ខេត្តក្រចេះ ៖ កម្មករ កម្មការនីប្រមាណជាង២០០នាក់ បានលើកគ្នាមកតវ៉ា ដើម្បីឲ្យម្ចាស់ក្រុមហ៊ុនវិនិយោគដាំដំណាំចេកមួយនៅស្រុកស្នួល ធ្វើការបើកប្រាក់ខែជូនពួកគេ ខណៈក្រុមហ៊ុនមួយនេះ មិនបានផ្តល់ប្រាក់ខែទៅតាមគោលការណ៍ក្រុមហ៊ុនរយៈណេលចំនួន២កន្លងមកហើយ។

តាមនគរបាលស្រុកស្នួលបានឱ្យដឹងថា ការតវ៉ាទាមទារប្រាក់ខែពីសំណាក់កម្មករខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ កក្កដា ឆ្នាំ២០២០ នៅចំណុចគីឡូម៉ែត្រ១០៧ ក្នុងក្រុមហ៊ុនប៊ិញភឿក២ ស្ថិតនៅភូមិក្រញូងសែនជយ័ ឃំុក្រញូងសែនជយ័ ស្រុកស្នួល ខេត្តក្រចេះ។

ដោយមានកម្មករចំការចេកចំនួនប្រហែល២៣០នាក់បានឡើងតវ៉ាអោយក្រុមហ៊ុនធ្វើការបើកប្រាក់ខែជូនពួកគាត់ ខណៈក្រុមហ៊ុនបានជំពាក់ចំនួន២ខែ ដែលមិនព្រមបើកអោយកម្មករកន្លងមកនោះ ។ នគរបាលបានឲ្យដឹងទៀតថា ស្របពេលដែលផ្ទុះឡើងនូវបាតុភាពនេះ ភាគីខាងក្រុមហ៊ុនបានធ្វើការសន្យាជាមួយកម្មករទាំងអស់នោះថា ក្រុមហ៊ុននឹងចាត់ចែងបើកប្រាក់ខែជូនកម្មករសំរាប់ក្នុងខែមិថុនា ឆ្នាំ២០២០ នៅថ្ងៃទី០៧ខែសីហា ឆ្នាំ២០២០ខាងមុខនេះ និងដល់ថ្ងៃទី១៥ខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុនននឹងសន្យាបន្តសងប្រាក់ខែខែកក្កដា ឆ្នាំ២០២០ មានរយៈពេលកន្លះខែសិន ។

គួរបញ្ជាក់ថា៖ នៅថ្ងៃដដែលនេះ ក្រោយពីក្រុមកម្មករបានជួបចរចាគ្នាជាមួយភាគីខាងក្រុមហ៊ុនរួចមកភាគីកម្មករក៏បានព្រមព្រៀងទទួលយកតាមការសន្យារបស់ក្រុមហ៊ុន ។ ជាមួយគ្នានេះដែរ ប្រធានក្រុមហ៊ុនក៏បានស្នើអោយកម្មករធ្វើការរំសាយទៅកាន់កន្លែងស្នាក់នៅរៀងខ្លួនវិញ ។
ចែករំលែកព័តមាននេះ