ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ក្រឡា ហោម ៖ សាងសង់​សារៈមន្ទីរ​នគរបាល​ជាតិ គឺជា​រឿង​សំខាន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា សម្ដេច​ក្រឡា ហោម ស ខេ​ង…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា សម្ដេច​ក្រឡា ហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ឲ្យ​ដឹង​ថា គម្រោង​សាងសង់​សារៈមន្ទីរ​នគរបាល​ជាតិ គឺជា​រឿង​សំខាន់ និង​ចាំបាច់ ជា​ពិសេស គឺ​អាច​យក​ទីតាំង​សារៈមន្ទីរ ដើម្បី​ណែនាំ​ដល់​ប្រទេស​ជិតខាង​បាន​ចូល​ទស្សនា​អំពី​វីរៈភាព​របស់​សមត្ថកិច្ច​ប៉ូលិស​ក្នុង​ការ​បំពេញការងារ ។

ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំ (២០១៥-២០១៩) និង​លើក​ទិស​ដៅ​ការងារ​សម្រាប់​រយៈពេល​៥​ឆ្នាំ បន្ត​របស់​បណ្ឌិត្យសភា​នគរបាល​កម្ពុជា សម្ដេច​ក្រឡាហោម ស ខេ​ង បាន​បញ្ជាក់​ថា គម្រោង​សាងសង់​សារៈមន្ទីរ​នគរបាល​ជាតិ គួរ​ជ្រើសរើស​ទីតាំង​នៅ​ក្នុង​ក្រុង ព្រោះ​វា​ជា​ផ្នែក​មួយ​ក្នុង​ចំណោម ៦​ចំណុច ដើម្បី​ជំរុញ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ​បន្ត​របស់​បណ្ឌិត្យសភា​ឱ្យ​ទទួល​បាន​ជោគជ័យ និង​សមិទ្ធផល​ថ្មី​ៗ​បន្ថែម​ទៀត ដែល​មាន​ដូច​ខាងក្រោម ៖ ទី​១. អគ្គនាយកដ្ឋាន​ភស្តុ​ភារ និង​ហិរញ្ញវត្ថុ ត្រូវ​ពិនិត្យ​ឡើង​វិញ លើ​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ​២០២១ របស់​បណ្ឌិត្យសភា​ដែល​បាន​កាត់​ចេញ និង​ត្រូវ​ខិតខំ​សម្របសម្រួល​ជាមួយ​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​រក្សា​កញ្ចប់​ថវិកា​តាម​សំណើ​របស់​បណ្ឌិត្យសភា​នគរបាល​កម្ពុជា សម្រាប់​គាំទ្រ​ដល់​វគ្គ​សិក្សា​នានា​ដែល​ត្រូវ​បណ្តុះបណ្តាល ។

ទី​២. អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ផ្ដល់​តម្លៃ និង​ការ​លើកទឹកចិត្ត​ដល់​មន្ត្រី​ដែល​មាន​សមត្ថភាព និង​គុណវុឌ្ឍិ​គ្រប់គ្រាន់ ដែល​បញ្ចប់​ការ​សិក្សា​នៅ​បណ្ឌិត្យសភា ឬ​នៅ​ក្រៅប្រទេស ។ ទី​៣. បណ្ឌិត្យសភា​ត្រូវ​បន្ដ​កសាង​វប្បធម៌​គុណភាព ក្នុង​ការ​បណ្ដុះបណ្ដាល​កងកម្លាំង​នគរបាល ឱ្យ​មាន​សមត្ថភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ពិតប្រាកដ ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​សង្គម​ជាតិ ។

ទី​៤.​បណ្ឌិត្យសភា​ត្រូវ​ជំរុញ​ការងារ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នគរបាល និង​ត្រូវ​ប្រមូល​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​ការ​ប្រើប្រាស់​ធនធានមនុស្ស​ដែល​បាន​បណ្ដុះបណ្ដាល​រួច នៅ​តាម​អង្គភាព​ប្រើប្រាស់​កងកម្លាំង​នានា ។ ទី​៥. ទាក់ទង​ទៅ​នឹង​សារៈមន្ទីរ​នគរបាល​ជាតិ ដែល​គ្រោង​សង់​ថ្មី ក្នុង​បរិវេណ​បណ្ឌិត្យសភា​ក្នុង​ន័យ​នេះ សម្តេច​ក្រឡាហោម ស្នើ​សុំ លោក បណ្ឌិត ចាន់ អ៊ា​ន លោក​បណ្ឌិត ម៉ៅ ប៊ុ​ណ្ណា​រិ​ន លោក សេង យូ​អ៊ា​ន់ និង​លោក សេង ផ​ល្លី ត្រូវ​ជួប​ប្រជុំ​ពិភាក្សា​គ្នា​អំពី​ការ​ផ្ទេរ​ការ​គ្រប់គ្រង និង​ការ​សាងសង់​សារៈមន្ទីរ​នគរបាល​ជាតិ​នេះ ។

ទី​៦. បណ្ឌិត្យសភា​ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​ណែនាំ​នានា ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ដូច​ជា ការ​ពាក់​ម៉ាស់ ការ​លាងដៃ​នឹង​សាប៊ូ ជែ​ល អាល់កុល ការ​វាស់​កម្ដៅ ការ​រក្សា​គម្លាត​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ