ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​៖​ត្រូវ​អនុវត្ត​តាម​អភិក្រម«​លឿន ត្រឹមត្រូវ យុត្តិ​ធម៌ និង​មិន​ពុក​រលួយ​»

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិ​ទ្ធ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២០ បាន​គូសបញ្ជាក់​ជំហ​​ដ៏​ម៉ឹង​ម៉ាត់​របស់​ក្រសួងយុត្តិធម៌…

ខេត្តបាត់ដំបង​ ៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិ​ទ្ធ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២០ បាន​គូសបញ្ជាក់​ជំហ​​ដ៏​ម៉ឹង​ម៉ាត់​របស់​ក្រសួងយុត្តិធម៌ ក្នុង​នាម​ជា​សេ​នាធិការ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ក្នុង​ការ​បន្ត​ពង្រឹង​អភិបាលកិច្ច​ល្អ​ ក្នុង​វិស័យ​យុត្តិធម៌ និង​ការ​ពង្រឹង​វិធានការ​វិន័យ ក្រមសីលធម៌ និង​ភាព​ស្អាតស្អំ​របស់​អង្គចៅក្រម សំដៅ​លើកកម្ពស់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​អង្គចៅក្រម​, លើកកម្ពស់​គុណភាព​នៃ​ការ​កាត់ក្តី​ប្រកបដោយ​ភាព​ត្រឹមត្រូវ និង​យុ​តិ្ត​ធម៌ ក៏​ដូច​ជា​លើកកម្ពស់​ការ​ផ្តល់​សេវា​យុត្តិធម៌​ឱ្យ​មាន​ភាព​ងាយស្រួល ឆាប់រហ័ស និង​ស្អាត​ស្អំ ដើម្បី​ពង្រឹង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​ចំពោះ​វិស័យ​យុត្តិធម៌​។

លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​មាន​ប្រសាសន៍​បន្ត​ថា «​សាលាឧទ្ធរណ៍​បាត់​ដំបង និង​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ គឺជា​សាលាឧទ្ធរណ៍​តំបន់ ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ដំបូង​គេ​បង្អស់​ ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ស្រប​តាម​ទិស​ដៅ​នៃ​កម្មវិធី​កំណែទម្រង់​ច្បាប់ និង​វិស័យ​យុត្តិធម៌ ដើម្បី​បង្ខិត​សេវា​យុត្តិធម៌​ឱ្យ​កាន់តែ​ខិត​ជិត​ប្រជាពលរដ្ឋ​»​។

លោក​រដ្ឋមន្ត្រីបាន​បន្ត​ក្រើនរំលឹក និង​ណែនាំ​ដល់​ចៅក្រម ព្រះរាជអាជ្ញា មន្ត្រី​តុលាការ និង​មន្ត្រីរាជការ​ទាំងអស់ អំពី​គោលការណ៍០៥ចំណុច ដូច​ខាងក្រោម ​៖

ទី​១-ចៅក្រម ព្រះរាជអាជ្ញា ក៏​ដូច​ជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ដ៏​ថ្លៃថ្លា​ទាំង​៥ របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី គឺ «​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​» ដើម្បី​ធ្វើ​ជា​គោលការណ៍​ក្នុង​ការ​អនុវត្ត​មុខងារ និង​ភារកិច្ច​របស់​ខ្លួន ក៏​ដូច​ជា​ក្នុង​ការ​ដឹកនាំ​អង្គភាព​សាលា​ជម្រះក្តី​។

ទី​២- ចៅក្រម ព្រះរាជអាជ្ញា ក៏​ដូច​ជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាព​ម៉ឺង​ម៉ាត់​របស់​ខ្លួន ក្នុង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ផ្តល់​ការ​កាត់ក្តី​មួយ​ប្រកបដោយ​អ​នា​គតិ ក្នុង​ការ​ធានា​ឱ្យ​បាន​នូវ​ភាព យុ​តិ្ត​ធម៌ ត្រឹមត្រូវ ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​គឺ​ការ​វៀរចាក​នូវ​អគតិ​ធម៌​ទាំង ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និង​មោហោ​គតិ ដូចដែល​ចៅក្រម ព្រះរាជអាជ្ញា​ទាំងអស់​បាន​ធ្វើ​សច្ចាប្រណិធាន នៅ​មុន​ពេល​ខ្លួន​ចូល​កាន់​តំណែង​។

ទី​៣-ចៅក្រម ព្រះរាជអាជ្ញា ក៏​ដូច​ជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​ឱ្យ​បាន​ម៉ឺង​ម៉ាត់​នូវ​វិន័យ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា ទាំង​ក្នុង​ពេល​បំពេញការងារ ទាំង​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។ ការ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជា​ជីវៈ​របស់​ខ្លួន គឺជា​ការ​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​លើកកម្ពស់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​កិត្យានុភាព​នៃ​អង្គចៅក្រម​ខ្លួនឯង ហើយ​វា​ជា​កត្តា​រួមចំណែក​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន ក្នុង​ការ​ពង្រឹង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​ចំពោះ​វិស័យ យុត្តិធម៌​។

ទី​៤-ចៅក្រម ព្រះរាជអាជ្ញា ក៏​ដូច​ជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ចូលរួម​ប្រកបដោយ​ឆន្ទៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​អនុវត្ត​នូវ​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំ​រឿង នៅ​តាម​សាលាដំបូង​រាជធានី​-​ខេត្ត ដែល​បាន​ដាក់​ចេញ​ដោយ​ក្រសួង​យុត្តិធម៌ កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា កន្លង​ទៅ​នេះ ដោយ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​តាម​អភិក្រម «​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុក​រលួយ​»​។

ទី​៥-ចៅក្រម ព្រះរាជអាជ្ញា ក៏​ដូច​ជា​មន្ត្រី​តុលាការ និង​មន្ត្រីរាជការ​ទាំងអស់ ត្រូវ​យក​ចិត្តទុកដាក់​ក្នុង​ការ​បំពេញការងារ ដោយ​ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង និង​ពង្រឹង កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ល្អជា​មួយ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធានា​នូវ​ដំណើរការ​ល្អ​នៃ​ស្ថាប័ន​តុលាការ ក៏​ដូច​ជា​ប្រសិទ្ធភាព​នៃ​ការ​បម្រើសេវា​យុ​តិ្ត​ធម៌​ឱ្យ​បាន​ត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ថ្លែង​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ជា​ផ្លូវការ របស់​លោក សម ប៊ុ​ន​ថុ​ន ដែល​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាលាឧទ្ធរណ៍​បាត់ដំបង​, លោក នួន សាន ដែល​ត្រូវ​បាន​តែងតាំង​ជា​អគ្គ​ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​បាត់ដំបង និង លោក គឺ ប៊ុ​ណ្ណា​រ៉ា ដែល​ត្រូវ​បាន​តែង តាំង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​៕

អត្ថបទសរសេរ ដោយ