ខេត្តកណ្តាល ៖ ដីចំណីព្រែកសាធារណៈរបស់រដ្ឋ និងដីចំណីថ្នល់ជាតិលេខ១ ស្ថិតនៅក្នុងភូមិស្លាបតាអោន និងភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានបុគ្គលឯកជនរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយកំពុងបុកគ្រឹះសាងសង់សំណង់រឹងផ្ទះល្វែងយ៉ាងអនាធិបតេយ្យ ដោយសង្ស័យថា មានការបើកភ្លើងខៀវពីអាជ្ញាធរឃុំ-ស្រុក។

ប្រភពព័ត៌មានបានអោយដឹងថា ព្រែកបង្កងនេះ សុទ្ធតែជាដីសម្បត្តិសាធារណៈរបស់រដ្ឋ ហេតុអ្វីបានជាអាជ្ញាធរ និងមន្ត្រីជំនាញមិនមានវិធានការណែនាំទប់ស្កាត់រក្សាការពារ? បែរជាបណ្តែតបណ្តោយអោយអ្នកមានលុយ មានអំណាច បុកគ្រឹះសាងសង់សំណង់រឹងផ្ទះល្វែងលើដីរដ្ឋ និងដីចំណីថ្នល់ជាតិលេខ១ យ៉ាងអនាធិបតេយ្យបែបនេះ ឫមួយក៏អាជ្ញាធរ និងមន្ត្រីជំនាញទាំងនោះទទួលបានលាភសក្ការៈកម្រិតណាមួយហើយមើលទៅ បានជាសម្ងំស្ងៀមអញ្ចឹង។ ប្រសិនជាប្រជាពលរដ្ឋ ឬអ្នកណាសាងសង់មិនទំនាក់ទំនងជាមួយអាជ្ញាធរមន្ត្រីជំនាញមុនទេនោះ កុំថាឡើយសង់ផ្ទះថ្ម សូម្បីតែធ្វើផ្ទះឈើ ប្រាកដជាមិនអាចធ្វើបានឡើយ។

ប្រភពបន្តទៀតថា ផ្ទះដែលកំពុងបុកគ្រឹះសាងសង់នៅចំកណ្តាលដីព្រែកសាធារណៈរបស់រដ្ឋ និងលើដីចំណីថ្នល់ជាតិលេខ១នេះ មាន៤ម្ចាស់ ស្មើ៤ល្វែង ហើយត្រូវគេស្គាល់ឈ្មោះម្ចាស់២នាក់ ១-ឈ្មោះ សល់ និង២-ឈ្មោះ តាគៀត រីឯម្ចាស់ផ្ទះ២ល្វែងទៀតមិនស្គាល់ឈ្មោះ ព្រោះម្ចាស់នៅភ្នំពេញ។

ដោយឡែកឈ្មោះតាគៀតនេះ បើតាមប្រភពនិយាយថា គាត់ឃុបឃិតគ្នាជាមួយអាជ្ញាធរយកដីព្រែក និងដីចំណីថ្នល់សង់តែផ្ទះល្វែងជួលអង្គការ ឬធនាគារឯកជនទេ ព្រោះដីនៅជាប់ថ្នល់ជាតិលេខ១ ត្រូវប៉ាន់សម្បើមណាស់។ ជាក់ស្តែងនៅចំណុចខាងលើនេះ ផ្ទះរបស់គាត់សង់រួចរាល់ជាស្ថាពរបាន២ល្វែងហើយ។

ប្រភពបញ្ជាក់បន្ថែមថា ព្រែកបង្កងនេះ កើតមានឡើងតាំងពីដើមមក ហើយមានជម្រៅជ្រៅ ដែលជាប្រព័ន្ធរំដោះជំនន់ទឹកភ្លៀងនារដូវវស្សា ចេញពីឃុំគគីរ កាត់តាមឃុំដីឥដ្ឋ ចូលទៅក្នុងទន្លេមេគង្គក្រោម ដើម្បីបញ្ជៀសកុំអោយមានការលិចលង់ផ្ទះសម្បែង និងផលដំណាំរបស់បងប្អូនប្រជាជន។

ហើយចំពោះតំបន់មាត់ព្រែកខាងភូមិចិនកោះ ជាប់ថ្នល់ជាតិ ក៏មិនមានប្រជាជនមករស់នៅទេ ទើបតែដីមានហាងឆេងបានមានអ្នកមានលុយ មានអំណាចភាគច្រើនសុទ្ធតែអ្នកមកពីចំណាក់ស្រុកឆ្ងាយ មកទិញ និងចាក់ដីលុបកាត់ព្រែក ហើយបុកគ្រឹះសាងសង់សំណង់រឹងយ៉ាងព្រោងព្រាតបន្តបន្ទាប់មក ដោយគ្មានការណែនាំទប់ស្កាត់នោះឡើយ។

ពាក់ព័ន្ធបញ្ហានេះ លោក សុខ កាន់រិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សុរិយាដីខេត្តកណ្តាល បានប្រាប់អោយដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ថា រាល់ការសាងសង់នៅលើដីព្រែក ឬដីចំណីថ្នល់ លោកបានណែនាំអោយភូមិបាលស្រុកធ្វើ ព្រោះគាត់នៅផ្ទាល់ជាមួយថ្នាក់ក្រោមជាតិ។

លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បានអោយដឹងថា សំណង់នេះ ប្រជាជនសាងសង់នៅទេ មិនមែនអ្នកមកពីស្រុកបារាំងឯណា ព្រោះគាត់រស់នៅតាំងពី១៩៧៩មក។លោកអភិបាលស្រុកទទួលស្គាល់ថា ការសាងសង់នេះគ្មានច្បាប់ទេ ព្រោះដីគ្មានប័ណ្ណ ហើយពាក់ព័ន្ធនឹងរឿងជួល ឬលក់ជាសិទ្ធិរបស់ម្ចាស់គាត់។

ជាងនេះទៅទៀតនៅពេលដែលអ្នកសារព័ត៌មានសួរពាក់ព័ន្ធផ្លូវច្បាប់ បែរជាលោកអ៊ូ ឈាង អភិបាលស្រុក បានឆ្លើយថា អ្នកសារព័ត៌មានច្រណែនគេ ខ្ញុំមិនចង់និយាយជាមួយអ្នកសារព័ត៌មានទេ ហើយបែរជំរុញអោយអ្នកសារព័ត៌មានទៅប្តឹងជំនាញ ឬក្រសួងខ្លួនឯងទៅ។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។











ចែករំលែកព័តមាននេះ