រាជធានីភ្នំពេញ ៖ គិតត្រឹមល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្រសួងផែនការ បានធ្វើការដកប័ណ្ណសមធម៍ (ប័ណ្ណក្រីក្រ) ពីគ្រួសារដែលមានជីវភាពប្រសើរ បានចំនួនជាង ៤,៤០០ប័ណ្ណមកវិញ ដែលបានបន្លំធ្វើជាគ្រួសារក្រីក្រ ដើម្បីទទួលបានសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ។
បើយោងតាមអ្នកនាំពាក្យក្រសួងផែនការ មានប្រសាសន៍ថា ប័ណ្ណក្រីក្រចំនួនជាង៤,៤០០ប័ណ្ណនេះ យើងរកឃើញជាង៩០០ប័ណ្ណទៀត ខណៈកាលពីសប្តាហ៍មុន រកឃើញចំនួនជាង ៣,៥០០ប័ណ្ណ តែប៉ុណ្ណោះ ។ ជាង៤,៤០០ គ្រួសារ ដែលបន្លំធ្វើគ្រួសារក្រីក្រនេះ គឺមន្ត្រីក្រសួងផែនការរកឃើញនៅពេលចុះទៅផ្ទាល់ធ្វើបច្ចុប្បន្នភាពតាមគ្រួសារក្រីក្រទាំងអស់នោះ នាកំឡុងពេលជំងឺកូវីដ-១៩ ទាំងជុំទី១ និងទី២ ក្នុងចំណោមគ្រួសារសរុបប្រមាណជាង៦១ម៉ឺនគ្រួសារ ស្មើនឹងប្រមាណ ២,៤៨០,០០០នាក់ នៅទូទាំងប្រទេស ។
ពាក់ព័ន្ធករណីបន្លំធ្វើជាគ្រួសារក្រីក្រនេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានថ្លែងព្រមានចាត់វិធានការក្ដៅ ទៅកាន់អាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ ប្រសិនបើរកឃើញថា នៅក្នុងភូមិ និងឃុំ/សង្កាត់មួយណា មានករណីមិនប្រក្រតី ក្នុងការផ្ដល់សាច់ប្រាក់ ជូនពលរដ្ឋក្រីក្រនោះ ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី៣០ មិថុនានេះថា កាលពីពេលថ្មីៗកន្លងមកនេះ ខ្ញុំបានប្រកាសដាក់អោយប្រើជាផ្លូវការនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩”។ ដើម្បីធានាថា បងប្អូនប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដ ទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះមានសារៈសំខាន់ខ្លាំងណាស់ ។
សម្ដេចតេជោ បន្តថា ការងារនេះ គឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ដែលត្រូវតែធ្វើអោយបានច្បាសលាស់ និងហ្មត់ចត់បំផុត ។ ដូច្នេះដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាព ក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ខ្ញុំសូមចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់ គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត គឺត្រូវចៀសវាងដាច់ខាត នូវការឃុំឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិ បងប្អូន កូនក្មួយខ្លួនឯង ដែលមិនមែនជាគ្រួសារក្រីក្រ នឹងងាយរងគ្រោះពិតប្រាកដ ដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ច្បាស់ថា «ខ្ញុំនឹងចាត់វិធានការណ៍ក្តៅ ហើយនឹងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថា នៅក្នុងភូមិ និងឃុំ/សង្កាត់មួយណា មានករណីមិនប្រក្រតីនេះកើតមានឡើង» ៕

ចែករំលែកព័តមាននេះ