ខេត្តតាកែវ ៖ ប្រជាពលរដ្ឋឃុំព្រែកផ្ទោលរាប់រយនាក់ ផ្ទុះការតវ៉ាក្រោយពីព្រះមេគណនិងមន្ទីរធម្មការខេត្តតាកែវ ចេញសេចក្តីសម្រេចផ្សឹកព្រះភិក្ខុហ៊ឺ ស្រ៊ា ពីព្រះសង្ឃមិនឱ្យគង់នៅវត្តគំនូរបន្តទៀត នៅវេលាម៉ោង៣ និង២៥នាទីរសៀលថ្ងៃទី២៧ កក្កដា ។

ប្រភពឱ្យដឹងថា ប្រជាពលរដ្ឋប្រមាណជាង១០០នាក់ បាននាំគ្នាមកតវ៉ា បដិសេធលើសេចក្តីសម្រេចរបស់ព្រះមេគណខេត្ត និងមន្ទីរធម្មការនិងសាសនាខេត្តតាកែវ សម្រេចចាប់ផ្សឹកព្រះភិក្ខុ ហ៊ឺ ស្រ៊ា មិនអោយបួសគង់នៅក្នុងវត្តគំនូរបន្តទៀត ។ ករណីនេះដែរប្រជាពុទ្ធិបរិស័ទដែលគាំទ្រព្រះតេជគុណ ហ៊ឺ ស្រ៊ា មិនបញ្ចេញឈ្មោះដែលបានចូលរួមតវ៉ាគាំទ្រដែរនោះ បានលើកឡើងថា រឿងដែលមន្ទីរធម្មការ និងសាសនាខេត្តតាកែវ ចេញសេចក្តីសម្រេច គឺបណ្តាលមកពីព្រះតេជគុណ ហ៊ឺ ស្រ៊ា គង់នៅវត្តគំនូរ មិនព្រមគោរពតាមព្រះតេជគុណ ឧត្តមចរិយា ជុំ ចេង ព្រះអនុគណស្រុកអង្គរបូរី និង ជាព្រះចៅអធិការវត្តភ្នំបូរី ដែលបានសម្របសម្រួលដោះស្រាយរឿងអធិករ ដែលកើតឡើងនៅក្នុងវត្តគំនូរជាច្រើនលើកច្រើនសារមកហើយ ។

ដោយសូមឱ្យនិមន្តចាកចេញពីវត្តគំនូរ ចៀសវាងកុំអោយមានបញ្ហាវែងឆ្ងាយ រវាងព្រះសង្ឃនិងព្រះសង្ឃ ដែលមានជំលោះផ្ទៃក្នុងជាមួយគ្នានៅក្នុងវត្ត ដោយភាគីព្រះសង្ឃមួយអង្គទៀត បាននិមន្តចាកចេញពីវត្ត ក្រោយពីអនុគណស្រុកបានចេញសេចក្តីសម្រេច តែព្រះភិក្ខុ ហ៊ឺ ស្រ៊ា មិនព្រមគោរពនិមន្តចាកចេញពីវត្ត នៅទាមទាររកយុត្តិធម៌ ជាហេតុធ្វើអោយបញ្ហាកើតឡើងជាបទបញត្តិ វិន័យអភិធម្មសូត្រ ទើបបណ្តាលអោយរឿងតូចក្លាយជារឿងធំបែបនេះ រហូតព្រះមេគណខេត្តនិងមន្ទីររធម្មការនិងសាសនាខេត្តតាកែវ ចេញសេចក្តីសម្រេចផ្សឹកលោកតែម្តងក្នុងអង្គប្រជុំ។

ប្រជាពុទ្ធបរិស័ទនៅឃុំព្រែកផ្ទោលស្រុកអង្គរបូរី មានការតវ៉ានិងសោកស្តាយជាទីបំផុត ចំពោះព្រះភិក្ខុ ហ៊ឺ ស្រ៊ា ដែលបាននិមន្តលាចាកសិក្ខាបទនៅក្នុងអង្គប្រជុំគណៈសង្ឃព្រះមេគណខេត្ត ពីព្រះសង្ឃទៅជាគ្រហស្ស ស្នើសុំព្រះព្រះមេគណខេត្តនិងមន្ទីរធម្មការ និងសាសនាខេត្តតាកែវ មេត្តាពិចារណាអោយបានល្អិតល្អន់ជាមុនសិន ពីព្រោះភិក្ខុ ហ៊ឺ ស្រ៊ា ជាបុគ្គលមួយអង្គដែលមានស្នាដៃកសាងទីវត្តអារាមបានច្រើនជាងគេនៅក្នុងវិស័យព្រះពុទ្ធសាសនា ជាពិសេសនៅវត្តគំនូរជាហេតុធ្វើអោយពុទ្ធិបរិស័ទ្ធ គោរពស្រឡាញ់រាប់អានគ្រប់ៗគ្នា ។
លោក រស់ រ័ត្ត អភិបាលរងស្រុក តំណាងអោយលោកឌឹម គីមសាន អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី បានចុះទៅដល់វត្តគំនូរ ដើម្បីធ្វើការសម្របសម្រួលដល់ប្រជាពុទ្ធិបរិស័ទដែលចូលរួមតវ៉ា កុំអោយមានការជ្រួលច្របល់ ខុសនិតិវិធីច្បាប់ និង សេចក្តីសម្រេចរបស់ព្រះមេគណខេត្ត និងគណៈសង្ឃ រួមទាំងមន្ទីរធម្មការខេត្តតាកែវ។

ពីព្រោះរឿងនេះមានបញ្ហាយូរហើយនៅក្នុងវត្ត ដោយសារបុគ្គលសង្ឃមិនគោរពតាមឋានានុក្រមធម៌វិន័យសង្ឃ ជាហេតុធ្វើឱ្យអោយពុទ្ធបរិស័ទមួយចំនួនមានការភាន់ច្រឡំ ទៅដល់ព្រះអនុគណស្រុក និងអាជ្ញាធរដែនដីថា បានរំលោភបំពានសិទ្ធិបុគ្គលសង្ឃ តែបញ្ហានេះ ស្ថិតនៅលេីផ្នែកពុទ្ធិចក្រជាអ្នកដោះស្រាយតាមក្បួនច្បាប់ធម៌វិន័យ របស់ព្រះពុទ្ធសាសនា អាជ្ញាធរមានសិទ្ធិតែជាអ្នកសម្របសម្រួលតែប៉ុណ្ណោះ មិនមានសិទ្ធិឯណាមកកាត់សេចក្តីអោយឈ្នះចាញ់នោះទេ។
ក្រោយពីការបកស្រាយនិងពន្យល់នែនាំដោយ លោក រស់ រ័ត្ឋ អភិបាលរងស្រុករួចមក ប្រជាពុទ្ធបរិស័ទបានយល់ និងត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ដោយពុំមានការតវ៉ាបន្តទៀតឡើយ។
ចែករំលែកព័តមាននេះ