រាជធានីភ្នំពេញ ៖ តាមរយៈក្រសួងអប់រំយុវជន និងកីឡា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យបើកដំណើរការសកម្មភាពហាត់ប្រាណ និងលេងកីឡាឡើងវិញ ប៉ុន្តែត្រូវអនុវត្តវិធានការអនាម័យ ដើម្បីការពារឆ្លងជំងឺកូវីដ19 ។

ការដាក់ដំណើរការសកម្មភាពហាត់ប្រាណ និងការលេងកីឡារបស់រាជរដ្ឋាភិបាល បន្ទាប់ពីរដ្ឋាភិបាលបានឲ្យផ្អាកសកម្មភាពទាំងនេះមួយរយៈពេលកន្លងមកដោយសារជំងឺកូវីដ19 ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី 28 ខែកក្កដា ឆ្នាំ2020 បានលើកឡើងយ៉ាងដូច្នេះថា ក្រសួងអប់រំ អនុញ្ញាតឱ្យដំណើរការឡើងវិញនូវសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈ និងបរិវេណស្តាតអូឡាំពិក ក្រសួងអប់រំ បានសម្រេចអនុញ្ញាតឱ្យដំណើរការឡើងវិញ នូវសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈនៅតាមរាជធានី ខេត្ត និងក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ។

នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ចុះផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ។ ក្រសួងអប់រំបានបញ្ជាក់ថា «ដោយសារបច្ចុប្បន្ននេះការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាមានសភាពល្អប្រសើរ និងអាចគ្រប់គ្រងបាន និងដើម្បីលើកកម្ពស់ការថែទាំសុខភាព ផ្លូវកាយ និងផ្លូវចិត្តរបស់ពលរដ្ឋ តាមរយៈការហាត់ប្រាណ និងការលេងកីឡា ក្រសួងអប់រំ យុវជន និងកីឡាទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីដំណើរការឡើងវិញនូវសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈនៅតាមរាជធានី ខេត្ត និងក្នុងបវិវេណពហុកីឡដ្ឋានជាតិអូឡាំពិក លើកលែងតែសកម្មភាពហាត់ប្រាណតាមក្លិបកីឡា ដែលប្រើប្រាស់សម្ភារៈរួមគ្នា» ។

ក្រសួងអប់រំបន្តថា នៅក្នុងការអនុញ្ញាតឱ្យដំណើរការឡើងវិញនេះ ក្រសួងស្នើឱ្យទីកន្លែងហាត់ប្រាណ និងលេងកីឡាទាំងអស់ត្រូវបន្តគោរពតាមវិធានសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកយ៉ាង ត្រឹមត្រូវ និងម៉ឺងមាត់ដូចខាងក្រោម ៖
១ ៖ រក្សាអនាម័យជាប្រចាំដោយលាងសម្អាតដៃនឹងសាប៊ូ ទឹកអាល់កុល ដែលសម្លាប់មេរោគ ពាក់ម៉ាស់ និងវ៉ាស់កម្ដៅ
២៖ រក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយរក្សាចម្ងាយពីម្នាក់ទៅម្នាក់យ៉ាងតិច ១.៥ ម៉ែត្រ
៣៖ ទីកន្លែងហាត់ប្រាណ និងកន្លែងលេងកីឡា ត្រូវបាញ់ថ្នាំសម្លាប់មេរោគ និងធ្វើអនាម័យជាប្រចាំ
៤៖ ត្រូវធានាថា កន្លែងហាត់ប្រាណ និងកន្លែងលេងកីឡា មិនមែនជាកន្លែងឆ្លងជំងឺកូវីដ១៩ ។

ជាមួយគ្នានេះ ក្រសួងអប់រំសង្ឃឹម និងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងចូលរួមហាត់ប្រាណ និងលេងកីឡា ព្រមទាំងបន្តអនុវត្តនូវវិធានសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ប្រកបដោយការទទួលខុសត្រូវខ្ពស់ ៕
ចែករំលែកព័តមាននេះ