ខេត្តបាត់ដំបង ៖ រោងចក្រផលិតសំបកបាវច្រកស្រូវអង្ករ ដែលកើតមានក្នុងសម័យសង្គមរាស្ត្រនិយមមកនោះ ស្ថិតនៅតាមដងស្ទឹងសង្កែ ប៉ែកខាងក្រោមចុះទៅតំបន់ទន្លេសាប ដែលមានចម្ងាយពីក្រុងបាត់ដំបង ប្រមាណ៧គីឡូម៉ែត្រ បានបន្សល់ភាពខ្ទេចខ្ទាំពីសម័យប៉ុល ពត មក ពេលនេះគ្មានដំណើរការអ្វីឡើយ ។

ដោយឡែកជីវភាពប្រជាពលរដ្ឋនៅជុំវិញតំបន់រោងចក្រនេះ តែងតែធ្វើជាកម្មករ និងដាំដើមក្រចៅ ដែលជាវត្ថុធាតុដើមសម្រាប់ផលិតសំបកបាវ ក្នុងនោះជីវភាពប្រជាពលរដ្ឋបានកែច្នៃសរសៃខ្សែព្រាលដែលសកចេញពីដើមក្រចៅនោះ មកផលិតជាអង្រឹងសម្រាប់សម្រាកសម្រាន្តបានយ៉ាងងាយស្រួល និងយូរអង្វែងតាមសម័យកាលនោះផងដែរ ។

មកទល់ពេលនេះ អង្រឹងដែលផលិតចេញពីសរសៃក្រចៅ ដែលមានក្បាច់ក្បូរល្អស្អាតនោះ គឺជាស្នាដៃដូនចាស់ម្នាក់ឈ្មោះ ដាំ លូត មានអាយុ៨៦ឆ្នាំ (ជាក្រមុំចាស់) រស់នៅជាមួយចៅ៤នាក់ (ក្នុងនោះ ប្រុសម្នាក់ និងស្រី៣នាក់) ស្ថិតក្នុងភូមិរហាលសួងលិច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ហួសចុះទៅខាងក្រោមរោងចក្រជាង១០គីឡូម៉ែត្រទៀត ដែលសព្វថ្ងៃនេះមិនបានត្បាញអង្រឹងបានជាប្រចាំរាល់ថ្ងៃទេ គឺគាត់បានត្បាញនៅពេលដែលគាត់ទំនេរអផ្សុកតែប៉ុណ្ណោះ ដូច្នោះអង្រឹងមួយអាចត្បាញប្រើពេលយ៉ាងឆាប់មួយអាទិត្យដែរ ទើបត្បាញរួច។

ដែលអង្រឹងមួយមានទំហំទទឹងពី៦ទៅ៨តឹក និងបណ្តោយ២ម៉ែត្រ គេហៅថា អង្រឹង១២ខ្សែ ហើយអាចលក់បានក្នុងអង្រឹង១តម្លៃ៥ម៉ឺនទៅ៨ម៉ឺនរៀលតាមខ្នាតតូច ឬធំ ដូច្នោះបើសិនជាមានគេចង់បានច្រើនទាល់តែកុម្មង់ទុកជាមុន ហើយរង់ចាំពេលរួច ទើបអាចមកយកទៅប្រើប្រាស់បាន ។

អ្នកស្រី ចឹក ស៊ាត អាយុ៥៥ឆ្នាំ ជាមេភូមិរហាលសួង បានបញ្ជាក់ថា ក្នុងភូមិនេះសព្វថ្ងៃមានសល់អ្នកដែលចេះត្បាញអង្រឹងផលិតអំពីសរសៃព្រាល បកពីដើមក្រចៅមកនោះ មាននៅសល់តិចតួចណាស់ គឺប្រហែលជា២ផ្ទះតែប៉ុណ្ណោះ ព្រោះសម័យកាលនេះ គេមិនសូវត្រូវការ ព្រោះរបស់ធ្វើដោយដៃដែលមានរយៈពេលយូរអង្វែងទៀត។ ម្ល៉ោះហើយនាពេលអនាគតប្រាកដជាក្មេងៗជំនាន់ក្រោយមិនអាចបានស្គាល់អង្រឹងសម្រាប់សម្រាកនេះជាមិនខានឡើយ។

ហើយណាមួយប្រជាពលរដ្ឋដែលរស់នៅទីនេះក៏ដូច្នោះដែរ ដែលកាលមុនមានរោងចក្រផលិតសំបកបាវដំណើរការ គឺគ្រប់តាមផ្ទះប្រជាពលរដ្ឋតែងតែដាំដើមក្រចៅសម្រាប់លក់ឲ្យរោងចក្រផងដែរ តែពេលនេះគឺនៅសល់តិចតួចណាស់ ។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។




ចែករំលែកព័តមាននេះ