និងអន្តរជាតិក្នុងការទាក់ទាញទាំងអ្នកវិនិយោគគុណភាព និងភ្ញៀវទេសចរកម្រិតខ្ពស់មកខេត្តកែប ៕
ចែករំលែកព័តមាននេះ