ខេត្តកំពង់ចាម ៖ ដោយមានការសំណូមពរពីបងប្អូនអាជីវករលក់ដូរនៅផ្សារបឹងកុក ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ឲ្យជួយប្រក់ដំបូលស័ង្កសីងាយស្រួលលក់ដូរក្នុងរដូវវស្សា និងកាត់បន្ថយភាពស្អុះស្អាប់។

ដោយមើលឃើញនៅការលំបាកនេះ លោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត រួមនឹងសហការីបានអញ្ជើញចុះពិនិត្យដោយផ្ទាល់នាព្រឹកថ្ងៃទី២៥ កក្កដា ជាមួយគ្នានោះអាជ្ញាធរខេត្តស្នើសុំឱ្យអ្នកគ្រប់គ្រងផ្សារ ត្រូវយកចិត្តទុកដាក់សម្អាតបរិស្ថាន និងការរៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

អាជីវករឈ្មោះស្រី នាង បានរៀបរាប់ឲ្យដឹងថា ចាប់តាំងពីពេលដែលបានកកើតផ្សារបឹងកុក នៅក្នុងអំឡុងឆ្នាំ១៩៩៦ ក្នុងគ្រានោះគាត់បានទិញតូបមួយធ្វើពីបេតុង១ក្នុងតម្លៃ៩០០ដុល្លារ ដើម្បីលក់គ្រឿងអលង្ការ និងបានបន្តលក់ដូររហូតដល់សព្វថ្ងៃនេះ នឹងផ្ទេរឲ្យទៅកូន ដើម្បីដោះស្រាយជីវភាពគ្រួសារ។

អ្នកស្រី ឡុង ឆៃអ៊ី ប្រធានគណអាជីវករផ្សារបឹងកុក ប្រាប់ឲ្យដឹងថា ដោយសារតែមានការស្នើសុំពីសំណាក់បងប្អូនអាជីវករលក់ដូរនៅផ្សារបឹងកុក ព្រោះថា នៅផ្នែកខាងមុខដំបូលតូបទៀប ហើយភ្លៀងមកត្រូវទទឹក ថែមទាំងក្រៅទៀតផង។ ពួកគាត់បានស្នើសុំមកគណៈអាជីវករផ្សារ ហើយត្រូវបានលោកអ៊ុន ចាន់ដា អភិបាលខេត្ត អញ្ជើញចុះមកពិនិត្យផ្ទាល់នាព្រឹកថ្ងៃទី២៥ កក្កដា ដើម្បីឲ្យក្រុមជាងដែកសាងសង់ដំបូលទៅតាមលក្ខណៈបច្ចេកទេស។

ក្នុងពេលអភិបាលខេត្ត អញ្ជើញចុះ និងសួរសុខទុក្ខអាជីវករលក់ដូរ ក្នុងនោះមានមួយចំនួនបានស្នើសុំធ្វើទ្វារតូបសម្រាប់បិទបើកលក់ដូរ។ តែត្រូវបានអាជីវករមួយចំនួនទៀតធ្វើការជំទាស់ ដូច្នេះក្នុងនាមគណៈអាជីវករផ្សារមិនមានសិទ្ធិណាមួយ សម្រេចនោះទេ គឺអាស្រ័យទៅលើអាជ្ញាធរខេត្តឯណោះ។

លោកចាន់ ផល្លី អភិបាលក្រុងកំពង់ចាម មានប្រសាសន៍ឲ្យដឹងដែរថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យផ្សារបឹងកុក ក្នុងនោះបានជួយសាងសង់ដំបូលស័ង្កសីចំនួន២កន្លែង គឺនៅច្រកខាងមុខនិងចំហៀង។

ចំពោះអាជីវករដែលស្នើសុំធ្វើទ្វារតូបបិទបើកនៅក្នុងផ្សារបឹងកុក អាជ្ញាធរខេត្តបានស្នើសុំឲ្យក្រុមបច្ចេកទេសធ្វើការពិនិត្យឲ្យបានហ្មត់ចត់ជៀសវាងកុំឱ្យប៉ះពាល់មិនមានខ្យល់ចេញចូល។
លោកចាន់ ផល្លី អភិបាលក្រុងកំពង់ចាម បញ្ជាក់ថា បន្ទាប់ពីអញ្ជើញពិនិត្យផ្សារបឹងកុក រួចមកអភិបាលខេត្តបានបន្តចុះទៅពិនិត្យនៅផ្សារធំក្រុងកំពង់ចាម ជាមួយនោះក៏បានជួយប្រក់ដំបូល មួយចំហៀងផ្នែកខាងឆ្វេង ដើម្បីសម្រួលដល់បងប្អូនអាជីវករ លក់ដូរដែលបានស្នើសុំនាពេលកន្លងមក និងបានអញ្ជើញចុះសួរសុខទុក្ខដល់អាជីវករលក់ដូរ នៅផ្សារសាមគ្គី ក្នុងក្រុងកំពង់ចាម បន្តទៀត។

កាយវិការប្រកបដោយមនុស្សធម៌នេះ ត្រូវបានបងប្អូនអាជីវករ គោរពស្រឡាញ់ និងនាំគ្នាគាំទ្រចំពោះថ្នាក់ដឹកនាំខេត្ត ដែលបានយកចិត្តទុកដាក់ដោះស្រាយពីបញ្ហាលំបាករបស់បងប្អូនអាជីវករលក់ដូរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺលោកអភិបាលខេត្ត និងសហការីបានទទួលទានអាហារពេលព្រឹកនៅក្នុងផ្សារបឹងកុក ដើម្បីបង្កើតនូវភាពស្និទ្ធស្នាល ជាមួយនឹងអាជីវករលក់ដូរផងដែរ៕


ចែករំលែកព័តមាននេះ