ខេត្តបន្ទាយមានជ័យ ៖ ដើម្បីបង្ខិតការផ្តល់សាធារណៈផ្សេងៗជូនពលរដ្ឋនៅមូលដ្ឋានបានលឿន និងរហ័ស ប្រមូលផ្តុំតែមួយកន្លែង រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតឲ្យមានការិយាល័យច្រកចេញចូលតែមួយ នៅតាមបណ្តា រាជធានី-ខេត្ត ក្រុង-ស្រុក ដើម្បីផ្តល់ភាពងាយស្រួលជូនពលរដ្ឋ។ ក្នុងនោះការិយាល័យច្រកចេញចូលតែមួយ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាបន្តបន្ទាប់នៅក្នុងខេត្តបន្ទាយមានជ័យ ចំនួន៤ស្រុក ក្រុង រួចមក។

ជាក់ស្តែង នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ អគារច្រកចេញចូលតែមួយលើកទី៥ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ហេម ចិន្តា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាង អមដំណើរដោយឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក មន្ត្រីរាជការ មន្ទីរ ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ជំរុញដល់មន្ត្រី ពិសេសការិយាល័យច្រកចេញចូលតែមួយ ត្រូវផ្តល់សេវាជូនពលរដ្ឋឲ្យបានល្អប្រសើរ លឿន រហ័សតាមដែរអាចធ្វើទៅបាន ដើម្បីការផ្តល់សេវាជូនពួកគាត់ប្រកបដោយទំនុកចិត្ត និងស្មារតីទទួលខុសត្រូវ ខ្ពស់។ ឯកឧត្តម អភិបាលខេត្ត បានសង្កតត់ធ្ងន់ថា មន្ត្រីណាដែលទាមទារសេវាខាងក្រៅពីប្រជាពលរដ្ឋ ជាថ្នូរនឹងការរត់ការឯកសារ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន សូមកែប្រែឥរិយាបថឡើងវិញ។

ចំពោះការសេវាសាធារណៈជូនពលរដ្ឋដែលមកសុំសេវា មិនត្រូវពន្យាពេលឯកសារទុកយូនោះទេ ត្រូវធ្វើឲ្យលឿន ចៀសវាងពន្យារពេលពេលដើម្បីចង់បានផលប្រយោជន៍ បើសិនជារកឃើញ មិនមានការលើលែងចំពោះមន្ត្រី ដែលប្រព្រឹត្តនូវទង្វើទាំងនេះឡើយ ដូច្នេះសូមការអនុវត្តការឲ្យបានល្អប្រសើរ គោរពពេលវេលា ម៉ោងធ្វើការស្លៀកពាក់ឲ្យបានសមរម្យ សមជាមន្ត្រីបំរើរាស្ត្រ ត្រូវមានភាពរួសរាយរាក់ទាក់ មិនត្រូវប្រើពាក្យពេជ្រមិនសមរម្យទៅពលរដ្ឋ ដែលមកស្នើសុំសេវាផ្សេងៗនោះឡើយ។

បញ្ជាក់ផងដែរថា ការដាក់ឲ្យដំណើរការអគារការិយាល័យ នៅស្រុកថ្មពួកនេះ គឺជាអគារទី៥ហើយក្នុងចំណោមក្រុង-ស្រុកទាំង៩នៅក្នុងខេត្ត ដែលបានដាក់ប្រើប្រាស់បន្ទាប់ពី ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ៕ ដោយ ៖ ណុប រក្សា


ចែករំលែកព័តមាននេះ