ស្របពេលដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថា ចាប់ពីកក្កដានេះតទៅ រាល់ការចេញស្លាកលេខរថយន្ត នឹងត្រូវបានដាក់ QR Code ទាំងអស់ ដើម្បីចៀសវាងការប្រើប្រាស់ស្លាកលេខក្លែងក្លាយ ឬលេខសេះហោះនោះ កន្លងទៅ គឺមានរថយន្តជាច្រើនរបស់ប្រជាពលរដ្ឋត្រូវបានក្រុមចោរមិនស្គាល់បានលួចដោះស្លាកលេខរថយន្តជាបន្តបន្ទាប់ ដើម្បីយកទៅបំពាក់នៅលើរថយន្តអត់ពន្ធ ។

ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែកក្កដានេះ ម្ចាស់អាខោហ្វេសប៊ុកមួយឈ្មោះ Young Young បានធ្វើការបង្ហោះព័ត៌មានដោយសរសេរថា សូមមេត្តាប្រុងប្រយ័ត្ន ចោរបានលួចដោះស្លាកលេខកាលពីយប់ថ្ងៃទី 27- 07-2020 បងបង្អូដែលទិញស្លាកលេខ សូមមេត្តាទាក់ទងមកលោកផ្ទាល់តែម្តង ។
ដោយឡែកតាមរយៈការឆ្លើយឆ្លងតាមប្រព័ន្ធទូរស័ព្ទជាមួយក្រុមការងារ 60Buzz ជនរងគ្រោះជាម្ចាស់រថយន្តបានឲ្យដឹងថា រថយន្តរបស់លោក គឺម៉ាកឡិចស៊ីស 470 ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩៩ ដោយក្រុមចោរបានលួចស្លាកលេខរថយន្តរបស់លោក ខណៈដែលលោកបានទុកនៅខាងមុខផ្ទះ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោកពិតជាមានការព្រួយបារម្ភជាខ្លាំង ដោយសារខ្លាចក្រុមចោរដែលលួចស្លាកលេខរថយន្តរបស់លោកហើយ គឺអាចយកទៅបំពាក់នៅលើរថយន្តផ្សេងៗ ដែលជាប្រភេទរថយន្តអត់ពន្ធ ។ លោកបានបញ្ជាក់ថា ពេលនេះលោកបានដាក់ពាក្យបណ្តឹងសមត្ថកិច្ចរួចហើយ ដើម្បីស្នើសុំទៅក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ធ្វើស្លាកលេខថ្មីមួយទៀត ៕

ចែករំលែកព័តមាននេះ