ខេត្តព្រះសីហនុ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្ត បានឲ្យដឹងថា ក្រោយពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ១១៦ អនក្រ.បក ចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលមាត្រា១នៃអនុក្រឹត្យលេខ៧៨ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយមក ស្ថានភាពនៃសកម្មភាពបទល្មើសកាប់ឆ្ការព្រៃ ក្រៀវដើមឈើដាំដំណាំ សង់ខ្ទម និងបោះបង្គោលរបងហ៊ុមព័ទ្ធកាន់កាប់យកដីធ្វើជាកម្មសិទ្ធដោយខុសច្បាប់ក្នុងតំបន់ការពារ ត្រូវបានសមត្ថកិច្ចបរិស្ថានចុះអនុ
វត្តវិធានការទប់ស្កាត់ជាបន្តបន្ទាប់ ។

ថ្មីៗនេះ សកម្មភាពនៃការចូលទន្ទ្រានកាន់កាប់ដីរដ្ឋនេះ មានការកម្រើកឡើងគួរឲ្យកត់សម្គាល់ ។មន្ទីរបរិស្ថានខេត្តបានបញ្ជាក់ថា មានប្រជាពលរដ្ឋមួយក្រុមបានសាងសង់ទីជម្រកអនាធិបតេយ្យ នៅលើដីដែលជាកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋមួយកន្លែង ហើយត្រូវបានម្ចាស់ដីឯកជននោះបណ្ដេញចេញ ។

ក្រោយពីត្រូវបានបណ្តេញចេញពីដីឯកជននោះមក ប្រជាពលរដ្ឋទាំងនោះបានមកបោះទីតាំងនៅតំបន់អូរត្រាវ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ។ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កម្លាំងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន
ខេត្ត សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានចុះអប់រំណែនាំ និងរុះរើទីជម្រកអនាធិបតេយ្យនៅទីតាំងចំណុចដូចបានរៀបរាប់ខាងលើម្តងរួចមកហើយ ប៉ុន្តែប្រជាពលរដ្ឋបានស្នើសុំធ្វើការរុះរើដោយខ្លួនឯង។

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ កម្លាំងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត បានចុះទៅ
ពិនិត្យមើលទីតាំងជាក់ស្តែងនោះម្តងទៀត ឃើញថា មិនមានការរុះរើនោះឡើយ ប៉ុន្តែផ្ទុយទៅវិញ ពួកគាត់បាននាំគ្នាសង់ផ្ទះនិងខ្ទមបន្ថែមច្រើនជាងមុនទៅទៀត ។

ដោយឈរលើគោលការណ៍សន្តិវិធី កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលក្រុងព្រះសីហនុ បានអញ្ជើញតំណាងប្រជាពលរដ្ឋទាំងនោះចូលមកប្រជុំអប់រំណែនាំ ឲ្យរុះរើចេញពីទីតាំងនោះជាកំហិត ហើយពួកគាត់ក៏បានឯកភាពផងដែរថា នឹងរុះរើចេញពីទីតាំងនោះឲ្យអស់ត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ និងកម្លាំងមន្ត្រីឧទ្យា
នុរក្សនៃមន្ទីរបរិស្ថានខេត្ត បានចុះអនុវត្តវិធានការរដ្ឋបាលនៅទីតាំងនោះ បានជួបប្រជាពលរដ្ឋនៅទីតាំងជាក់ស្តែងប្រហែល២០នាក់ ហើយពួកគាត់បានស្ម័គ្រចិត្តចាកចេញពីទីតាំងនោះដោយសន្តិវិធី និងមិនមានការតវ៉ាអ្វីឡើយ ។

ក្នុងប្រតិបត្តិការខាងលើនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើការរុះរើខ្ទមអនាធិបតេយ្យចំនួន៤៣ខ្នង ក្នុងនោះមានខ្ទមប្រក់តង់ចំនួន៣៨ខ្នង និងខ្ទមប្រក់ស័ង្កសីចំនួន៥ខ្នង និងបំផ្លាញកូនស្វាយដាំថ្មីៗជាច្រើនដើម ៕






ចែករំលែកព័តមាននេះ