ខេត្តស្វាយរៀង ៖ មានករណីភ្លើងឆេះកម្ទេចឈើធ្វើស៊ុមរូបថតរបស់រោងចក្រវ៉ាន់ហ្គោលផលិតស៊ុមរូបថត នៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង២ ស្ថិតក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត កាលពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០ ។

លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិតបានឱ្យដឹងថា នៅពេលទទួលបានព័ត៌មានថា មានភ្លើងឆេះនៅរោងចក្រខាងលើ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានឲ្យរូបលោកដឹកនាំកម្លាំងនគរបាលក្រុង និងនគរបាលប៉ុស្តិ៍សង្កាត់ច្រកម្ទេស ព្រមទាំងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ទៅជួយអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង គឺរបស់អធិការដ្ឋាននគរបាលក្រុងបាវិត១គ្រឿង និងរបស់កងរាជអវុធហត្ថក្រុងបាវិត១គ្រឿង និងប្រើប្រាស់ទឹកអស់៦រថយន្ត ។

ប្រភពដដែលឲ្យដឹងទៀតថា ករណីភ្លើងឆេះក្នុងរោងចក្រខាងលើ សមត្ថកិច្ចយើងគ្រប់គ្រងស្ថានការណ៍បាន១០០% ដោយប្រើរយៈពេល១ម៉ោងកន្លះ ហើយក៏ពុំមានគ្រោះថ្នាក់ដល់មនុស្សដែរ គឺឆេះខូចខាតតែកម្ទេចឈើធ្វើស៊ុមរូបថតអស់មួយចំនួន ។ រីឯមូលហេតុបណ្តាលឱ្យមានភ្លើងឆេះនេះ ក៏ពុំទាន់ដឹងច្បាស់នៅឡើយដែរ ហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕ (កែសម្រួលដោយ ៖ បុប្ផា)


ចែករំលែកព័តមាននេះ