រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលបានសម្រេចជាផ្លូវការនូវការផ្អាកជើងហោះហើរជាបណ្តោះអាសន្នមកពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដោយអនុវត្តចាប់ពីថ្ងៃទី១ សីហាខាងមុខនេះ ដើម្បីទប់ស្កាត់ និងកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសកូវីដ១៩ ពីខាងក្រៅ និងការបង្កើនការការពារសុខភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស ។

យ៉ាងណាមិញទាក់ទង និងការផ្អាកជើងហោះហើរទាំងពីរប្រទេសខាងលើនេះបើតាមលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មានប្រសាសន៍ថា « កាលណាយើងបិទជើងហោះហើរជាបណ្តោះអាសន្នភ្លាមៗ វានឹងប៉ះពាល់ហើយ ។ វាប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរណ៍វាប៉ះពាល់មកដល់អ្នកផ្គត់ផ្គង់នៅក្នុងស្រុក ផ្នែកបដិសណ្ឋារកិច្ច សណ្ឋាគារ អាហារដ្ឋាន ការដឹកជញ្ជូន ទីភ្នាក់ងារទេចរណ៍ខ្លះហើយ» ។

លោកស្រីបានបន្តថា «តើធ្វើម៉េច បើមានការរីករាលដាលបែបនេះ រាជរដ្ឋាភិបាលគិតថា ដើម្បីទប់ស្កាត់នៃជំងឺកូវីដ១៩នេះ យើងត្រូវតែធ្វើអ្វីម្យ៉ាង ។ ក្នុងនាមយើងជាវិស័យឯកជនយើងនូវតែគោរពតាមការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ឱ្យមានការទប់ស្កាត់បែបនេះសិនចុះ យើងចាំចាប់ផ្តើមជាថ្មីឡើងវិញនៅពេលណាយើងអាចទប់ស្កាត់បាន ហើយចាំគិតអំពីការស្តាអាជីវកម្មឡើងវិញ» ។

លោក តឹករ៉េត សំរេច ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរបានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកថា ឈានចូលដល់ឆ្នាំ ២០២០នេះស្ថានភាពការដឹកជញ្ជូនផ្លូវអាកាសត្រូវបាន កាត់បន្ថយយ៉ាងគំហុកដោយសារការរាតត្បាតជាសកលនៃមេរោគផ្លូវដង្ហើម COVID -19 ។
លោកសង្កត់ធ្ងន់ថា «ជាការពិតណាស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ យើងខ្ញុំក៏ទទួលរងនូវការប៉ះពាល់ពីការរាតត្បាតនេះដែរ ដែលតម្រូវអោយយើងកាត់បន្ថយ និងលុបជើងហោះហើរមួយចំនួនធំ ។ ទោះបីជាយ៉ាងណាក៏ដោយក៏ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ នៅតែបន្តកិច្ចប្រត្តិបត្តិការរបស់ខ្លួនប្រកបដោយមោទនភាព ដោយគោរពប្រត្តិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមស្តង់ដាអន្តរជាតិដូចជា សេចក្តីណែនាំរបស់អង្គការសុខភាពពិភពលោក និងគោលការណ៍របស់អាជ្ញាធរអាកាសចរណ៍ជាតិ-អន្តរជាតិនានា ជាពិសេសវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា »។
លោកលើកឡើងថា ក្នុងស្ថានភាពដ៏លំបាកនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ នៅតែខិតខំប្រឹងប្រែងយ៉ាងសស្រាក់ សស្រាំក្នុងការជួយដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរមកកាន់ទឹកដីកំណើតវិញ ពីរដ្ឋធានីញ៉ូដេលី ប្រទេសឥណ្ឌា និងដឹកប្រជាជនហ្វីលីពីន ពីរាជធានីភ្នំពេញទៅកាន់ រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ប្រកបដោយសុវត្ថិភាពខ្ពស់ ៕
ចែករំលែកព័តមាននេះ