ខេត្តកំពត ៖ ប្រជាពលរដ្ឋជាច្រើននាក់ មកពីឃុំផ្សេងៗគ្នាក្នុងស្រុកបន្ទាយមាស បាននាំគ្នាចុះដងត្រីពុលនៅក្នុងព្រែកទូកមាស រយៈពេល2ថ្ងៃជាប់ៗគ្នា គឺថ្ងៃទី២៧ និងថ្ងៃទី២៨កក្កដា ។

បើយោងតាមការឱ្យដឹងពីពលរដ្ឋមកពីភូមិចម្លងជ្រៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស បានប្រាប់ឱ្យដឹងថា ត្រីនៅក្នុងព្រែកនេះ ចាប់ពុលកាលពីព្រឹកថ្ងៃទី២៧ កក្កដា ២០២០ ។ ពលរដ្ឋរូបនេះបាននិយាយអះអាងថា ខ្លួនមិនសូវហ៊ានចុះទៅក្នុងទឹកដងត្រីទេ ដោយសាតែធុំក្លិនទឹកនោះស្អុយខ្លាំងពេក ថែមទាំងរមាស់ទៀតផង ។
ពលរដ្ឋម្នាក់ទៀត មកពីភូមិព្រៃចេក ឃុំទូកមាសខាងលិច កំពុងតែអង្គុយចាំដងត្រីពុលនៅក្នុងព្រែកនិយាយរៀបរាប់ថា ពិតជាគួរអោយភ្ញាក់ផ្អើលមួយដែរ កាលពីម្សិលមិញពលរដ្ឋជាច្រើននាក់ បានចុះដងត្រីងាប់ និងពុលនៅក្នុងព្រែកទូកមាស ម្នាក់ៗបានត្រីរាប់រយគឺឡូ តែបរិភោគមិនអស់ថែមទាំងយកទៅលក់នៅទីប្រជុំជនទៀតផង។ នៅរសៀលថ្ងៃទី២៨ កក្កដា នេះ ឃើញពលរដ្ឋម្នាក់ទៀតបានដេញចាប់អណ្ដើកមួយក្បាលនោះ មានទម្ងន់ប្រហែល20គីឡូក្រាម។

លោកចាន់ រឹទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបាននិយាយប្រាប់អោយដឹង កាលពីរសៀលថ្ងៃទី២៨ កក្កដា ថា លោកបានប្រាប់ទៅមន្ត្រីជលផលប្រចាំការនៅស្រុកកំពង់ត្រាចរួចពាក់ព័ន្ធរឿងករណីត្រីពុលនៅឯស្រុកបន្ទាយមាស។
លោកប៉ោ វី អភិបាលរងស្រុកបន្ទាយមាស បានថ្លែងប្រាប់អោយដឹងនៅរសៀលថ្ងៃទី២៨ កក្កដា ថា ទំនប់ទឹកមួយនៅព្រែកទូកមាសត្រូវបានបាក់ហូរ ចុះតាមដងព្រែកកាលពីព្រឹកថ្ងៃទី២៧ កក្កដា ។ លោកប៉ោ-វី អភិបាលរងស្រុកបន្ទាយមាសបានប្រាប់អោយដឹងថា ទឹកដែលបាក់ទំនប់ហូរទៅក្រោមនោះ ជាទឹកមានកាកសំណល់ស្អុយរលួយក្រសួងធន់ធានទឹកបានទប់សាងសងទ្វារស្ទាក់ទឹកក្នុងព្រែកទូកមាស។

លោកនិយាយថា ពេលដែលទឹកកខ្វក់ហូរទៅក្នុងព្រែក ធ្វើត្រីពុលនិងងាប់ ។លោកអះអាងថា បើមានភ្លៀងមួយមេមកធ្វើអោយទឹកនោះ បាត់ក្លិនត្រីក៏ឈប់ពុលដែរ។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

ចែករំលែកព័តមាននេះ