ខេត្តមណ្ឌលគិរី៖ ហាងKTVដ៏ធំមួយកន្លែងនៅក្រុងសែនមនោរម្យ ត្រូវបានសមត្ថកិច្ចចុះផ្អាកនឹងដកហូតឧបករណ៍ជាច្រើន ដោយសារម្ចាស់ទីតាំងលួចបើកអាជីវកម្មល្មើសទៅនឹងបំរាមរបស់ក្រសួងសុខាភិបាល ខណៈចំនួនអ្នកជំងឺកូវីដ១៩កំពុងបន្តកើនឡើងជាលំដាប់លើពិភពលោក ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងខារ៉ាអូខេមួយយីហោ« រ៉ូយ៉ាល់» ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ត្រូវសមត្ថកិច្ចព្រមានក្រោយពេលដែលខារ៉ាអូខេនេះលបលួច ដំណើរការឲ្យភ្ញៀវចូលច្រៀងក្រោមលេសភោជនីយ
ដ្ឋានល្មើស និងបំរាមហាមឃាត់។

ក្នុងប្រតិបត្តការ ដែលដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ត្រី ហួន គឹមហេង និងលោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា នោះពិនិត្យឃើញថា ទីតាំងល្មើសមានបន្ទប់ការ៉ាអូខេចំនួន១៣ បើកដំណើរការ៥បន្ទប់។មានស្ត្រីបំរើការចំនួន២៨នាក់ ប្រុស៧នាក់។ក្នុងចំណោមស្ត្រី២៨នាក់នោះមាន១៥នាក់បំរើចាក់Beerដោយផ្ទាល់ជាមួយភ្ញៀវនិងអ្នកដទៃទៀតបំរើកាងារផ្សេងៗ។

លោក ងិន សុវិមាន បានអប់រំណែនាំដល់ម្ចាស់ខារ៉ាអូខេនេះផងដែរ អំពីបំរាមនិងទប់ស្កាត់នូវសកម្មភាពប្រាសចាកនៃសេចក្តីណែនាំស្តីពីវិធានការបង្ការ និងទប់ស្កាត់វីរុសកូវីដ-១៩។ក្នុងប្រតិបត្តការនោះ ម្ចាស់ទីតាំងបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្មើសបំរាម។

មិនត្រឹមតែប៉ុណ្ណោះ សមត្ថកិច្ចបានដកហូតសម្ភារបំរើដល់ការច្រៀងរាំរួមមាន ៖ ១-អំភ្លីចំនួន៣គ្រឿង ២-ក្បាល FM ចំនួន៤គ្រឿង ៣-ក្លាយអិនចំនួន៤គ្រឿង ៤-អេហ៊ិចចំនួន៤គ្រឿង ៥-ថាច់ស្គ្រីនចំនួន៤គ្រឿង ៦-ក្បាលមីក្រូហ្វូនចំនួន២ដើម ។

សូមជម្រាបថា ភ្ញៀវដែលចូលច្រៀងខារ៉ាអូខេនៅរ៉ូយ៉ាល់ នៅថ្ងៃសមត្ថកិច្ចបង្ក្រាបនោះ សុទ្ធសឹង ជាបុរសៗដែលមានទីលំនៅក្នុងខេត្តមណ្ឌលគិរី ពិសេសក្រុងសែនមនោរម្យនោះតែម្តង ពុំមានអ្នកខេត្តដទៃនោះទេ៕
ចែករំលែកព័តមាននេះ