រាជធានីភ្នំពេញ ៖ ក្នុងការអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលយ៉ាងម៉ត់ចត់ក្នុងការការពារ និងទប់ស្កាត់នូវការឆ្លងជំងឺកូវីដ ១៩ នៅកម្ពុជានោះ ថ្មីៗនេះ និស្សិតយោធាកម្ពុជា ដែលបានបញ្ចប់ការសិក្សានៅប្រទេសរុស្សី ចំនួន៦៤នាក់ ត្រូវបានដាក់ឲ្យបន្តធ្វើចត្តាឡីស័កតង់ទី២ បន្ទាប់ពីការធ្វើចត្តាឡីស័កជុំទី១ ចប់សព្វគ្រប់ ។

យោងតាមព័ត៌មានពីមជ្ឈមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារនៃនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ កាលពីរសៀលថ្ងៃទី ៣០ កក្កដាកន្លងទៅបានឲ្យដឹងថា នៅវេលាម៉ោង១៤.០០នាទី ថ្ងៃព្រហស្បត្តិ៍ មជ្ឈមណ្ឌលហ្វឹកហ្វឺននិងជួសជុលបញ្ជូនសារនៃនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានទទួលយកនិស្សិតយោធាកម្ពុជា ដែលបានបញ្ចប់ការសិក្សានៅប្រទេសរុស្សី ចំនួន៦៤នាក់ (ហុកសិបបួននាក់គត់) ក្រោយពីក្រុមនិស្សិតទាំងនោះបានបញ្ចប់ការធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃ នៅសាលាបឋមសិក្សាហ៊ុនសែនបុរី១០០ខ្នង (ក្រុងភ្នំពេញ) និងបន្តធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃបន្ថែមទៀត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺននិងជួសជុលបញ្ជូនសារ នៃនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ។


សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០ នេះកម្ពុជាបានរកឃើញករណីវិជ្ជមានកូវីដ ១៩សរុបចំនួន ២៣៤ នាក់ (ស្រី ៤៦នាក់និងប្រុស ១៨៨នាក់) និងចំនួនអ្នកព្យាបាលជាសះស្បើយទូទាំងប្រទេសចំនួន ១៦៤នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យចំនួន ៦៨នាក់ ៕




ចែករំលែកព័តមាននេះ