រាជធានីភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានចេញសេចក្តីសម្រេចផ្អាកការងារជាបណ្តោះអាសន្នស្នងការរងនិងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងទទួលបន្ទុកការងារគ្រឿងញៀនចំនួន៧រូប បន្ទាប់ពីមន្ត្រីនគរបាលទាំងនេះបានប្រើហិង្សា និងយកលុយពីជនសង្ស័យ ពេលចុះបង្ក្រាបករណីគ្រឿងញៀន ។
មន្ត្រីនគរបាលដែលត្រូវបានផ្អាកការងារជាបណ្តោះអាសន្នរួមមាន ៖
១-ឧត្តមសេនីយ៍ត្រី ថោង វណ្ឌី ស្នងការរងទទួលបន្ទុកផែនការងារប្រឆាំងគ្រឿងញៀន
២-វរសេនីយ៍ឯក ពៅ ជីវ័ន នាយការិយាល័យប្រឆាំងគ្រឿងញៀន
៣-អនុសេនីយ៍ឯក ទូច ធារ៉ា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន
៤- អនុសេនីយ៍ឯក ស៊ី បូ នាយផ្នែកនៃការិយាល័យប្រឆាំងគ្រឿងញៀន
៥- អនុសេនីយ៍ឯក ហេង ចាន់រតនា មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន
៦-អនុសេនីយ៍ឯក សៀក ចាន់ធឿន មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន និង
៧-អនុសេនីយ៍ទោ យុន តារាស័ក្តិ មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន ។
តាមប្រភពព័ត៌មានបញ្ជាក់ថា ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីយប់ កម្លាំងប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀននៅចំណុចមុខខ្លោងទ្វាវត្តរោងដំរី ស្ថិតក្នុងភូមិ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ។
ក្នុងប្រតិបត្តិការនោះ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ ហើយបានប្រើអំពើហិង្សាបង្កឲ្យមានរបួសស្នាមថែមទៀត ។ ក្រោយមក បានប្រគល់ជនទាំង២នាក់នោះឲ្យឪពុកម្តាយដើម្បីយកទៅគ្រប់គ្រង និងអប់រំបន្ត ។ប្រភពព័ត៌មានឲ្យដឹងទៀតថា ការដោះលែងនេះគឺជាថ្នូរនឹងការទទួលប្រាក់ពីជនសង្ស័យទាំងពីរនាក់នេះ ។
ក្រោយពីទទួលបានព័ត៌មាននេះ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ឧត្តមសេនីយ៍ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង តំណាងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចុះផ្ទាល់ដើម្បីធ្វើការសុំអភ័យទោស និងនាំយកថវិកាទៅប្រគល់ជូនក្រុមគ្រួសារទាំង២ នៅភូមិអណ្តូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានដាក់បទបញ្ជាឲ្យថ្នាក់ដឹកនាំនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ត្រូវពង្រឹងការអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស និងមិនលើកលែងដាច់ខាតចំពោះមន្ត្រីនគរបាលណាដែលប្រព្រឹត្តខុសពីវិន័យ និងវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ និងអាចឈានដល់ការអនុវត្តនីតិវិធីច្បាប់ទៀតផង ។
ក្នុងសេចក្តីសម្រេចប្រការ២ គឺបានតម្រូវឱ្យអ្នកដែលមានឈ្មោះក្នុងប្រការ១ ត្រូវមកបង្ហាញខ្លួនរៀងរាល់ម៉ោងធ្វើការងារនៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីរង់ចាំការសម្រេចជាថ្មី ៕
ចែករំលែកព័តមាននេះ