ខេត្តក្រចេះ ៖ ដើម្បីត្រៀមខ្លួនទទួលវត្តមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្ត និងស្នាក់នៅ នៅតាមរមណីយដ្ឋាន ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ឬទីតាំងកម្សាន្តនានាក្នុងខេត្តក្រចេះ នាពេលថ្ងៃឈប់សម្រាកខាងមុខនេះ មន្ទីរទេសចរណ៍ខេត្ត បានរៀបចំកិច្ចប្រជផ្សព្វផ្សាយស្តិពី «វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្ម ស្នាក់នៅ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍» ។

ពិធីស្ថិតក្រោមអធិបតីភាពលោកស្រី ខាំ សុភាព អភិបាលរងនៃ គណៈអភិបាលខេត្តក្រចេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយវិធានសុវត្ថិភាពទេសរណ៍ដល់អាជ្ញាធរក្រុងស្រុក បងប្អូនដែលជាម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ ក្នុងខេត្តក្រចេះឲ្យចូលរួមអនុវត្តវិធានការខ្ជាប់ខ្ជួនបំផុតតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ ។

ក្នុងនោះ លោកស្រី ខាំ សុភាព បានសរសើរដល់មន្ទីរទេសចរណ៍ខេត្តក្រចេះ ដែលតែងតែយកចិត្តទុកដាក់ជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះផ្សព្វផ្សាយគោលការណ៍ ក៏ដូចជាវិធានការនានា ដល់សាធារណៈជនបានដឹង និងត្រៀមបង្ការការពារ និងបានផ្តាំផ្ញើរដល់អាជ្ញាធរពាក់ព័ន្ធ នៅតាមក្រុង -ស្រុកនានាក្នុងខេត្ត ជាពិសសេម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្ត ត្រូវបន្តចូលរួមសហការ និងគោរពអនុវត្តនូវវិធានសុវត្ថិភាពទេសចរណ៍ឲ្យបានម៉ឺងមាត់ តាមសារាចរណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលចូលទៅក្នុងសហគមន៍របស់យើង ។

តាមការបញ្ជាក់ពីលោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្ត ៖ សក្តានុពលនៅពេលខេត្តក្រចេះ នៅរដូវ នេះ បងប្អូនភ្ញៀវទេសចរណ៍អាចមកទស្សនាកម្សាន្តបាននៅរម្មណីយដ្ឋានរួមមាន ៖ -ព្រះវិហារធំវត្តសសរ១០០ កាំពីអន្លង់ផ្សោត ជិះទូកមើលផ្សោត វត្តភ្នំសំបុក មើលទេសភាព បែបស្ងាប់ស្ងាត់អារម្មណ៍ ផ្សារសាមគ្គីក្រុងក្រចេះ សំណង់អាគារសម័យបារាំង រួមមានអាគាររដ្ឋបាលខេត្ត និងមើលថ្ងៃលិច ឆ្នេរខ្សាច់ ជីវចម្រុះតាមបណ្តោយឆ្នេរទន្លេនៅលើកោះទ្រង់ មើលវិហារបុរាណ និងផ្ទះបុរាណសសរ១០០ ។

លោកបន្តថា ៖ ក្នុងនាមជាអ្នកផ្តល់សេវា មិនត្រូវធ្វេសប្រហេសលើការការពារជូនភ្ញៀវនោះទេ ត្រូវផ្តោលើគម្លាត និងអនាម័យ ហើយត្រូវលើកទឹកចិត្តស្នើឲ្យភ្ញៀវឲ្យទទួលសេវាតែត្រឹម៦០នាទីបានហើយ ហើយត្រូវពាក់ម៉ាស់ ឧស្សាហ៍លាងដៃ ហើយភ្ញៀវក៏ត្រូវមានត្រៀមបង្ការការពារជាប់ខ្លួនផងដែរ នូវសម្ភារ:ប្រើប្រាស់នៅពេលមកកម្សាន្ត ។



ចែករំលែកព័តមាននេះ