ខេត្តរតនគិរី ៖ កម្មករក្រុមហ៊ុនហ័ងអាន់យ៉ាឡាយ បានប្រទះឃើញសពបុរសម្នាក់នៅក្នុងចម្ការចេក ស្ថិតក្នុងស្ថានភាពរងរបួសពេញមុខ ដោយដងខ្លួនមានស្នាមមុខកាំបិតនិងដំបងដែលបង្ហាញយ៉ាងច្បាស់ថា ជាអំពើឃាតកម្ម ។ការប្រទះឃើញសពនេះ គឺកាលពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នៅចំណុចការដ្ឋានទីពីរក្នុងក្រុមហ៊ុនហ័ងអាន់យ៉ាឡាយ ស្ថិតក្នុងឃុំសេរីមង្គល ស្រុកកូនមុំ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញខេត្តកម្លាំងអធិការដ្ឋានស្រុកកូនមុំ និងកម្លាំងនគរបាលប៉ុស្ដិ៍ឃុំសិរីមង្គល បានទៅដល់កន្លែងប្រទះឃើញសពភ្លាមៗដែរ ។ បើតាមការពិនិត្យសពនេះ សមត្ថកិច្ចសន្និដ្ឋានថា ជាអំពើឃាតកម្មដោយវាយនឹងដំបង កាំបិត ហើយមានស្លាកស្នាមអារក និងវះមុខជាច្រើនកន្លែងទៀតផង ។
តាមការស្រាវជ្រាវ និងសាកសួរជុំវិញរឿងហេតុ ក៏បានស្គាល់អត្តសញ្ញាណជនរងគ្រោះហើយបានឱ្យដឹងថា នៅវេលាម៉ោងប្រហែល៨យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ គឹម សារឿន ហៅតុង អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានមកផឹកសុីជាមួយជនឈ្មោះ បាក់ ណាន ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងកំពត ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។ ក្រោយពីផឹកសុីរួច នៅម៉ោងប្រហែល១០យប់ បានបបួលគ្នាទៅរកឆ្លុះកង្កែប ហើយក៏បានបាត់តាំងពីពេលនោះរហូតមក ។

លុះនៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី២៤ ខែកក្កដា ទើបទទួលបានព័ត៌មានថា មានកម្មករបានប្រទះឃើញសព ។ ក្រោយពីសមត្ថកិច្ចចុះទៅដល់ ហើយពិនិត្យនិងធ្វើកោសល្យវិច័យរួចរាល់ ក៏បានប្រគល់សពឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកឯជនសង្ស័យឈ្មោះ បាក់ ណាន ទើបតែមកធ្វើកម្មករបាន១០ថ្ងៃប៉ុណ្ណោះ ហើយស្នាក់នៅក្នុងផ្ទះជាមួយជនរងគ្រោះដែរ ដែលក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ។
ចំពោះភស្ដុតាងដែលបន្សល់ទុកនៅកន្លែងប្រទះឃើញសពមាន ស្បែកជើង២គូ កាំបិតតូចចុងស្រួចមួយ ដំបងឈើ២កំណាត់មានប្រឡាក់ឈាមជាប់នៅតិចៗ ។ពេលនេះ សមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវ និងតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ