ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រៀបចំ​បង្កើត​ច្បាប់​ស្ដី​ពី​អន្តោប្រវេសន៍​ថ្មី​មួយទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​កំពុង​ពិនិត្យ​ឆ្លង​សេចក្តីព្រាងច្បាប់​ស្តី​អន្តោប្រវេសន៍​ថ្មី​មួយទៀត ជំនួស​ច្បាប់​កំពុង​មាន ដើម្បី​គ្រប់គ្រង​ជនបរទេស​គ្រប់​រូប​ដែល​ស្នាក់​នៅ និង​ចូល​ចេញ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ។ សម្ដេច​ក្រឡាហោម ស ខេ​ង…

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​កំពុង​ពិនិត្យ​ឆ្លង​សេចក្តីព្រាងច្បាប់​ស្តី​អន្តោប្រវេសន៍​ថ្មី​មួយទៀត ជំនួស​ច្បាប់​កំពុង​មាន ដើម្បី​គ្រប់គ្រង​ជនបរទេស​គ្រប់​រូប​ដែល​ស្នាក់​នៅ និង​ចូល​ចេញ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ។

សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា មូលហេតុ​ដែល​កម្ពុជា​រៀបចំ​សេចក្តីព្រាងច្បាប់​ស្ដី​ពី​អន្តោប្រវេសន៍​សារ​ជា​ថ្មី​នេះ គឺ​ដោយសារ​ច្បាប់​ដែល​តាំងពី​ឆ្នាំ​១៩៩៤ មក​នោះ​នៅ​មាន​ចំណុច​ខ្វះខាត ហើយ​ថា ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់​នេះ​កន្លង​មក​មាន​ជួប​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ចាំបាច់​ត្រូវ​មានការ​គិតគូរ​ឡើង​វិញ ។

សម្តេច​បាន​បញ្ជាក់​ថា «​ដោយ​មើលឃើញ​ពី​ភាព​ចាំបាច់​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ក្រសួងមហាផ្ទៃ​បាន​ស្នើ​សុំ​គោលការណ៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​ច្បាប់​ស្ដី​ពី​អន្តោប្រវេសន៍​នេះ​ជា​ថ្មី​ក៏​ដូច​ជា ស្នើ​សុំ​ឲ្យ​មាន​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ពី​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​យ៉ាងណា​ឲ្យ​ច្បាប់​នេះ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​មាន​សត្យា​នុ​ម័ត​ក្នុង​ការ​អនុវត្ត​សម្រាប់​បម្រើ​ផលប្រយោជន៍​ប្រទេស​ជាតិ​ទាំងមូល​» ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា​នេះ សម្តេច​ក្រឡាហោម ស ខេ​ង បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ដើម្បី​ពិនិត្យ​សេចក្តីព្រាងច្បាប់​ថ្មី​នោះ ។ មន្ត្រី​អះអាង​ថា សេចក្តីព្រាងច្បាប់​អន្តោប្រវេសន៍​ថ្មី​នេះ នឹង​អាច​ឆ្លង​គណៈរដ្ឋមន្ត្រី​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ សម្ដេច​ក្រឡាហោម ស ខេ​ង បាន​ឲ្យ​ដឹង​នៅ​ក្នុង​កិច្ចប្រជុំ​ថា កន្លង​មក ការ​អនុវត្ត​ច្បាប់ និង​ការ​គ្រប់គ្រង​ជនបរទេស​ទាំងឡាយ​ដែល​ចេញចូល​ក្នុង​ប្រទេស​កម្ពុជា មាន​លក្ខណៈ​ហ្មត់ចត់ និង​ប្រកបដោយ​ភាព​ជោគជ័យ ដោយ​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​បាន​ខិតខំ​ដោះស្រាយ​បញ្ហា​នានា​តាម​សភាពការណ៍​ជាក់ស្ដែង ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​។

នៅ​ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០២០​នេះ មាន​ជនបរទេស​ប្រមាណ​ជា​១៦​ម៉ឺន​នាក់ បាន​ចុះបញ្ជី​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដើម្បី​សុំ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្ដែ​វត្តមាន​ជាក់ស្តែង​មាន​ជនបរទេស​ជាង​១១​ម៉ឺន​នាក់​ប៉ុណ្ណោះ ដែល​កំពុង​មាន​វត្ត​មាននៅ​កម្ពុជា ។

នៅ​ក្នុង​ឱកាស​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ កាលពី​ពេល​ថ្មី​ៗ​នេះ លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា កន្លង​មក​អាជ្ញាធរ បាន​ដកហូត​ឯកសារ​មិន​ប្រក្រតី ការ​ធ្វើ​ជំរឿន និង​ផ្តល់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ដល់​ជនអន្តោប្រវេសន៍​បាន​ចំនួន​ជិត​៩​ម៉ឺន​នាក់ (៨ ៩៦៨៧) ហើយ​យុទ្ធនាការ​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ត្រឹម​ឆមាស​ទី​២​ឆ្នាំ​២០២០​នេះ​។

គួរ​ជម្រាប​ជូន​ថា ចាប់តាំងពី​ដើមឆ្នាំ​២០២០​មក អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​បាន​ដាក់​អោយ​អនុវត្ត​នូវ​ការ​ចុះ​ឈ្មោះ​របស់​ជនបរទេស​តាម​រយៈ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដើម្បី​សុំ​ស្នាក់​នៅ​កម្ពុជា​។ ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍ ដែល​កម្ពុជា​មាន​តាំងពី​ឆ្នាំ​១៩៩៤ មាន​៤១​មាត្រា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ