ខេត្តរតនគិរី ៖ ស្វាចំនួន៣ក្បាលនិងពស់ថ្លាន់១ក្បាល ត្រូវបានលោក ថុន ស៊ូខុន អនុ
ប្រធានការិយាល័យឧទ្យានជាតិនៃមន្ទីរបរិស្ថានខេត្ត បានយកទៅលែងឱ្យចូលព្រៃធម្មជាតិ ក្នុងឧទ្យានជាតិវើនសៃសៀមប៉ាង ។ការលែងសត្វព្រៃទៅក្នុងឧទ្យានជាតិនេះ ធ្វើឡើងកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកវើនសៃ នគរបាលស្រុក និងលោកមេឃុំវើនសៃផងដែរ ។

លោក ថុន ស៊ូខុន ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ សូមចូលរួមការពារនិងអភិរក្សសត្វព្រៃ កុំមានការបរបាញ់ ជួញដូរទិញលក់បរិភោគ និងចិញ្ចឹមសត្វព្រៃគ្រប់ប្រភេទ ព្រោះជាទង្វើខុសច្បាប់ ។មន្ទីរបរិស្ថាន តែងតែធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីតំបន់ការពារធម្មជាតិនៅតាមមូលដ្ឋាន ពិសេសនៅតាមភូមិ ឃុំ ដែលជាប់នឹងតំបន់ការពារនោះផងដែរ ។
ថ្មីៗនេះ កម្លាំងឧទ្យានុរក្សក៏បានធ្វើការបង្ក្រាបករណីបរបាញ់សត្វព្រៃផងដែរ និងបញ្ជូន
សំណុំរឿងទៅសាលាដំបូង ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាបន្តបន្ទាប់ ។កាលពីថ្ងៃទី២៤ ខែកក្កដាកន្លងទៅ ពស់ថ្លាន់១ក្បាលបានលូនចូលផ្ទះអ្នកភូមិរកស៊ីមាន់ ហើយត្រូវអ្នកភូមិប្រទះឃើញក៏ចាប់ប្រគល់ឱ្យមន្ត្រីបរិស្ថានយកទៅលែងនៅក្នុងឧទ្យានជាតិ ។ការប្រទះឃើញពស់ថ្លាន់មួយក្បាលទម្ងន់១០គីឡូក្រាមនេះ គឺនៅផ្ទះរបស់លោក កែវ សាង នៅភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង ។

ក្រោយពីប្រទះឃើញ គាត់ក៏ចាប់យកទៅប្រគល់ឱ្យមន្ត្រីបរិស្ថាន ដើម្បីយកទៅលែងនៅក្នុងព្រៃឧទ្យានជាតិតាមរយៈលោក ថុន ស៊ូខុនអនុប្រធានការិយាល័យឧទ្យានជាតិនៃមន្ទីរបរិស្ថានខេត្ត ។ លោក កែវ សាង បានឱ្យដឹងថា គាត់ចាប់បានពស់ថ្លាន់ចំនួន២ក្បាលហើយ ដែលមួយក្បាលមានទម្ងន់៥គីឡូក្រាម ប៉ុន្តែគាត់មិនបានប្រគល់ឱ្យ
មន្ទីរបរិស្ថានទេ គឺបានយកទៅលែងនៅបឹងយក្សឡោម ។

លុះលើកនេះគាត់ចាប់បានពស់ថ្លាន់មួយក្បាលទៀតទម្ងន់១០គីឡូក្រាម ក៏ប្រុងយកទៅលែងនៅបឹងយក្សឡោមទៀតដែរតែខ្លាចវាមកស៊ីមាន់បន្តទៀត ដូច្នេះគាត់ក៏សម្រេចចិត្តយកទៅប្រគល់ឱ្យដល់មន្ត្រីឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្ត ដើម្បីយកទៅលែងនៅព្រៃឧទ្យានជាតិ ។

លោក កែវ សាង ជាពលរដ្ឋម្នាក់រស់នៅខេត្តរតនគិរី មិនដែលប៉ះពាល់សត្វព្រៃឬសត្វណាដែលច្បាប់ហាមឃាត់មិនឱ្យបរិភោគឡើយព្រោះគាត់យល់ឃើញថា សត្វទាំងនេះគឺជាសត្វកម្រ ហេតុដូចនេះបានជាគាត់មិនដែលបរិភោគសត្វព្រៃនិងសត្វកម្រនោះទេ ។ គាត់គិតថា ទុកឱ្យខាងដែនឧទ្យានជាតិដែនជម្រកសត្វព្រៃយកទៅអភិរក្ស ដើម្បីទុកឱ្យអ្នកជំនាន់ក្រោយបានឃើញផង ៕
ចែករំលែកព័តមាននេះ