ខេត្តព្រះសីហនុ ៖ បន្ទាប់ពីសកម្មភាពនៃការវិនិយោគអចលនទ្រព្យដូចជាដីធ្លីនិងសំណង់អាគារសណ្ឋាគារ កាស៊ីណូ និងសំណង់អាគារពាណិជ្ជកម្មផ្សេងៗនៅខេត្តព្រះសីហនុ ហាក់មានភាពអសកម្មខ្លាំង ចាប់តាំងពីមានការចាកចេញយ៉ាងគំហុកនៃជនជាតិចិនក្រោយការបិទហ្គេមអនឡាញទូទាំងប្រទេស គួបផ្សំនឹងការផ្ទុះនិងការរីករាលដាលនៃវីរុសកូវីដ ១៩ ជាសកលផងនោះ ស្រាប់តែពេលនេះខេត្តព្រះសីហនុហាក់ទទួលបានការចាប់អារម្មណ៍ឡើងវិញពីសំណាក់វិនិយោគិនទាំងជាតិនិងអន្តរជាតិ ដោយក្នុងនោះក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកនិងក្រៅស្រុក កំពុងរៀបចំជើងព្រូលក្នុងការស្វាគមន៍វិនិយោគិនដែលនឹងបោះទុនវិនិយោគនៅខេត្តនេះ ។

លោកស្រី ហ្គ្រែសរចនី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia បាន
អោយដឹងថាខេត្តព្រះសីហនុ ជាខេត្តជាប់មាត់សមុទ្រដែលមានសក្ដានុពលប្រហាក់ប្រហលនឹងទីក្រុងស៊ិនជិន នៃខេត្តក្វាងទុងនៃប្រទេសចិន ដែលជាទីក្រុងឧស្សាហកម្ម បច្ចេកវិទ្យា ពាណិជ្ជកម្មអន្តរជាតិទីក្រុងកំពង់ផែនិងជាទីកំណើតនៃតំបន់សេដ្ឋកិច្ចពិសេសដ៏ល្បីល្បាញលើពិភពលោក។

លោកស្រីបាននិយាយថា « អំណោយផលនេះ រួមផ្សំនឹងគោលនយោបាយអភិវឌ្ឍន៍ដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាលបានទាក់ទាញវិនិយោគបរទេសជាច្រើនមកខេត្តព្រះសីហនុ ជាពិសេសវិនិយោគិនចិន » ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ផងដែរថា ខេត្តព្រះសីហនុជាខេត្តមួយមានសក្ដានុពលក្នុងការអភិវឌ្ឍន៍អចលនទ្រព្យនិងជាប៉ូលទី២ក្នុងការអភិវឌ្ឍ នៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ជាក់ស្ដែងបើក្រលេកទៅមើលទិដ្ឋភាពរួមនៅក្នុងខេត្តនេះ គេឃើញថាមានការរីកចម្រើនទៅលើសំណង់អគារខ្ពស់ជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ។ អ្វីដែលក្រុមហ៊ុនភ្នាក់ងារ នៅកម្ពុជាត្រូវធ្វើគឺ ត្រូវមានជំនាញនិងវិជ្ជាជីវៈច្បាស់លាស់ទើបអ្នកវិនិយោគមកដល់ហើយគេពេញចិត្តនិងមិនចំណាយពេលវេលាច្រើនសម្រាប់ដំណើរការវិនិយោគរបស់ពួកគេ ។

លោកបានបន្តថា ក្នុងពេលដែលប្រទេសកំពុងប្រឈមនឹងបញ្ហា តម្រូវការទីផ្សារនិងភ្នាក់ងារអចលនទ្រព្យកាន់តែត្រូវការច្រើនឡើង ហើយសម្រាប់ក្នុងខេត្តព្រះសីហនុ ក៏ដូចជាខេត្តដទៃទៀតដែលមានសក្ដានុពលខ្ពស់ទៅលើវិស័យអចលនទ្រព្យ គឺត្រូវការអ្នកវិនិយោគក៏ដូចជាភ្នាក់ងារសម្របសម្រួលការវិនិយោគអចលនទ្រព្យមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ទើបផ្ដល់អត្ថប្រយោជន៍ពិតៗដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអាចលើកកម្ពស់ដល់ការវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ ។
ខណៈអ្នកជំនាញខាងអចលទ្រព្យបានលើកឡើងជាលក្ខណៈវិជ្ជមានថាវិស័យដីធ្លីនិងអចលទ្រព្យនៅខេត្តព្រះសីហនុ ហាក់កម្រើកឡើងវិញនោះ ម្ចាស់មូលដ្ឋានមួយចំនួនបែរជាលើកឡើងថា សភាពការណ៍ហាក់នៅទ្រឹងនៅឡើយ ព្រោះចំនួនអ្នកវិនិយោគជនជាតិចិននៅមានចំនួនតិចតួច ខណៈម្ចាស់ផ្ទះជួល ឬអ្នកខ្ចីលុយពីធនាគារសាងសង់អាគារឲ្យចិនសម្រាប់ជួលបើកជាស្នាក់ការក្រុមហ៊ុន ឬជួលបើកអាជីវកម្មផ្សេងៗកំពុងទួលទុក្ខដូចភ្នំ រុំព័ន្ធដោយបំណុលធនាគារ ។
«ការពិត មានអ្នកវិនិយោគិនចិនវិលត្រឡប់មកវិញខ្លះៗមែន តែមិនមានក្នុងចំនួនច្រើនទេ ខណៈអគារជាច្រើន រួមទាំងអគាររបស់ខ្ញុំក៏លែងមានជនជាតិចិនជួលដូចមុន ហើយបើសិនជារយៈពេល ៣ ឬ ៤ខែទៅមុខទៀត អត់មានសកម្មភាពជួលដីធ្លី និងអគារទៀតទេ នោះពិបាកនឹងទប់ទល់ជាមួយនឹងការប្រាក់នៅធនាគារណាស់» ។ នេះការលើកឡើងរបស់លោក សុវណ្ណ ដែលជាម្ចាស់អគារដាក់ជួលមួយកន្លែងនៅក្រុងព្រះសីហនុ ដែលកន្លងមកធ្លាប់ជួលឲ្យជនជាតិចិនបានចំណូលជាង ៤០០០ ដុល្លារក្នុងមួយខែ ។
លោកបានបន្តទៀតថា ការពិតមានគេដើរសួរនាំច្រើនរឿងទិញដី និងជួលអគារ តែសួរហើយក៏បាត់សូន្យ ហើយការដាក់ជួល ឬលក់ដីធ្លីនិងអគារគឺមានចំនួនច្រើន តែអត់សូវមានអ្នកទិញពិតប្រាកដ ៕
ចែករំលែកព័តមាននេះ