រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានអបអសាទខួប១១ឆ្នាំនៃ ការដាក់បញ្ចូលសារមន្ទីរទួលស្លែងនៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោករបស់អង្គការយូណេស្កូរ។ សម្តេចតេជោ បានសរសេរលើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២០ថា អបអរសាទរ ខួប១១ឆ្នាំ នៃការដាក់បញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងក្នុងបញ្ជីស្មារ តីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី៣១កក្កដានេះ ។

សម្តេចបន្តថា បណ្ណសារសារមន្ទីរទួលស្លែងបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក នៅខែកុម្ភៈ ឆ្នាំ២០០៨ ហើយបន្តទទួលចុះក្នុងបញ្ជីស្មារតី ចងចាំនៃពិភពលោកថ្នាក់អន្តរជាតិនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០០៩ ។ សម្តេចតេជោក៏បានឲ្យដឹងថា បច្ចុប្បន្នសារមន្ទីរទួលស្លែង កំពុងអនុវត្តគម្រោង អភិរក្ស និងថតចម្លងឯកសារឌីជីថលជិត៥០០,០០០ទំព័រ ទៅក្នុងប្រព័ន្ធកុំព្យូរទ័រ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈអង្គការយូណេស្កូ ។

សូមថ្លែងអំណរគុណចំពោះក្រុមការងារចម្រុះ ដែលមានសមាសភាពមកពីទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការយូណេស្កូជាតិ ការិយាល័យយូណេស្កូភ្នំពេញ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ(នាយកដ្ឋានសារមន្ទីរ និងសារមន្ទីរទួលស្លែង) ដែលបានសហការចូលរួមរៀបចំស្រាវជ្រាវ និងចងក្រងឯកសារស្នើសុំនេះឡើង ៕


ចែករំលែកព័តមាននេះ