ហាងលួចបង្កប់ខារ៉ាអូខេ៣កន្លែង កណ្តាលក្រុង ត្រូវអស់លក្ខណ៍ហើយ
- សៀមរាប
ខេត្តសៀមរាប ៖ ហាងបៀរហ្គាឌិនដែលលួចបង្កប់ខារ៉ាអូខេចំនួន៣កន្លែង ដែលមានទីតាំងនៅកណ្តាលក្រុងសៀមរាប ត្រូវបានសមត្ថកិច្ចចុះបិទអាជីវកម្មមបណ្តោះអាសន្នធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវ បុគ្គលិក និងម្ចាស់ផងដែរ ។ ក្នុងប្រតិបត្តិការបិទទីតាំងហាងបៀរហ្គាឌិនដែលលួចបង្កប់ខារ៉ាអូខេចំនួន៣កន្លែងនេះបានធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្រោយអតីតស្តាតចាស់ ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

បើតាមការឱ្យដឹងពីសមត្ថកិច្ចនគរបាលក្រុងសៀមរាបបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២០ថា ក្រោមបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត-ក្រុង និងដោយមានការចង្អុរបង្ហាញពីលោកស្នងការនគរបាលខេត្ត ដោយឱ្យកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយដង្គុំដឹកនាំដោយលោកវរសេនីយ៍ត្រី ឃឹម ផល្លា អធិការរងក្រុងសៀមរាបបានចូលរួមសហការជាមួយមន្ទីរទេសចរណ៍ខេត្ត និងអង្គភាពពាក់ព័ន្ធខេត្ត-ក្រុងចុះបិទហាងបៀរហ្គាឌិនដែលលួចបង្កប់ខារ៉ាអូខេចំនួន៣ កន្លែងដែលស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាបធ្វើការអប់រំនិងណែនាំឱ្យបញ្ឈប់ជាបណ្ដោះអាសន្ន ។

ប្រភពបានបញ្ជាក់ថាហាងបៀរហ្គាឌិនទាំង៣មាន
ទី១-ហាង ម្លប់ជ្រៃត្រជាក់ចិត្ត (កំពុងបើកជាក់ស្ដែងនិងបង្កប់ KTV) ។
ទី២-ហាង ម្លប់ដូងពិភពព្រិលថ្មី (កំពុងបើកជាក់ស្ដែងនិងបង្កប់ KTV) ។
ទី៣-ហាង ស្នាដៃម៉ែក្មេក៥ (បង្កប់KTVដែរ តែយប់មិញជាក់ស្ដែងអត់បើកទេ) ។
សូមបញ្ជាក់ផងដែរ ហាងម្លប់ជ្រៃត្រជាក់ចិត្ត និងម្លប់ដូងពិភពព្រិលថ្មីត្រូវផ្អាកអាជីវកម្ម ហើយនិងតម្រូវឱ្យសុំច្បាប់បើកភោជនីយដ្ឋានបែបធម្មតាឡើងវិញ ។

ចំពោះហាងម៉ែក្មេក៥ មានអាជ្ញាប័ណ្ណបើកភោជនីយដ្ឋានតែផុតសុពលភាពហើយ ដូច្នេះអនុញ្ញាតឱ្យបន្តបើកតែត្រូវសុំបន្តអាជ្ញាប័ណ្ណដើម្បីបើកភោជនីយដ្ឋានបែបធម្មតាឡើងវិញ ។ បច្ចុប្បន្ន ហាងបៀរហ្គាឌិនដែលលួចបង្កប់ខារ៉ាអូខេចំនួន៣កន្លែងនោះ ត្រូវបានកម្លាំងនគរបាលជំនាញកំពុងធ្វើកិច្ចសន្យាបញ្ឈប់ជាបណ្តោះអាសន្ន រង់ចាំបទបញ្ជាពីថ្នាក់លើជាមុនសិន ទើបអនុញ្ញាតឱ្យបើកឡើងវិញ ៕










ចែករំលែកព័តមាននេះ