ខេត្តបាត់ដំបង៖ ជនសង្ស័យដែលពាក់ព័ន្ធក្នុងអំពើប្លន់ចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី២៧ កក្កដា ពេលដែលជនទាំង២នាក់ បានទៅសំងំលាក់ខ្លួននៅភូមិទូលតាឯក សង្កាត់ទូលតាឯក ក្រុងបាត់ដំបង ក្រោយធ្វើសកម្មភាព។

នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោកឈឿង គឹមសុង បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នោះ ម្នាក់ឈ្មោះ សំ សុខុម អាយុ៣៥ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ និង ម្នាក់ទៀត ឈ្មោះ សែម សុចាន់ អាយុ១៧ឆ្នាំ នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
លោកថា ជនទាំង២នាក់ ត្រូវបានកម្លាំងជំនាញរបស់លោកឃាត់ខ្លួនបានជាបន្តបន្ទាប់ ដែលជាប់ពាក់ព័ន្ធនឹងអំពើប្លន់យកម៉ូតូកាលពីយប់ថ្ងៃទី២៥ កក្កដា នៅក្បែរអាហារដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ដែលជនរងគ្រោះឈ្មោះ សាយ សុវឌ្ឍនា ប្រុសអាយុ៣៥ឆ្នាំ នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ និងក្រុមជនសង្ស័យជាមនុស្សស្គាល់គ្នា ហើយនៅយប់កើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅរកជនសង្ស័យ ដែលកំពុងផឹកស៊ីនៅក្នុងហាងមួយកន្លែង ត្រង់ចំណុចកើតហេតុ។ ប្រភពបានបញ្ជាក់ថា ពេលជនរងគ្រោះជិះម៉ូតូទៅដល់ ជួបជាមួយជនដៃដល់ ស្រាប់តែមានការឈ្លោះប្រកែកគ្នា។ ពេលនោះគេឃើញជនដៃដល់ទាំង២នាក់បានព្រូតវាយជនរងគ្រោះ ហើយមានម្នាក់បានទាញមួកសុវត្ថិភាពវាយទៅលើជនរងគ្រោះគ្មានប្រណីដៃ រហូតជនរងគ្រោះសន្លប់ រួចជនទាំង២នាក់ទាញម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់តែម្ដង។

លោកឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានថ្លែងថា ក្រោយពីហេតុការណ៍បានកើតឡើង កម្លាំងជំនាញរបស់លោកបានធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនបានទាំង២នាក់តែម្ដង។ លោកបានបញ្ជាក់ថា ក្រោយពីចាប់ខ្លួនបាន ជនទាំង២នាក់បានសារភាពថា ពួកខ្លួនពិតជាបានវាយប្លន់យកម៉ូតូជនរងគ្រោះមែន ក្រោយឈ្លោះប្រកែកគ្នាមួយប្រាវ។

លោក គឹមសុង បានបញ្ជាក់បន្ថែមថា ក្រោយពីប្លន់បានម៉ូតូ ជនទាំង២នាក់មិនហ៊ានជិះទេ តែបានយកទៅលាក់ទុកសិន ដែលពួកគេបំរុងយកទៅលក់ តែត្រូវកម្លាំងរបស់លោកបង្ក្រាបបានទាន់ពេល។ ពេលនេះ មន្ត្រីជំនាញកំពុងសួរនាំ ជនទាំង២នាក់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការហើយ៕
ចែករំលែកព័តមាននេះ