រាជធានីភ្នំពេញ ៖ រយៈពេលប៉ុន្មានខែចុងក្រោយនេះពេលដែលវិបត្តិកូវីដ ១៩ បាននឹងបន្តកូរពិភពលោកឡើងវ៉ល់នោះ តម្លៃមាសបែរជាហក់ឡើងខ្ពស់លើទីផ្សារអន្តរជាតិ រួមទាំងកម្ពុជាផង ។

ជាក់ស្តែងតម្លៃមាសនៅទីផ្សារកម្ពុជា ដែលកាលអំឡុងខែមេសា ឆ្នាំ២០២០ មាសបានឡើងថ្លៃពីតម្លៃ ១៨០០ដុល្លារ ឡើងដល់ ២៣០០ ដុល្លារក្នុងមួយដំឡឹង ដែលជាតម្លៃឡើងខ្ពស់សម្រាប់ប្រវត្តិសាស្រខ្មែរនោះ ក៏មានបងប្អូនមួយចំនួនក៏ចាប់ផ្តើមសម្រុកលក់មាស ខ្លះក៏សម្រុកទិញមាសទុកវិញ ។

លោក ង៉ែត ជូ ទី អ្នកជំនាញខាងហិរញ្ញវត្ថុនិងជាទីប្រឹក្សាសេដ្ឋកិច្ចមួយរូបនៅកម្ពុជាក៏បានលើកឡើងផងដែរថា អ្នកវិនិយោគគួរពិចារណាឲ្យបានម៉ត់ចត់ថារវាង «មាស និងដី» គួរវិនិយោគមួយណា ក្នុងបរិបទជាក់ស្តែងនៅកម្ពុជា ។
អ្នកជំនាញខាងហិរញ្ញវត្ថុ រូបនេះបានឱ្យដឹង «តម្លៃមាសក្នុងពិភពលោកចាប់ផ្តើមឡើងថ្លៃខ្ពស់រហូតដល់ជិត២០០០ដុល្លាអាមេរិកក្នុង១ដំឡឹង។ មនុស្សជាច្រើនវិនិយោគដោយទិញមាសទុកដើម្បីជាការទប់ទល់នឹងអតិផរណា ភាពមិនប្រាកដប្រជានៃទីផ្សារ និងការកាត់បន្ថយហានិភ័យតាមរយៈពិពិតកម្មនៃការវិនិយោគ (investment diversification)»។

លោក ង៉ែត ជូ បានបន្តថា «ដោយឡែកកំពូលអ្នកវិនិយោគអាមេរិក លោក Warren Buffett តែងតែលើកឡើងថាការទិញមាសទុកមិនមែនជាការល្អនោះទេ ព្រោះវាមិនបានផ្តល់ជាផលចំណេញដូចជាការទទួលបានភាគលាភ (dividend) ពីការវិនិយោគលើបណ្ណ័ភាគហ៊ុនឡើយ»។
លោកបានដាក់សំណួរជាច្រើនថា ក្នុងគោលគំនិតប្រហាក់ប្រហែលគ្នានេះដែរ តើយើងគួរវិនិយោគដោយទិញដីទុកយកចំណេញដែរ ឬទេ? បើគួរហេតុអ្វី? ហើយគួរវិនិយោគយ៉ាងដូចម្តេច?

ជាមួយគ្នានេះដែរ លោក ង៉ែត ជូ បានបកស្រាយថា «ចំលើយគឺគួរតែវិនិយោគដោយទិញដីទុកព្រោះទីផ្សារដីធ្លីនឹងកាន់តែមានភាពប្រសើរ តម្លៃនឹងបន្តកើនឡើងបន្ទាប់ពីការរសាត់បាត់ទៅនៃវិបត្តិកូវីដ១៩។ ប៉ុន្តែគួរវិនិយោគតែលើដីធ្លីនៅតំបន់ជាយក្រុងភ្នំពេញបានហើយព្រោះនៅតំបន់ទាំងនោះនឹងបន្តមានតម្រូវការខ្ពស់ ។
ម្យ៉ាងបើអាចគួរច្នៃជាអចលទ្រព្យដែលអាចរកប្រភពចំណូលបានដូចអ្វីដែលលោក Warren Buffett លើកឡើងពីចំណូលដែលជាភាគលាភបានពីការវិនិយោគលើបណ្ណ័ភាគហ៊ុនអញ្ចឹងដែរ ។ ការច្នៃដីជាយក្រុងអោយក្លាយជាប្រភពចំណូលបានរួមមានដូចជា ការធ្វើជាឃ្លាំងជួល ផ្សារ ឬប្រកបរបរកសិកម្មជាដើម» ។
នៅពេលសាកសួរថា តើគួរវិនិយោគដីជាយក្រុងនៅម្តុំណាទើបល្អនោះ លោក ង៉ែត ជូ បានមានប្រសាសន៍បញ្ជាក់ថា ដីជាយក្រុងដែលនៅចន្លោះពី៣០-៥០គមជុំវិញក្រុង ជាចំនុចល្អបំផុត។ ហើយគួរវិនិយោគយ៉ាងតិចរយៈពេល៥ឆ្នាំទើបជាការល្អ ៕
ចែករំលែកព័តមាននេះ