រាជធានីភ្នំញ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា បានឲ្យដឹងថា ការបើកប្រាក់ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រ ងាយរងគ្រោះពីជំងឺកូវីដ១៩ លើកទី១ ប្រចាំខែមិថុនាបានបញ្ចប់ហើយ ។ ហើយការបើកប្រាក់ឧបត្ថម្ភលើកទី២ នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះទៅ ។

ការបើកប្រាក់ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រលើកទី២ ក្នុងខែកក្កដានេះ ក្រសួងបានប្រាប់ឲ្យដឹងថា ចំពោះគ្រួសារដែលបានផ្ទៀងផ្ទាត់ឈ្មោះនៅខែមិថុនា រួចហើយអាចទៅបើកប្រាក់នៅតាមបញ្ជីវីងណាមួយ ដោយមិនតម្រូវឲ្យមកសាលាឃុំ សង្កាត់សារជាថ្មីទៀតទេ ។

ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានបណ្ណសមធម៌មានសុពលភាព ហើយមិនទាន់បានផ្ទៀងផ្ទាត់នៅក្នុងមិថុនា និងគ្រួសារក្រីក្រដែលទើបទទួលបានបណ្ណសមធម៌ថ្មី សូមអញ្ជើញទៅផ្ទៀងផ្ទាត់ឈ្មោះនៅសាលាឃុំ សង្កាត់ណាមួយ ដើម្បីទទួលបានការឧបត្ថម្ភសម្រាប់ខែកក្កដា ។
បើតាមក្រសួងសង្គមកិច្ចការផ្តល់ប្រាក់ឧបត្ថម្ភក្នុងខែកក្កដានេះមានរយៈពេល៣០ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ខែកក្កដាតទៅ ។
ក្រសួងសង្គមកិច្ចឲ្យដឹងថា ការផ្តល់ប្រាក់ឧបត្ថម្ភជុំទី១ នាខែមិថុនា បានផ្តល់ប្រាក់ជូនពលរដ្ឋចំនួន ៥៣០ ៨៣៨គ្រួសារ គិតជាចំនួនពលរដ្ឋ ២ ១៥៣ ១១៤នាក់ ដោយរដ្ឋបានចំណាយថវិកា៩៤ ៥៥១ ៨៧៦ ០០០រៀល ។
ក្រសួងមិនបានប្រាប់ចំនួនពលរដ្ឋដែលទទួលប្រាក់ឧបត្ថម្ភនៅក្នុងខែកក្កដានេះ មានចំនួនប៉ុន្មាននោះទេ ប៉ុន្តែកន្លងមកមន្ត្រីធ្លាប់ឲ្យដឹងថា ពលរដ្ឋក្រីក្រីដែលទទួលប្រាក់ឧបត្ថម្ភនៅខែកក្កដានេះនឹងមានចំនួនច្រើនជាងខែមិថុនា ៕
ចែករំលែកព័តមាននេះ